ព្យុះ​ព្រះអាទិត្យ​មួយ​ទៀត​កំពុង​​តែ​បោក​បក់​ជិត​ដល់​​ពិភព​ផែនដី

ទីភ្នាក់ងារ​គ្រប់គ្រង​បរិយាកាស និង​មហាសមុទ្រ​អាម៉េរិក (NOAA) បានឱ្យដឹងថា ព្យុះ​ព្រះអាទិត្យ​មួយ អាច​នឹង​វាយប្រហារ​លើ​ផែនដី​នៅ​ថ្ងៃស្អែក។

ព្យុះ​ព្រះអាទិត្យ​លើក​នេះ​បង្កឡើង​ដោយ រន្ធ​កូ​រូ​ណា (corona hole) ជាទី​ដែល​រង្វង់​ជុំវិញ​រន្ធ​នេះ​ត្រជាក់​ជាង ដូច្នេះ​វា​ក៏​ងងឹត​ជាង និង​មាន​កំហាប់​ប្លា​ស្មា​ទាប​ជាង​មធ្យមភាគ ស្ថិតនៅ​ភាគ​និរតី​នៃ ព្រះអាទិត្យ។ វា​បង្កើនល្បឿន​រប​ស់ខ្យ​ល់​ព្រះអាទិត្យ​ដោយ​ការបាញ់​វត្ថុ​ធាតុ​ជា​ឧស្ម័ន​មក​ខាងក្រៅ​ជា​ខ្សែៗ។ នេះ​បើតាម​អ្នកជំនាញ​ផ្នែក​អាកាសធាតុ​អវកាស Mike Cook មកពី NOAA។

បើទោះជា​មាន​កម្លាំង​ខ្សោយ​បំផុត (G1) នៅក្នុង​ប្រព័ន្ធ​ចំណាត់ថ្នាក់​របស់ NOAA ដោយមាន​លទ្ធភាព​តិចតួច​ក្នុង​ការបង្ក​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្កាយរណប​ដែល​កំពុង​គោចរ​ជុំវិញ​ផែនដី ប៉ុន្តែ​អាចធ្វើឱ្យ​បណ្ដាញ​អគ្គិសនី​នៅក្នុង​តំបន់​មួយចំនួន​ចុះខ្សោយ។ ព្យុះ​ព្រះអាទិត្យ​នេះ​ក៏​អាច​ធ្វើឱ្យ​ការ​មានការ​ច្រឡំ​ចំពោះ​សត្វ​ដែល​ផ្លាស់​ទី​ដោយ​ប្រើប្រាស់​ដែនម៉ាញេទិច​ក្នុងការ​កំណត់​ទិសដៅ។

ប្រការនេះ​គឺ​ដោយសារ​ព្យុះ​ព្រះអាទិត្យ​ធ្វើឱ្យ​កក្រើក​ដល់​អគ្គិសនី​នៅក្នុង​ដែនម៉ាញេទិច និង​ដែន​អ៊ី​យ៉ូ​ណូ​ស្ពែ​រ (Ionosphere) ​​របស់​ផែនដី បណ្ដាលឱ្យ​តំបន់ដែល​​ត្រូវបាន​កំណត់​រូបរាង​ដោយ​ម៉ាញេ​ទិច​ត្រូវរង​សម្ពាធ និង​ច្របូកច្របល់​ដោយសារ «រលក» នៃ​ភាគល្អិត​ថាមពល​ខ្ពស់។

នៅពេល​ភាគល្អិត​ថាមពល​ខ្ពស់​ធ្វើ​អន្ត​រកម្ម​ជាមួយ​បន្ទាត់​ដែនម៉ាញេទិច​ពី​ក្បែរ​ប៉ូល​ទាំងពីរ​របស់​ផែនដី វា​ធ្វើឱ្យ​ម៉ូលេគុល​ក្នុង​បរិយាកាស​ដំណើរការ និង​បញ្ចេញ​ថាមពល​ក្នុង​ទម្រង់​ពន្លឺ បង្កើតបានជារស្មី​អូ​រ៉ូ​រ៉ា​ (Aurora) ចម្រុះ​ពណ៌។ នៅក្នុង​ព្រឹត្តិការណ៍​លើក​នេះ ពន្លឺ​អូ​រ៉ូ​រ៉ា នឹង​កើតឡើង​ជុំវិញ​ប៉ូល​ខាងជើង។

កាលពី​ខែ​មុន ពោលគឺ​ថ្ងៃទី ១៩ កក្កដា ផែនដី​បាន​ឆ្លងកាត់​ព្យុះ​ព្រះអាទិត្យ​ម្ដង​រួច​ហើយ​ ​ដែល​បង្កើតបាន​ពន្លឺ​អូ​រ៉ូ​រ៉ា ពណ៌​ស្វាយ និង​បៃតង​យ៉ាង​ស្រស់ស្អាត អាច​មើលឃើញ​នៅ កាណាដា និង​ភាគ​ខាងជើង​សហរដ្ឋ​អាម៉េរិក៕

រស្មី​អូរ៉ូរ៉ា (Aurora)
រន្ធ​កូរូណា (corona hole)​ នៅ​លើ​ព្រះអាទិត្យ
Advertisement