យាន Chang’e 6 ហោះឡើងជាមួយនឹងរ៉ុក្កែត Long March 5 ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Wenchang លើកោះ Hainan កាលពីវេលាម៉ោង 16និង27នាទី ថ្ងៃទី3 ខែឧសភា ម៉ោងនៅកម្ពុជា។
ក្នុងការហោះហើរ 53ថ្ងៃ យានអវកាស Chang’e 6 នឹងឆ្ពោះទៅកាន់តំបន់ទំនាបនៅប៉ូលខាងត្បូង Aitken (SPA) ដែលស្ថិតក្នុងតំបន់ងងឹតរបស់ព្រះចន្ទ ជាទីដែលមិនអាចមើលឃើញពីផែនដី។ នេះបើតាមទីភ្នាក់ងារអវកាសចិន (CNSA)។
បេសកកម្មនេះនឹងរើសយកសំណាកដី និងថ្មចំនួនពីរគីឡូក្រាមពីតំបន់ចុះចត និងនាំយកមកកាន់ផែនដីដើម្បីវិភាគលម្អិត។ ដំណើរការរើសយកសំណាកដីព្រះចន្ទនឹងត្រូវបានគាំទ្រដោយផ្កាយរណប Queqiao-2 ដែលត្រូវបានបាញ់បង្ហោះកាលពីខែមីនា និងកំពុងគោចរជុំវិញព្រះចន្ទ រង់ចាំយាន Chang’e 6។
នោះនឹងជាសំណាកដីព្រះចន្ទដំបូងដែលត្រូវបាននាំយកមកកាន់ផែនដី បន្ទាប់ពីបេសកកម្ម Apollo របស់អាម៉េរិក និង Luna របស់អតីតសូវៀត កាលពីប្រាំទសវត្សរ៍មុន។
យានចុះចត និងយានយកសំណាកនឹងចុះចតក្នុងភាគឦសានលើតំបន់ទំនាប SPA ជាទីដែលមានភូមិសាស្ត្រស្មុគស្មាញ និងមានតម្លៃខ្ពស់ផ្នែកវិទ្យាសាស្ត្រ។ បន្ទាប់ពីបានរើសយកសំណាកដី និងថ្ម យានយកសំណាកនេះនឹងហោះត្រលប់ទៅកាន់គន្លងតារាវិថីព្រះចន្ទ ដើម្បីប្រគល់ឱ្យម៉ូឌុលដែលនៅចាំទទួលក្នុងអវកាស មុននឹងនាំយកសំណាកទាំងនេះមកកាន់ផែនដី។
កាលពីឆ្នាំកន្លង អ្នកវិទ្យាសាស្ត្រមួយក្រុមនៅប្រទេសចិន បានកំណត់ទីតាំងចំនួនបីដ៏មានសក្ដានុពលសម្រាប់ការចុះចតរបស់យាន Chang’e 6 នៅក្នុងតំបន់ទំនាប SPA ដែលជារណ្ដៅយក្សទំហំ 2,500 គីឡូម៉ែត្រ និងជម្រៅ 8គីឡូម៉ែត្រ កើតឡើងក្រោយពីករណីធ្លាក់អាចម៍ផ្កាយកាលពីរាប់ពាន់លានឆ្នាំមុន។
យោងតាមទិន្នន័យដែលបានសង្កេតពីចម្ងាយ តំបន់ទំនាប SPA សម្បូរទៅដោយសារធាតុគីមី និងមានអាយុកាលយូរ។ យានរបស់ចិននឹងជ្រើសទីតាំងសុវត្ថិភាពបំផុតដើម្បីចុះចត នៅពេលហោះបន្ទាបខ្លួនបន្តិចម្ដងៗ។
យាន Chang’e 6 ទំនងជាអាចរកឃើញ និងនាំយកថ្មី basalt ដែលជាកម្អែរភ្នំភ្លើងដែលបានត្រជាក់នៅតំបន់ទំនាបខាងលើ។ អ្នកវិទ្យាសាស្ត្រអាចវាស់ស្ទង់អាយុកាល សមាសធាតុ និងរបៀបកកើតរបស់វា។ តាមរយៈការប្រៀបធៀបថ្មដែលនាំយកពីតំបន់ភ្លឺរបស់ព្រះចន្ទ ពួកគេនឹងអាចរកឃើញតម្រុយដែលទាក់ទងនឹងមូលហេតុដែលនាំឱ្យមានតំបន់ងងឹត និងតំបន់ភ្លឺនៅលើឋានព្រះចន្ទ។