Category: អន្តរជាតិ

  • ប្រទេស​បារាំង ៖ ផ្ទុះ​ធំ​ក្នុង​រោងចក្រ​ឧស្សាហកម្ម មនុស្ស​រាប់សិប​នាក់​រង​ផលប៉ះពាល់

    ប្រទេស​បារាំង ៖ ផ្ទុះ​ធំ​ក្នុង​រោងចក្រ​ឧស្សាហកម្ម មនុស្ស​រាប់សិប​នាក់​រង​ផលប៉ះពាល់

    រោងចក្រ​ឧស្សាហកម្ម​ដែល​កើតមាន​ករណី​ផ្ទុះ​នេះ គឺជា​ប្រភេទ​ដែល​ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជី​ឈ្មោះ​ស្ដីពី​បណ្ដា​រោងចក្រ​ដែល «មាន​ហានិភ័យ​បង្ក​មហន្តរាយ Seveso កម្រិត​ខ្ពស់»។

    កាលពី​រសៀល​ថ្ងៃទី ០៣ សីហា នៅឯ​រោងចក្រ​ឧស្សាហកម្ម​មួយ​នៅក្នុង​ទីក្រុង Bergerac ភាគ​អាគ្នេយ៍​នៃ ប្រទេស​បារាំង បានកើត​មាន​ហេតុការណ៍​ផ្ទុះ​ធំ​មួយ បណ្ដាលឱ្យ​មនុស្ស ៨ នាក់​រងរបួស ក្នុងនោះ​មាន​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

    យោងតាម​ក្រុមមន្ត្រី​ក្នុង​តំបន់ ករណី​ផ្ទុះ​នៅឯ​រោងចក្រ Manuco ខាងលើនេះ ក៏បាន​បណ្ដាលឱ្យ​មនុស្ស ៣៥ នាក់​ផ្សេងទៀត មាន​អាការ​ពុល​ដោយសារ​ផ្សែង​គីមី។ បុគ្គលិក​ពន្លត់​អគ្គិភ័យ និង​ប៉ូលិស​ចំនួន ៨០ នាក់ និង​ឧទ្ធម្ភាគចក្រ ២ គ្រឿង រួម​នឹង​រថយន្ត​ពន្លត់​អគ្គិភ័យ​ច្រើន​គ្រឿង ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ។

    រោងចក្រ Manuco ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Eurenco ដែល​រកស៊ី​ក្នុង​វិស័យ​ចាត់ចែង ផលិត ប្រើប្រាស់ និង​រក្សាទុក​វត្ថុ​ធាតុគីមី​គ្រោះថ្នាក់។ រោងចក្រ​នេះ​ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជី​ឈ្មោះ​ស្ដីពី​បណ្ដា​រោងចក្រ​ដែល «មាន​ហានិភ័យ​បង្ក​មហន្តរាយ Seveso កម្រិត​ខ្ពស់»។

    គ្រោះមហន្តរាយ Seveso គឺជា​គ្រោះថ្នាក់​ដែល​កើតឡើង​នៅក្នុង​រោងចក្រ​គីមី នៅ ប្រទេស​អ៊ីតាលី កាលពី​ឆ្នាំ ១៩៧៦ ដែល​បណ្ដាលឱ្យ​គីមី​ពុល ៦ តោន ត្រូវ​បែកធ្លាយ និង​ភាយ​ទៅក្នុង​បរិស្ថាន បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាជន​ក្នុង​តំបន់។

    នៅ ប្រទេស​បារាំង បច្ចុប្បន្ន​មាន​រោងចក្រ​ឧស្សាហកម្ម​ចំនួន ៧០៥ កន្លែង ស្ថិតក្នុង «ហានិភ័យ​បង្ក​មហន្តរាយ Seveso កម្រិត​ខ្ពស់» ខណៈដែល​រោងចក្រ ៦០៧ កន្លែង​ផ្សេងទៀត ស្ថិតក្នុង​ហានិភ័យ​ទាប។

    កាលពី​ឆ្នាំ ២០១៩ ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅឯ​រោងចក្រ Lubrizol (ស្ថិតក្នុង​ប្រភេទ Seveso ខ្ពស់) នៅ​ទីក្រុង Rouen ​ប្រទេស​បារាំង បាន​បណ្ដាលឱ្យ​មនុស្ស​ច្រើន​នាក់​រងរបួស ក្នុងនោះ​មាន ៨ នាក់ ត្រូវ​ចូល​ពេទ្យ៕

  • សភា​ជាន់ខ្ពស់​សហរដ្ឋ​​អាម៉េរិក អនុម័ត​បញ្ចូល ហ្វាំ​ង​ឡង់ និង ស៊ុយអែត ជា​សមាជិក​ណា​តូ

    សភា​ជាន់ខ្ពស់​សហរដ្ឋ​​អាម៉េរិក អនុម័ត​បញ្ចូល ហ្វាំ​ង​ឡង់ និង ស៊ុយអែត ជា​សមាជិក​ណា​តូ

    សភា​ជាន់ខ្ពស់​របស់ សហរដ្ឋ​អា​ម៉​រិ​ក អនុម័ត​ឱ្យ ហ្វាំ​ង​ឡង់ និង ស៊ុយអែត ចូល​ជា​សមាជិក​របស់ ណា​តូ ព្រមទាំង​គាំទ្រ​ឱ្យ​ពង្រីក​សម្ព័ន្ធមិត្ត​យោធា​នេះ។

    កាលពី​ថ្ងៃទី ០៣ សីហា សភា​ជាន់ខ្ពស់​អាម៉េរិក បានអនុម័ត​លើ​ពាក្យ​សុំចូល​ជា​សមាជិក​ណា​តូ របស់ ប្រទេស​ហ្វាំ​ង​ឡង់ និង ប្រទេស​ស៊ុយអែត ក្នុងនោះ​មាន​សន្លឹកឆ្នោត​គាំទ្រ​ចំនួន ៩៥ សំឡេង និង​ប្រឆាំង ១ សំឡេង។

    សំឡេងឆ្នោត​ប្រឆាំង​តែមួយគត់​នេះ​គឺ​របស់ តំណាងរាស្ត្រ Josh Hawley មកពី​បក្ស​សាធារណរដ្ឋ ជា​អ្នក​ដែល​យល់ថា សហរដ្ឋ​អាម៉េរិក ត្រូវការ​ការផ្ដោត​ទៅលើ​ឧបសគ្គ​ពី ប្រទេស​ចិន ជាជាង អឺរ៉ុប។ ចំណែក​តំណាងរាស្ត្រ ១ រូប​ដែល​បាន​បោះឆ្នោត​អនុបវាទ គឺ Rand Paul មកពី​បក្ស​សាធារណរដ្ឋ។

    ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន បានឱ្យដឹងថា កំពុង​ទន្ទឹងរង់ចាំ​ចុះហត្ថលេខា​អនុម័ត​លើ​ឯកសារ ដែលជា​ការសម្រេច​មួយ​នាំឱ្យ សហរដ្ឋ​អាម៉េរិក ក្លាយជា​សមាជិក​ទី ២៣ ដែល​យល់​ព្រមឱ្យ ស៊ុយអែត និង ហ្វាំ​ង​ឡង់ ចូល «រួមរស់» ជាមួយ ណា​តូ នៅក្នុង​ចំណោម​សមាជិក​ទាំង ៣០ ប្រទេស​របស់​សម្ព័ន្ធ​យោធា​នេះ។

    ប្រទេស​ហ្វាំ​ង​ឡង់ និង ស៊ុយអែត នឹង​ក្លាយជា​សមាជិក បន្ទាប់ពី​ប្រទេស​ទាំងអស់​នៅក្នុង អង្គការ​ណា​តូ បាន​បោះឆ្នោត​អនុម័ត​យល់ព្រម។ ប្រទេស​ដែល​មិនទាន់​អនុម័ត​លើ​ពាក្យស្នើសុំ​នេះ រួមមាន សាធារណរដ្ឋ​ឆែក, ​ប្រទេស​ក្រិ​ក, ហុង​គ្រី, ព័រទុយហ្កាល, ស្លូ​វ៉ា​គី, អេ​ស្ប៉ា​ញ និង​តួ​ក​គឺ៕

     

  • ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន នៅតែ​វិជ្ជមាន​នឹង​វីរុស​កូ​វីដ-១៩

    ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន នៅតែ​វិជ្ជមាន​នឹង​វីរុស​កូ​វីដ-១៩

    ក្នុង​ប្រកាស​របស់ សេត​វិមាន វេជ្ជបណ្ឌិត Kevin O’Connor ឱ្យដឹងថា ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន បន្ត​វិជ្ជមាន​នឹង​វីរុស​កូ​វីដ-១៩។

    វេជ្ជបណ្ឌិត Kevin O’Connor ដែលជា​អ្នកទទួលខុសត្រូវ​លើ​សុខភាព​ផ្ទាល់ខ្លួន​របស់ ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន បានឱ្យដឹងថា មេដឹកនាំ​រូបនេះ កាលពី​ថ្ងៃទី ០២ សីហា បន្ត​ទទួលបាន​លទ្ធផល​វិជ្ជមាន​នឹង​វីរុស​កូ​វីដ-១៩។

    ប្រកាស​ខាងលើ​ក៏បាន​បញ្ជាក់ថា លោក បៃ​ដិ​ន នៅមាន​សុខភាព​ល្អ កម្លាំង​មាំមួន បើទោះជា​លោក​មាន​អាការ​ក្អកស្រាលៗជាថ្មី។ វេជ្ជបណ្ឌិត Kevin O’Connor បន្តថា ប្រធានាធិបតី​អាម៉េរិក «មិនមាន​អាការ​ក្ដៅខ្លួន និង​មាន​អារម្មណ៍ល្អ»។

    លោក ចូ បៃ​ដិ​ន បាន​ឆ្លង​កូ​វីដ-១៩ កាលពី​ថ្ងៃទី ២១ កក្កដា និង​បាន​អវិជ្ជមាន​នឹង​វីរុស​នេះ​កាលពី​ពាក់កណ្ដាល​សប្ដាហ៍​មុន ប៉ុន្តែ​ទទួលបាន​លទ្ធផល​វិជ្ជមាន​ឡើងវិញ​កាលពី​ចុង​សប្ដាហ៍​កន្លង។ វេជ្ជបណ្ឌិត O’Connor បាន​បកស្រាយ​ថា នេះ​គឺជា​បាតុភូត «រើ​ឡើងវិញ» ដែលមាន​អត្រា​ទាប​ចំពោះ​អ្នកជំងឺ​ដែល​ប្រើ​ថ្នាំ​ប្រឆាំង​វីរុស Paxlovid៕

  • កូរ៉េខាងជើង ថ្កោលទោស​ដំណើរ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់ របស់ ប្រធានសភា​ជាន់​ទាប​អាម៉េរិក

    កូរ៉េខាងជើង ថ្កោលទោស​ដំណើរ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់ របស់ ប្រធានសភា​ជាន់​ទាប​អាម៉េរិក

    កូរ៉េខាងជើង បាន​ហៅ​ដំណើរ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់ របស់ ប្រធានសភា​ជាន់​ទាប​អាម៉េរិក ថា «ជាការ​ជ្រៀតជ្រែក​យ៉ាង​គឃ្លើន» របស់ សហរដ្ឋ​អាម៉េរិក ទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់ ប្រទេស​ចិន។

    «ការជ្រៀតជ្រែក​យ៉ាង​គឃ្លើន​របស់ សហរដ្ឋ​អាម៉េរិក ទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ និង​សកម្មភាព​បង្កហេតុ​ផ្នែក​នយោបាយ យោធា ដោយមាន​ចេតនា​របស់​ប្រទេស​នេះ គឺ​ពិតជា​មូលហេតុ​ចម្បង​ដែល​បណ្ដាលឱ្យ​សន្តិភាព សន្តិសុខ​ក្នុង​តំបន់ ត្រូវ​រង​ការរំលោភបំពាន» អ្នកនាំពាក្យ​នៃ ក្រសួងការបរទេស​កូរ៉េខាងជើង ថ្ងៃនេះ (០៣ សីហា) ប្រកាស​ដូច្នេះ។

    អ្នកនាំពាក្យ​ខាងលើ បន្ថែមថា «តៃវ៉ាន់ គឺជា​ផ្នែក​មួយ​ដែល​មិនអាច​កាត់ផ្ដាច់​បាន​រប​ស់ ប្រទេស​ចិន ហើយ​បញ្ហា កោះ​តៃវ៉ាន់ គឺ​ទាក់ទិន​នឹង​កិច្ចការ​ផ្ទៃក្នុង​របស់ ប្រទេស​ចិន»។

    ប្រកាស​របស់ កូរ៉េខាងជើង ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី ប្រធានសភា​ជាន់​ទាប​អាម៉េរិក លោកស្រី Nancy Pelosi បាន​បំពេញ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី ០២ សីហា ជា​ដំណើរ​ទស្សនកិច្ច​របស់ មន្ត្រីជាន់ខ្ពស់​បំផុត​នៃ សហរដ្ឋ​អាម៉េរិក មកកាន់​កោះ​នេះ​ក្នុងអំឡុង ២៨ ចុងក្រោយ​នេះ ធ្វើឱ្យ​ភាព​តានតឹង​រវាង សហរដ្ឋ​អាម៉េរិក និង ចិនដីគោក ឡើង​កម្ដៅ​ថែម​មួយកម្រិត​ទៀត។

    ចិនដីគោក គឺជា​សម្ព័ន្ធមិត្ត​យូរ​ឆ្នាំ និង​ជា​ដៃគូ​សេដ្ឋកិច្ច​ធំ​បំផុត​របស់ កូរ៉េខាងជើង។ ទីក្រុង​ព្យុងយ៉ាង បានប្រកាស​គាំទ្រ​ដល់ ទីក្រុង​ប៉េកាំង ក្នុងការ​ថ្កោលទោស​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi។

    កងទ័ព​ចិន និយាយថា កងកម្លាំង​របស់​ប្រទេស​នេះ​កំពុងស្ថិត​ក្នុងការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់ និង​ត្រៀម​ឆ្លើយតប​នឹង​ដំណើរ​ទស្សនកិច្ច​នេះ។ អាជ្ញាធរ​ចិន ប្រកាសថា នឹងធ្វើ​សមយុទ្ធ​យោធា​នៅ​ជុំវិញ កោះ​តៃវ៉ាន់ ចាប់ពី​ថ្ងៃទី​នេះ (០៣ សីហា)។

    ស្ថាប័ន​ការ​ពារ​កោះតៃវ៉ាន់ បាន​ឱ្យ​ដឹង​ថា យន្តហោះ​យោធា​ចិន​ ​ជាង ២០ គ្រឿង​ បាន​ហោះ​ចូល​ក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការ​ពារដែន​អាកាស​របស់​កោះ​នេះ​ក្នុង​ថ្ងៃទី ០២ សីហា​៕

  • ចិន កោះហៅ​ ឯក​អគ្គរដ្ឋទូត​អាម៉េរិក ព្រោះតែ​ដំណើរ​ទស្សនកិច្ច​កោះ​តៃវ៉ាន់ របស់លោក​ស្រី Pelosi

    ចិន កោះហៅ​ ឯក​អគ្គរដ្ឋទូត​អាម៉េរិក ព្រោះតែ​ដំណើរ​ទស្សនកិច្ច​កោះ​តៃវ៉ាន់ របស់លោក​ស្រី Pelosi

    រដ្ឋាភិបាល​ចិន បាន​កោះហៅ ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​ទីក្រុង​​ប៉េកាំង ដើម្បី​រិះគន់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ ប្រធានសភា​ជាន់​ទាប​អាម៉េរិក Nancy Pelosi ដែល​បានធ្វើ​ទស្សនកិច្ច​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី ០២ សីហា។

    ក្នុង​ការជជែក​ជាមួយ ឯកអគ្គរដ្ឋទូត​អាម៉េរិក Nicholas Burns អនុរដ្ឋមន្ត្រី​ការបរទេស​ចិន Xie Feng បាន​សម្ដែង «ការប្រឆាំង​តវ៉ាយ៉ាងខ្លាំង​ក្លា» ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ ប្រធានសភា​ជាន់​ទាប​អាម៉េរិក លោកស្រី Nancy Pelosi នៅ កោះ​តៃវ៉ាន់ ជាទី​ដែល ប៉េកាំង ចាត់ទុកថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​រង់ចាំតែ​ការបង្រួបបង្រួមប៉ុណ្ណោះ។

    អនុរដ្ឋមន្ត្រី​ការបរទេស​ចិន Xie Feng បាន​ថ្លែងថា សហរដ្ឋ​អាម៉េរិក «នឹងត្រូវ​បង់ថ្លៃ​សម្រាប់​កំហុសឆ្គង​នេះ» និង​បាន​អំពាវនាវ​ឱ្យ ទីក្រុង​វ៉ា​ស៊ី​ង​តោន ដោះស្រាយ «បញ្ហា​ខុសឆ្គង» ទាំងនេះ​ជាបន្ទាន់ ក៏ដូចជា​អនុវត្ត​វិធានការ​ជាក់ស្ដែង​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi។

    ប្រធានសភា​ជាន់​ទាប​អាម៉េរិក កាលពី​ថ្ងៃទី ០២ សីហា បាន​ទៅដល់ កោះ​តៃវ៉ាន់ បើទោះជា​មានការ​ព្រមានធ្ងន់ៗពី​សំណាក់ ទីក្រុង​ប៉េកាំង ក្នុង​រយៈពេល​ច្រើន​ថ្ងៃ​មកនេះ។

    ទោះបីជា អាជ្ញាធរ​របស់​ប្រធានាធិបតី ចូ បៃ​ដិ​ន ត្រូវបាន​គេ​ជឿថា បាន​ជំទាស់​ទៅនឹង​ដំណើរ​ទស្សនកិច្ច​ទៅកាន់ កោះ​តៃវ៉ាន់ នេះក្ដី ប៉ុន្តែ អ្នកនាំពាក្យ​នៃ ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​នៅ សេត​វិមាន John Kirby ថ្លែងថា លោកស្រី Pelosi មាន​សិទ្ធិ​ទៅកាន់​កន្លែង​ដែល​លោកស្រី​ចង់ទៅ។

    កងទ័ព​ចិន និយាយថា កងកម្លាំង​របស់​ប្រទេស​នេះ​កំពុងស្ថិត​ក្នុងការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់ និង​ត្រៀម​ឆ្លើយតប​នឹង​ដំណើរ​ទស្សនកិច្ច​នេះ។ អាជ្ញាធរ​ចិន ប្រកាសថា នឹងធ្វើ​សមយុទ្ធ​យោធា​នៅ​ជុំវិញ កោះ​តៃវ៉ាន់ ចាប់ពី​ថ្ងៃទី​នេះ (០៣ សីហា)។

    ស្ថាប័ន​ការ​ពារ​កោះតៃវ៉ាន់ បាន​ឱ្យ​ដឹង​ថា យន្តហោះ​យោធា​ចិន​ ​ជាង ២០ គ្រឿង​ បាន​ហោះ​ចូល​ក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការ​ពារដែន​អាកាស​របស់​កោះ​នេះ​ក្នុង​ថ្ងៃទី ០២ សីហា​៕

  • តៃវ៉ាន់ កំពុងត្រៀមផែនការ​សម្រាប់​ទប់ទល់​នឹង​ស្ថានការណ៍​អាសន្ន ពេល​ទទួល ​មន្ត្រីជាន់​ខ្ពស់​អាម៉េរិក

    តៃវ៉ាន់ កំពុងត្រៀមផែនការ​សម្រាប់​ទប់ទល់​នឹង​ស្ថានការណ៍​អាសន្ន ពេល​ទទួល ​មន្ត្រីជាន់​ខ្ពស់​អាម៉េរិក

    កងកម្លាំង​ការពារ​កោះ​តៃវ៉ាន់ កំពុង​រៀប​ផែនការ​​នានា​ដើម្បី​ត្រៀម​ទប់ទល់​នឹង​ស្ថានការណ៍​អាសន្ន និង​ប្ដេជ្ញា​ការពារ​កោះ​នេះ​នៅ​ចំពោះមុខ​ការគំរាមកំហែង​ទាំងឡាយ ទាក់ទិន​នឹង​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​សហរដ្ឋ​អាម៉េរិក។

    «យើង​កំពុង​ត្រៀម​ផែនការ​ជា​ច្រើន​​យ៉ាង​​ល្អិតល្អន់ ហើយ​កម្លាំង​សមស្រប​នឹងត្រូវ​បានដាក់​ពង្រាយ​ដើម្បី​ប្រតិកម្ម​ទៅតាម​ការកំណត់​ស្ដីពី​ការ​ទប់​ទល់នឹង​ស្ថានការណ៍​អាសន្ន និង​ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​គូបដិបក្ខ» កងកម្លាំង​ការពារ​កោះ​តៃវ៉ាន់ ថ្ងៃនេះ​បានប្រកាស​ដូច្នេះ។

    ចំណែក​មេដឹកនាំ​ស្ថាប័ន​ប្រតិបត្តិ​របស់ តៃវ៉ាន់ លោក Su Tseng-chang បានឱ្យដឹងថា កោះ​តៃវ៉ាន់ ស្វាគមន៍ អបអរសាទរ​ដំណើរ​ទស្សនកិច្ច​របស់​ភ្ញៀវ​បរទេស។

    «តៃវ៉ាន់ នឹងមាន​ការរៀបចំ​ឱ្យ​សមស្រប​បំផុត» សម្រាប់​ទទួលភ្ញៀវ​ដូច្នេះ និង​គោរព​ចំពោះ​គម្រោង​របស់​ពួកគេ នេះ​បើតាម​លោក Su Tseng-chang ដែល​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ តៃប៉ិ នៅពេល​ត្រូវបាន​សួរ​អំពី​ដំណើរ​ទស្សនកិច្ច​របស់ ប្រធានសភា​ជាន់​ទាប​អាម៉េរិក លោកស្រី Pelosi។

    ការអធិប្បាយ​នេះ​ត្រូវ​បានលើកឡើង​បន្ទាប់ពី អាជ្ញាធរ​ចិនដីគោក បាន​ព្រមាន​ខ្លាំង​ៗ និង​គូសវាស​បន្ទាត់​ក្រហម ក្រោយពី​​​ប្រភពព័ត៌មាន​ពី មន្ត្រី​អាម៉េរិក និង តៃវ៉ាន់ បានឱ្យដឹងថា ប្រធានសភា​ជាន់​ទាប់​អាម៉េរិក លោកស្រី Nancy Pelosi នឹង​បំពេញ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់ ដោយ​ស្នាក់នៅ​មួយ​យប់ ហើយ​គ្រោង​នឹង​ជួប មេដឹកនាំ Tsai Ing-wen នៅ​ថ្ងៃទី ០៣ សីហា។

    អ្នកនាំពាក្យ​របស់ ក្រសួងការបរទេស​ចិន លោក Zhao Lijian កាលពី​សប្ដាហ៍​កន្លង​បាន​ថ្លែងថា កងទ័ព​ចិន នឹង «មិន​នៅ​ស្ងៀម» បើសិន​លោកស្រី Pelosi មកកាន់ កោះ​តៃវ៉ាន់ និង​បាន​ព្រមាន​ថា សហរដ្ឋ​អាម៉េរិក នឹងត្រូវ​រង​ផលប៉ះពាល់​ផ្នែក​នយោបាយ​ធ្ងន់ធ្ងរ បើសិន​ដំណើរ​ទស្សនកិច្ច​នេះ​កើតឡើង៕

  • ព្យុះ​ព្រះអាទិត្យ​មួយ​ទៀត​កំពុង​​តែ​បោក​បក់​ជិត​ដល់​​ពិភព​ផែនដី

    ព្យុះ​ព្រះអាទិត្យ​មួយ​ទៀត​កំពុង​​តែ​បោក​បក់​ជិត​ដល់​​ពិភព​ផែនដី

    ទីភ្នាក់ងារ​គ្រប់គ្រង​បរិយាកាស និង​មហាសមុទ្រ​អាម៉េរិក (NOAA) បានឱ្យដឹងថា ព្យុះ​ព្រះអាទិត្យ​មួយ អាច​នឹង​វាយប្រហារ​លើ​ផែនដី​នៅ​ថ្ងៃស្អែក។

    ព្យុះ​ព្រះអាទិត្យ​លើក​នេះ​បង្កឡើង​ដោយ រន្ធ​កូ​រូ​ណា (corona hole) ជាទី​ដែល​រង្វង់​ជុំវិញ​រន្ធ​នេះ​ត្រជាក់​ជាង ដូច្នេះ​វា​ក៏​ងងឹត​ជាង និង​មាន​កំហាប់​ប្លា​ស្មា​ទាប​ជាង​មធ្យមភាគ ស្ថិតនៅ​ភាគ​និរតី​នៃ ព្រះអាទិត្យ។ វា​បង្កើនល្បឿន​រប​ស់ខ្យ​ល់​ព្រះអាទិត្យ​ដោយ​ការបាញ់​វត្ថុ​ធាតុ​ជា​ឧស្ម័ន​មក​ខាងក្រៅ​ជា​ខ្សែៗ។ នេះ​បើតាម​អ្នកជំនាញ​ផ្នែក​អាកាសធាតុ​អវកាស Mike Cook មកពី NOAA។

    បើទោះជា​មាន​កម្លាំង​ខ្សោយ​បំផុត (G1) នៅក្នុង​ប្រព័ន្ធ​ចំណាត់ថ្នាក់​របស់ NOAA ដោយមាន​លទ្ធភាព​តិចតួច​ក្នុង​ការបង្ក​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្កាយរណប​ដែល​កំពុង​គោចរ​ជុំវិញ​ផែនដី ប៉ុន្តែ​អាចធ្វើឱ្យ​បណ្ដាញ​អគ្គិសនី​នៅក្នុង​តំបន់​មួយចំនួន​ចុះខ្សោយ។ ព្យុះ​ព្រះអាទិត្យ​នេះ​ក៏​អាច​ធ្វើឱ្យ​ការ​មានការ​ច្រឡំ​ចំពោះ​សត្វ​ដែល​ផ្លាស់​ទី​ដោយ​ប្រើប្រាស់​ដែនម៉ាញេទិច​ក្នុងការ​កំណត់​ទិសដៅ។

    ប្រការនេះ​គឺ​ដោយសារ​ព្យុះ​ព្រះអាទិត្យ​ធ្វើឱ្យ​កក្រើក​ដល់​អគ្គិសនី​នៅក្នុង​ដែនម៉ាញេទិច និង​ដែន​អ៊ី​យ៉ូ​ណូ​ស្ពែ​រ (Ionosphere) ​​របស់​ផែនដី បណ្ដាលឱ្យ​តំបន់ដែល​​ត្រូវបាន​កំណត់​រូបរាង​ដោយ​ម៉ាញេ​ទិច​ត្រូវរង​សម្ពាធ និង​ច្របូកច្របល់​ដោយសារ «រលក» នៃ​ភាគល្អិត​ថាមពល​ខ្ពស់។

    នៅពេល​ភាគល្អិត​ថាមពល​ខ្ពស់​ធ្វើ​អន្ត​រកម្ម​ជាមួយ​បន្ទាត់​ដែនម៉ាញេទិច​ពី​ក្បែរ​ប៉ូល​ទាំងពីរ​របស់​ផែនដី វា​ធ្វើឱ្យ​ម៉ូលេគុល​ក្នុង​បរិយាកាស​ដំណើរការ និង​បញ្ចេញ​ថាមពល​ក្នុង​ទម្រង់​ពន្លឺ បង្កើតបានជារស្មី​អូ​រ៉ូ​រ៉ា​ (Aurora) ចម្រុះ​ពណ៌។ នៅក្នុង​ព្រឹត្តិការណ៍​លើក​នេះ ពន្លឺ​អូ​រ៉ូ​រ៉ា នឹង​កើតឡើង​ជុំវិញ​ប៉ូល​ខាងជើង។

    កាលពី​ខែ​មុន ពោលគឺ​ថ្ងៃទី ១៩ កក្កដា ផែនដី​បាន​ឆ្លងកាត់​ព្យុះ​ព្រះអាទិត្យ​ម្ដង​រួច​ហើយ​ ​ដែល​បង្កើតបាន​ពន្លឺ​អូ​រ៉ូ​រ៉ា ពណ៌​ស្វាយ និង​បៃតង​យ៉ាង​ស្រស់ស្អាត អាច​មើលឃើញ​នៅ កាណាដា និង​ភាគ​ខាងជើង​សហរដ្ឋ​អាម៉េរិក៕

    រស្មី​អូរ៉ូរ៉ា (Aurora)
    រន្ធ​កូរូណា (corona hole)​ នៅ​លើ​ព្រះអាទិត្យ
  • ករណី​កម្ចាត់​មេដឹកនាំអង្គការ​ភេរវកម្ម al-Qaeda ៖ យុទ្ធនាការ​ដែល​បាន​​ជួយ​ឱ្យ អាម៉េរិក ជោគជ័យ

    ករណី​កម្ចាត់​មេដឹកនាំអង្គការ​ភេរវកម្ម al-Qaeda ៖ យុទ្ធនាការ​ដែល​បាន​​ជួយ​ឱ្យ អាម៉េរិក ជោគជ័យ

    អង្គភាព​ស៊ើបការណ៍​សម្ងាត់​អាម៉េរិក បាន​ចំណាយពេល​ច្រើន​ខែ​ដើម្បី​កំណត់​អត្តសញ្ញាណ និង​គោល​ការណ៍​ធ្វើ​សកម្មភាព​ al-Zawahhiri ដែលជា​មេដឹកនាំ​អង្គការ​ភារ​វក​ម្ម al-Qaeda មុនពេល​បើក​ការវាយប្រហារ​​តាម​​អាកាស​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន។

    កងកម្លាំង​សហរដ្ឋ​អាម៉េរិក បាន​បើក​ការវាយប្រហារ​តាម​អាកាស​​នៅ រដ្ឋធានី​កា​ប៊ុល របស់ អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃទី ៣១ កក្កដា និង​បាន​កម្ចាត់​មេដឹកនាំ al-Qaeda ឈ្មោះ Ayman al-Zawahiri ដោយ​ជោគ​ជ័យ​ ទៅតាម​បទបញ្ជា​របស់លោក ចូ បៃ​ដិ​ន។ មន្ត្រីជាន់ខ្ពស់​របស់ រដ្ឋាភិបាល​អាម៉េរិក មុន​នោះបាន​និយាយថា យុទ្ធនាការ​វាយប្រហារ​ពី​អាកាស​នេះ ត្រូវបាន​ធ្វើឡើង​ដោយ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាម៉េរិក (CIA) និង​មិនបាន​បង្ក​ការស្លាប់ ឬ​របួស​ដល់​ជន​ស៊ីវិល។

    កាលពី​វេលា​ទៀបភ្លឺ នៃ​ថ្ងៃទី ៣១ ខែ​កក្កដា ឆ្នាំ​ ២០២២​ យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) របស់ សហរដ្ឋ​អាម៉េរិក បាន​បាញ់​រ៉ុក្កែត Hellfire ២ គ្រាប់ ក្នុង​គ្រា al-Zawahiri ចេញមក​កាន់​រានហាល​របស់​ផ្ទះ​ដ៏​មាន​សុវត្ថិភាព ដែល​ស្ថិត​នៅ​ក្នុង រដ្ឋធានី​កា​ប៊ុល នៃ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ជាទី​ដែល​មេដឹក​នាំ​អង្គការ​ភេរវកម្ម​នេះ​កំពុង​រស់នៅ​ជាមួយ​សមាជិក​​​គ្រួសារ។

    បន្ទាប់ពី​រ៉ុក្កែត​ត្រូវបាន​បាញ់​ចេញ សំឡេង​ផ្ទុះ​យ៉ាង​ធំ​ក៏​លាន់ឮ​ចេញពី​តំបន់ Shirpur នៅ​កណ្ដាល ​ក្រុង​កា​ប៊ុល។ នេះ​គឺជា​តំបន់​ដែល​ធ្លាប់​ត្រូវបាន​គ្រប់គ្រង​ដោយ ក្រសួងការពារជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន មុនពេល​ត្រូវបាន​ប្រែក្លាយ​ទៅជា​តំបន់​លំនៅ​ឋាន​ដែលមាន​ភូមិគ្រឹះ​ជាច្រើន​សម្រាប់​ក្រុមមន្ត្រី និង​អ្នក​មាននៅប្រទេស​នេះ។

    al-Zawahiri (ឆ្វេង) កាលពី​សម័យ​ bin Laden (ស្ដាំ) នៅ​មានជីវិត

    ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាម៉េរិក បាន​រកឃើញថា al-Zawahiri ស្ថិតនៅ​ក្នុងផ្ទះ​នេះ ហើយ​ក្រោយមក​ពួកគេ​ចំណាយពេល​ច្រើនខែ​​ដើម្បី​កំណត់​អត្តសញ្ញាណ និង​គោលការណ៍​ធ្វើ​សកម្មភាព​របស់​បុរស​នេះ ក្នុងនោះ​ក៏មាន​ការតាមដាន​សក​ម្ម​ភាព​ដើរហើរ និង​ការរស់នៅ​របស់​មេ​ភេរវ​ករ​នេះ។

    រហូតដល់​ខែមេសា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាម៉េរិក បាន​រាយការណ៍​ប្រាប់​ថ្នាក់លើ​ថា al-Zawahiri កំពុង​រស់នៅ​ក្នុងផ្ទះ​នេះ និង​មិនដែល​ចាក​ចេញពី​ទីជម្រក។ ប្រធានាធិបតី បៃ​ដិ​ន ទទួលបាន​របាយការណ៍​នេះ​ក្នុង​ខែឧសភា និង​មិថុនា។

    CIA បាន​សង់​ជា​ទម្រង់​ផ្ទះ​របស់​មេ​ភេរ​វករ ​នៅ​លើ​កុំព្យូទ័រ​ ដើម្បី​បង្ហាញជូន​ប្រធានាធិបតី​នូវ​យុទ្ធសាស្ត្រ​វាយប្រហារ ដែល​អាចជួយ​កាត់បន្ថយ​ការស្លាប់​ចំពោះ​អ្នក​នៅ​ខាង​ក្នុងផ្ទះ និង​ពលរដ្ឋ​ស៊ីវិល។

    ចាប់ពី​ថ្ងៃទី ០១ ខែ​​កក្កដា​តម​ក លោក បៃ​ដិ​ន បាន​ចូលរួម​កិច្ចប្រជុំ​នៅ សេត​វិមាន ជាមួយ​ក្រុមមន្ត្រី​ជាន់ខ្ពស់​អាម៉េរិក ដើម្បី​ពិភាក្សា​អំពី​ករណី​ខាងលើ។ ក្រោយមក លោក បៃ​ដិ​ន ក៏បាន​អនុម័ត​លើ​​​ផែនការ​វាយប្រហារ។

    មេដឹកនាំ al-Qaeda ឈ្មោះ Ayman al-Zawahiri

    ក្រោយពី​យន្តហោះ​គ្មាន​មនុស្ស​បើក បាន​បាញ់​រ៉ុក្កែត​សំដៅ​គោលដៅ ប្រភពព័ត៌មាន​នៅ​ជុំវិញ​ទីតាំង​គោលដៅ​របស់​អង្គភាព​ស៊ើបការណ៍​សម្ងាត់​អាម៉េរិក បាន​បញ្ជាក់ថា al-Zawahiri ត្រូវបាន​សម្លាប់

    ក្រុមមន្ត្រី​របស់ អាម៉េរិក យល់ថា អាជ្ញាធរ​តា​លី​បង់ បានដឹង​ច្បាស់​ថា al-Zawahiri រស់នៅក្នុង​ផ្ទះ​នេះ ហើយ​បាន​បញ្ចេញ​សកម្មភាព​ជាច្រើន​ដើម្បី​លាក់បាំង​ដាន បន្ទាប់ពី​ករណី​វាយប្រហារ​ពី សហរដ្ឋ​អាម៉េរិក ត្រូវ​បាន​ធ្វើ​ឡើង​៕

     

  • ឧទ្ធម្ភាគចក្រ​ដឹក​ឧ​ត្ត​ម​សេនីយ៍​យោធា​របស់ ប៉ា​គី​ស្ថាន បាត់​ខ្លួន​ពេល​កំពុង​ជួយ​ប្រជាពលរដ្ឋ​ក្នុង​គ្រោះទឹកជំនន់

    ឧទ្ធម្ភាគចក្រ​ដឹក​ឧ​ត្ត​ម​សេនីយ៍​យោធា​របស់ ប៉ា​គី​ស្ថាន បាត់​ខ្លួន​ពេល​កំពុង​ជួយ​ប្រជាពលរដ្ឋ​ក្នុង​គ្រោះទឹកជំនន់

    ឧទ្ធម្ភាគចក្រ​យោធា​របស់ ប៉ា​គី​ស្ថាន ដឹក​មនុស្ស​ច្រើន​នាក់ ក្នុងនោះ​មាន ឧ​ត្ត​ម​សេនីយ៍ ២ រូប បាន​បាត់​ទំនាក់ទំនង​ជាមួយ​ស្ថានីយ​គ្រប់គ្រង​អាកាសចរណ៍ នៅពេល​កំពុង​ស្ថិតក្នុង​តំបន់​រងគ្រោះ​ដោយសារ​ទឹកជំនន់។

    កងទ័ព​ប៉ា​គី​ស្ថាន បានប្រកាសថា ឧទ្ធម្ភាគចក្រ​ដែលមាន​ដឹក​ឧ​ត្ត​ម​សេនីយ៍​យោធា និង​មនុស្ស ៥ នាក់​ទៀត បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី ០១ សីហា ពេល​កំពុង​បំពេញការងារ​ជួយសង្គ្រោះ​ជួយសង្គ្រោះ​ប្រជាជន​ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ភាគខាងត្បូង​ប្រទេស​នេះ។

    ប្រកាស​ខាងលើ​បានឱ្យដឹងថា ឧទ្ធម្ភាគចក្រ​ដែល​បាន​បាត់​ខ្លួន​នេះ​មាន​ដឹក​មនុស្ស​ចំនួន ៦ នាក់។ បច្ចុប្បន្ន ការស្វែងរក​កំពុង​ត្រូវបាន​ធ្វើឡើង។

    មន្ត្រី​ស៊ើបការណ៍​សម្ងាត់​ម្នាក់​បាន​ឱ្យដឹងថា មេដឹកនាំ​កងកម្លាំង​ការពារ​ឆ្នេរសមុទ្រ​របស់ ប៉ា​គី​ស្ថាន ឧ​ត្ត​ម​សេនីយ៍​ត្រី Amjad Hanif Satti ក៏មាន​វត្តមាន​នៅក្នុង​ឧទ្ធម្ភាគចក្រ​ដែល​បាត់​ខ្លួន​នោះដែរ៕

  • អាម៉េរិក ប្រកាសថា​បាន​កម្ចាត់​មេដឹកនាំ​របស់​ក្រុម​ភេរ​វករ al-Qaeda

    អាម៉េរិក ប្រកាសថា​បាន​កម្ចាត់​មេដឹកនាំ​របស់​ក្រុម​ភេរ​វករ al-Qaeda

    សហរដ្ឋ​អាម៉េរិក ធ្វើការ​វាយប្រហារ​តាម​អាកាស​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ចុង​សប្ដាហ៍​កន្លង តាម​បទបញ្ជា​របស់លោក ចូ បៃ​ដិ​ន និង​បាន​អះអាងថា បាន​កម្ចាត់​មេដឹកនាំ al-Zawahiri នៃ អង្គការ​ភេរវកម្ម al-Qaeda។

    «តាម​បទបញ្ជា​របស់ខ្ញុំ កងកម្លាំង​សហរដ្ឋ​អាម៉េរិក បាន​បើក​ការវាយប្រហារ​តាម​អាកាស​ដោយ​ជោគជ័យ​នៅ រដ្ឋធានី​កា​ប៊ុល របស់ អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃទី ៣១ កក្កដា និង​បាន​កម្ចាត់​មេដឹកនាំ al-Qaeda ឈ្មោះ Ayman al-Zawahiri» ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក លោក បៃ​ដិ​ន បានឱ្យដឹង​កាលពី​ថ្ងៃទី ០១ សីហា។

    មន្ត្រីជាន់ខ្ពស់​របស់ រដ្ឋាភិបាល​អាម៉េរិក មុន​នោះបាន​និយាយថា យុទ្ធនាការ​វាយប្រហារ​ពី​អាកាស​នេះ ត្រូវបាន​ធ្វើឡើង​ដោយ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាម៉េរិក (CIA) និង​មិនបាន​បង្ក​ការស្លាប់ ឬ​របួស​ដល់​ជន​ស៊ីវិល។

    បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា សហរដ្ឋ​អាម៉េរិក ប្រើប្រាស់​វិធី​ណា​ដើម្បី​បញ្ជាក់​អំពី​ការស្លាប់​របស់ al-Zawahiri ខណៈដែល កងទ័ព​អាម៉េរិក អវត្តមាន​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន អស់​រយៈពេល ១ ឆ្នាំ​មកហើយ។

    នេះ​គឺជា​ការវាយប្រហារ​តាម​អាកាស​លើកទីមួយ​របស់ អាម៉េរិក នៅ អា​ហ្វ​ហ្គា​នី​ស្ថាន រាប់​ចាប់តាំងពី​បាន​ដកទ័ព​ចេញពី​ប្រទេស​នេះ កាលពី​ខែសីហា ២០២១។

    អ្នកនាំពាក្យ​របស់ តា​លី​បង់ Zabihullah Mujahid បញ្ជាក់ថា មាន​ករណី​វាយប្រហារ​តាម​អាកាស​មួយ​បាន​កើតឡើង​នៅ រដ្ឋធានី​កា​ប៊ុល កាលពី​ថ្ងៃទី ៣១ កក្កដា និង​បាន​ហៅ​វា​ថា​ជា​សកម្មភាព​រំលោភ​គោលការណ៍​អន្តរជាតិ។

    Al-Zawahiri ត្រូវបាន​គេ​ជឿថា គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មេគំនិត​នៅក្នុង​ការវាយប្រហារ​លើ​នាវាចម្បាំង USS Cole នៅ​លម្ហ​សមុទ្រ យេ​ម៉ែន កាលពី​ថ្ងៃទី ១២ តុលា ២០០០ បណ្ដាលឱ្យ​នាវិក​អាម៉េរិក ១៧ នាក់​បាត់​បង់ជីវិត និង​ជាង ៣០ នាក់​រងរបួស ហើយក៏​ជា​មនុស្ស​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ ស្ថានទូត​អាម៉េរិក ប្រចាំ កេ​ន​យ៉ា និង តង់​សានី កាលពី​ឆ្នាំ ១៩៩៨ សម្លាប់​មនុស្ស​អស់ ២២៤ នាក់ និង​ជាង ៥,០០០ នាក់​រងរបួស។

    Al-Zawahiri បាន​ក្លាយជា​មេដឹកនាំ al-Qaeda ក្រោយពី កម្លាំង​ពិសេស​នៃ កងទ័ពជើងទឹក​អាម៉េរិក បាន​កម្ចាត់ Osama bin Laden កាលពី​ឆ្នាំ ២០១១៕

    លោក ចូ បៃដិន
    មេដឹកនាំ al-Qaeda លោក al-Zawahiri