ហេតុការណ៍​រអិល​បាក់​ដី​នៅ កប់​មនុស្ស​ជាង ៦០ នាក់ នៅ ប្រទេស​ឥណ្ឌា

យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ៧ នាក់ ត្រូវបាន​គេ​បញ្ជាក់ថា បាន​បាត់​បង់ជីវិត និង ៥៥ នាក់​ផ្សេងទៀត បាន​បាត់​ខ្លួន បន្ទាប់ពី​មាន​ហេតុការណ៍​រអិល​បាក់​ដី​យ៉ាងធ្ងន់ធ្ងរ​មួយ​នៅក្នុង​រដ្ឋ Manipur ភាគ​ឦសាន​ប្រទេស​ឥណ្ឌា។

ក្រុមមន្ត្រី​មូលដ្ឋាន​បានឱ្យដឹងថា ករណី​រអិល​បាក់​ដី​នេះ​កើតឡើង​នៅក្នុង​ការដ្ឋាន​សាងសង់​ផ្លូវ​រថភ្លើង​មួយ​កាលពី​វេលា​ទៀបភ្លឺ ថ្ងៃទី ៣០ មិថុនា។ បើទោះជា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង កងកម្លាំង​ជួយសង្គ្រោះ​ក៏បាន​ជួយសង្គ្រោះ និង​នាំយក​មនុស្ស​ចំនួន ១៩ នាក់​ដែល​នៅមាន​ជីវិត ចេញពី​គំនរ​បំណាក់​ដី។

តំណាង​ប៉ូលិស​ស្រុក Noney ក្នុង​រដ្ឋ Manipur បានឱ្យដឹងថា មនុស្ស​ចំនួន ៨១ នាក់ ធ្វើការ​នៅ​កន្លែងកើតហេតុ​នៅពេល​មាន​ហេតុការណ៍​រអិល​បាក់​ដី។ ក្ដីសង្ឃឹម​ក្នុងឱកាស​ស្វែងរក​ជនរងគ្រោះ​ទាំង ៥៥ នាក់​ដែល​កំពុង​បាត់​ខ្លួន គឺ​នៅមាន​តិចតួច​ណាស់។

កងទ័ព​ឥណ្ឌា បានប្រកាសថា ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​កើតហេតុ ដើម្បី​ជួយ​ដល់​ការស្វែងរក និង​សង្គ្រោះ។

ក្នុង​ខែមិថុនា​នេះ រដ្ឋ​ជាច្រើន​នៅ​ភាគ​ឦសាន​របស់ ប្រទេស​ឥណ្ឌា និង​ប្រទេសជិតខាង បង់​ក្លា​ដែ​ស បាន​រងគ្រោះ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​មិន​ធ្លាប់មាន​ពីមុនមក និង​បាន​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​ជាង ១៥០ នាក់។ ក្រៅពីនេះ​ក៏មាន​មនុស្ស​រាប់លាន​នាក់​ត្រូវ​ភៀសខ្លួន​ពី​តំបន់​ទឹក​លិច ទៅរក​ទី​សុវត្ថិភាព នៅក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ។ ផ្ទះសំបែង​ជាច្រើន​ខ្នង​នៅក្នុង​តំបន់​ខាងលើ ត្រូវ​លិច​ក្នុង​ទឹកជំនន់៕

Advertisement