ប្រទេស​ចំនួន​ 7 រួម​ដៃ​គ្នា​បាញ់បង្ហោះ​យាន​ទៅចុះចត​លើ​ផ្ទៃ​​ព្រះចន្ទ​​នា​ពេល​ឆាប់​ៗ​នេះ

នៅ​រាត្រី​បុណ្យណូអែល ថ្ងៃទី​ 24 ធ្នូ 2023 យាន​អវកាស​មួយ​គ្រឿង​នឹង​ត្រូវ​បាន​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​ឋាន​ព្រះចន្ទ ដើម្បី​បំពេញ​បេសកកម្ម​ពាណិជ្ជកម្មមួយ​ដែល​​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​​នា​ពេល​កន្លង​។ នេះ​បើ​តាម​ Space.com ដែលបាន​​ចុះ​ផ្សាយ​កាល​ពី​ដើម​ខែ​នេះ​។

យាន​អវកាស​នេះ​មាន​ឈ្មោះ​ថា យាន​ចុះ​ចត​ឋាន​ព្រះ​ចន្ទ​ Peregrine (ឬ​ហៅ​ថា ស្ទាំង​ទេព របស់​ផែនដី) ដែល​ដាក់​ឈ្មោះ​ទៅ​តាម​ឈ្មោះ​សត្វ​ស្ទាំង Peregrine ដែល​ហោះ​លឿន​ជាង​គេ​លើ​ពិភពលោក​។

បើសិន​គ្រប់​យ៉ាង​ដំណើរ​ការ​រលូន​ទៅតាម​ផែនការ «ស្ទាំងទេព» របស់ផែនដី នឹង​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ ត្រង់​តំបន់​ដែល​មាន​ជ្រលង​កម្អែ​ភ្នំ​ភ្លើងបុរាណនៅ​លើ​ឋាន​ព្រះចន្ទ​ ដែល​ត្រូវ​បាន​ហៅ​ថា Sinus Viscositatis

បេសកកម្ម​នេះ​នឹង​ត្រូវ​បាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​ ព្រោះ​វា​ជា​បេសកកម្ម​ដំបូង​ដែល​បាញ់​បង្ហោះ​ទៅ​តាម​គំនិត​ផ្ដួច​ផ្ដើម​ សេវាកម្ម​ដឹក​ជញ្ជូនបែប​​​ពាណិជ្ជកម្ម​ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ (CLPS) របស់​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (NASA)។ នេះ​ក៏​ជា​លើក​ដំបូង​ដែល​បច្ចេក​វិទ្យា​របស់​ប្រទេស​ចំនួន 7 ត្រូវ​បាន​បាញ់​បង្ហោះរួម​គ្នា​ឡើង​ទៅ​កាន់​ផ្ទៃ​ព្រះ​ចន្ទ​​។

ទំនិញ​ចំនួន 20 ចំណែក​ មក​ពី​ 7 ប្រទេស​ នឹង​ត្រូវ​បាន​ «ស្ទាំង​ទេព» Peregrine នាំ​ឡើង​ទៅ​កាន់​ទីឋាន​រណប​របស់​ផែនដី​។ ក្នុង​នោះ ទំនិញ​ 5 ចំណែក​មក​ពី​ សហរដ្ឋ​អាម៉េរិក។ ក្រៅ​ពីនេះ គឺ​ជា​ទំនិញរបស់​ អង់គ្លេស ម៉ិចស៊ិច អាល្លឺម៉ង់ ហុងគ្រី ជប៉ុន និង​ប្រទេស​សីស្ហែល (Seychelles) នៅ​ទ្វីប​អាហ្វ្រិក។

ដោយ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ បេសកកម្ម​ស្រាវជ្រាវ​ឋានព្រះចន្ទ​របស់​ប្រទេស​ចំនួន 7 នេះ​ ត្រូវ​បាន​រំពឹង​ថា នឹង​នាំ​មក​នូវ​ព័ត៌មាន/ទិន្នន័យ​សំខាន់​ៗ​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​។

តាម​គម្រោង យាន​ចុះ​ចត​ Peregrine នឹង​ធ្វើ​ដំណើរ​​តាមរយៈ​ជើង​ហោះ​ហើរ​ដំបូង​របស់​រ៉ុក្កែត Vulcan Centaur ដែល​ផលិត​​ដោយ​ក្រុម​ហ៊ុនអាម៉េរិក United Launch Alliance

Advertisement