ប្រទេស​បារាំង ៖ ផ្ទុះ​ធំ​ក្នុង​រោងចក្រ​ឧស្សាហកម្ម មនុស្ស​រាប់សិប​នាក់​រង​ផលប៉ះពាល់

រោងចក្រ​ឧស្សាហកម្ម​ដែល​កើតមាន​ករណី​ផ្ទុះ​នេះ គឺជា​ប្រភេទ​ដែល​ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជី​ឈ្មោះ​ស្ដីពី​បណ្ដា​រោងចក្រ​ដែល «មាន​ហានិភ័យ​បង្ក​មហន្តរាយ Seveso កម្រិត​ខ្ពស់»។

កាលពី​រសៀល​ថ្ងៃទី ០៣ សីហា នៅឯ​រោងចក្រ​ឧស្សាហកម្ម​មួយ​នៅក្នុង​ទីក្រុង Bergerac ភាគ​អាគ្នេយ៍​នៃ ប្រទេស​បារាំង បានកើត​មាន​ហេតុការណ៍​ផ្ទុះ​ធំ​មួយ បណ្ដាលឱ្យ​មនុស្ស ៨ នាក់​រងរបួស ក្នុងនោះ​មាន​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

យោងតាម​ក្រុមមន្ត្រី​ក្នុង​តំបន់ ករណី​ផ្ទុះ​នៅឯ​រោងចក្រ Manuco ខាងលើនេះ ក៏បាន​បណ្ដាលឱ្យ​មនុស្ស ៣៥ នាក់​ផ្សេងទៀត មាន​អាការ​ពុល​ដោយសារ​ផ្សែង​គីមី។ បុគ្គលិក​ពន្លត់​អគ្គិភ័យ និង​ប៉ូលិស​ចំនួន ៨០ នាក់ និង​ឧទ្ធម្ភាគចក្រ ២ គ្រឿង រួម​នឹង​រថយន្ត​ពន្លត់​អគ្គិភ័យ​ច្រើន​គ្រឿង ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ។

រោងចក្រ Manuco ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Eurenco ដែល​រកស៊ី​ក្នុង​វិស័យ​ចាត់ចែង ផលិត ប្រើប្រាស់ និង​រក្សាទុក​វត្ថុ​ធាតុគីមី​គ្រោះថ្នាក់។ រោងចក្រ​នេះ​ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជី​ឈ្មោះ​ស្ដីពី​បណ្ដា​រោងចក្រ​ដែល «មាន​ហានិភ័យ​បង្ក​មហន្តរាយ Seveso កម្រិត​ខ្ពស់»។

គ្រោះមហន្តរាយ Seveso គឺជា​គ្រោះថ្នាក់​ដែល​កើតឡើង​នៅក្នុង​រោងចក្រ​គីមី នៅ ប្រទេស​អ៊ីតាលី កាលពី​ឆ្នាំ ១៩៧៦ ដែល​បណ្ដាលឱ្យ​គីមី​ពុល ៦ តោន ត្រូវ​បែកធ្លាយ និង​ភាយ​ទៅក្នុង​បរិស្ថាន បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាជន​ក្នុង​តំបន់។

នៅ ប្រទេស​បារាំង បច្ចុប្បន្ន​មាន​រោងចក្រ​ឧស្សាហកម្ម​ចំនួន ៧០៥ កន្លែង ស្ថិតក្នុង «ហានិភ័យ​បង្ក​មហន្តរាយ Seveso កម្រិត​ខ្ពស់» ខណៈដែល​រោងចក្រ ៦០៧ កន្លែង​ផ្សេងទៀត ស្ថិតក្នុង​ហានិភ័យ​ទាប។

កាលពី​ឆ្នាំ ២០១៩ ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅឯ​រោងចក្រ Lubrizol (ស្ថិតក្នុង​ប្រភេទ Seveso ខ្ពស់) នៅ​ទីក្រុង Rouen ​ប្រទេស​បារាំង បាន​បណ្ដាលឱ្យ​មនុស្ស​ច្រើន​នាក់​រងរបួស ក្នុងនោះ​មាន ៨ នាក់ ត្រូវ​ចូល​ពេទ្យ៕

Advertisement