​ទឹក​ធ្លាក់​ក្នុង​ជ្រោះ​ធំជាង​គេ​លើ​ពិភពលោក ធ្លាក់​យឺត​ជាង​មនុស្ស​ដើរទៅ​ទៀត​​

ជ្រោះ​ទឹក​ធ្លាក់​មួយ​ស្ថិត​នៅ​ក្រោម​ឈូង​សមុទ្រ​ដាណឺម៉ាក មាន​កម្ពស់​រហូតដល់ 3,500 ម៉ែត្រ ខ្ពស់​ជាង Angel ដែល​ជា​​ជ្រោះទឹកធ្លាក់​ធំ​បំផុត​នៅលើ​ដី​គោក​ ដែល​ស្ថិត​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​។

Angel គឺជាជ្រោះ​​​ទឹក​ធ្លាក់​ខ្ពស់​ជាង​គេ​លើដីគោក​ ដោយ​មាន​កម្ពស់​ 979 ម៉ែត្រ និងបាត​មាន​​ទទឹង​ប្រវែង 150 ម៉ែត្រ​ ប្រហាក់​ប្រហែល​នឹង​តួ Eiffel ចំនួន​បី​ដាក់​ត្រួត​លើគ្នា​។ ប៉ុន្តែ Angel មិន​មែនជា​ជ្រោះ​ទឹក​ធ្លាក់ដែល​ធំជាង​គេ​លើ​ពិភពលោក​។ ចំណាត់​ថ្នាក់​នេះ​បាន​ទៅ​លើ​ជ្រោះ​ទឹក​ធ្លាក់​នៅ​ឈូង​សមុទ្រ​ដាណឺម៉ាក ដោយ​មាន​ទឹក​ធ្លាក់​ចុះ​ក្រោម​ឈូង​សមុទ្រ​នៅ​ចន្លោះ​ ហ្គ្រោអង់ឡង់ (ហ្គ្រីនលែនដ៍ – Greenland) និង​អ៊ីស្លង់ ដែល​នេះ​មាន​ន័យ​ថា ជ្រោះ​ទឹក​ធ្លាក់​ធំ និងខ្ពស់​ជាង​គេ​លើ​ពិភពលោក​នេះ​ គឺ​ស្ថិត​ក្រោម​សមុទ្រ​។

ក៏ប៉ុន្តែ បើ​ទោះ​ជា​ទឹក​នៅ​ឯជ្រោះ​ទឹក​ធ្លាក់​នេះ​​មាន​កម្ពស់​ជាង 3,500 ម៉ែត្រ​នេះ ប៉ុន្តែទឹក​ដែល​ហូរ​ច្រាល​មាន​កម្ពស់​​ប្រហែល​ 2,000 ម៉ែត្រប៉ុណ្ណោះ ហើយ​ធ្លាក់ក្នុង​ល្បឿ​ន​ប្រហែល​តែ 0.5 ម៉ែត្រ​/វិនាទី​​ យឺត​ជាង​​បើ​ធៀប​នឹង​ល្បឿន​នៃ​ការ​ដើរ​ដោយ​ថ្មើរ​ជើង និងយឺត​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ល្បឿន​ទឹក​ធ្លាក់​របស់ជ្រោះ Niagara (109 គីឡូម៉ែត្រ/ម៉ោង) ឬ​ 30.5 ម៉ែត្រ​/វិនាទី​។ មូលហេតុ​ដែល​ទឹក​ជ្រោះ​នេះ​ធ្លាក់​ក្នុង​ល្បឿន​មហា​យឺត​ដូច្នេះ​​ គឺ​ដោយ​សារ​វា​ស្ថិត​ក្រោម​ទឹក​សមុទ្រ​ និង​ធ្លាក់​ទៅ​ក្នុង​បឹង​ជ្រៅ​មួយ​ដែល​មាន​ទឹក​ត្រជាក់​ខ្លាំង​ និង​ខាប់​ព្រោះ​មាន​ជាតិ​អំបិល​កម្រិត​ខ្ពស់​។

ជ្រោះ​ទឹក​ធ្លាក់​ធំ និង​ខ្ពស់ជាង​គេ​លើ​ពិភពលោក​នេះ​ មាន​ឈ្មោះ​ថា Denmark Strait Cataract​ ។

Advertisement