លី​ទុយ​អា​នី ថា រុស្ស៊ី​អាចធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ «ពីរ​ឆ្នាំ​បន្ថែមទៀត»

ប្រធាន​អង្គភាព​ស៊ើបការណ៍​សម្ងាត់​របស់​ក​ង​ទ័ព​ប្រទេស​លី​ទុយ​អា​នី និយាយថា រុស្ស៊ី​មាន​ធនធាន​គ្រប់គ្រាន់​ដើម្បី​រក្សា​យុទ្ធនាការ​យោធា​ពិសេស​របស់ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​ដូច​បច្ចុប្បន្ន​ចំនួន​ពីរ​ឆ្នាំ​បន្ថែមទៀត។

«ប្រភពធនធាន​នានា​ដែល​​​រុស្ស៊ី​កំពុងមាន ​គឺ​គ្រប់គ្រាន់​ដើម្បី​អាច​បន្តធ្វើ​សង្គ្រាម​ខ្លាំងក្លា​ដូច​បច្ចុប្បន្ន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ទៀត» ប្រធាន​អង្គភាព​ស៊ើប​ការណ៍សម្ងាត់​របស់​កងទ័ព​លី​ទុយ​អា​នី Elegijus Paulavicius ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី 09 មីនា​ដូច្នេះ។ «ពេលវេលា​ដែល​រុស្ស៊ី​អាច​អូសបន្លាយ​សម្រាប់​ការធ្វើ​សង្គ្រាម​នេះ​នឹង​អាស្រ័យ​លើ​ការជួយជ្រោមជ្រែង​ពី​បណ្ដា​ប្រទេស មានដូចជា អ៊ីរ៉ង់ និង​កូរ៉េខាងជើង​ជាដើម»។

ក្រុម​ចារកម្ម​របស់លោក​ខាងលិច​កន្លងមក​ធ្លាប់បាន​និយាយថា អ៊ីរ៉ង់ និង​កូរ៉េខាងជើង​កំពុង​ផ្គត់ផ្គង់​អាវុធ​ឱ្យ​រុស្ស៊ី ប៉ុន្តែ​ទីក្រុង​តេ​ហេ​រ៉ង់ និង​ព្យុងយ៉ាង​បាន​ច្រានចោល​ការចោទប្រកាន់​នេះ។

ទណ្ឌកម្ម​នានា​របស់​ប​ស្ចិ​ម​លោក​មិនទាន់​ជះឥទ្ធិពល​ដល់​ប្រភព​ហិរញ្ញវត្ថុ​របស់​រុស្ស៊ី​សម្រាប់​យុទ្ធនាការ​យោធា។ រុស្ស៊ី​បាន​ប្រើប្រាស់ «ស្ថាប័ន​អន្តរការី​ជាច្រើន» ដើម្បី​មាន​បច្ចេកវិទ្យា​ដែល​រង​ទណ្ឌកម្ម។ កងទ័ព​រុស្ស៊ី​ក៏​ត្រូវបាន​កែ​សម្រួល​ដើម្បី​អាច​ប្រឈមមុខ​នឹង​លោកខាងលិច​ក្នុង​រយៈពេល​យូរ ព្រមទាំង​ នឹង​បង្កើត​វត្ត​មាននៅ​សមុទ្រ​បាល​ទិច។ នេះ​បើតាម​លោក Paulavicius។

ក្រុមមន្ត្រី​រុស្ស៊ី​មិនទាន់​មាន​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទង​នឹង​ការអះអាង​របស់​លោក Paulavicius ខាងលើ។

លី​ទុយ​អា​នី​ក៏បាន​ចោទថា ក្រុមចោរ​អ៊ី​ន​ធើ​ណិ​ត​ដែលមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​រុស្ស៊ី និង​ចិន បាន​ព្យាយាម​ចូល​គ្រប់គ្រង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​រដ្ឋាភិបាល​ប្រទេស​នេះ​នៅក្នុង​ឆ្នាំ 2020។

លី​ទុយ​អា​នី​មាន​ព្រំដែន​ជាប់​នឹង Kaliningrad ដែលជា​ទឹកដី​ឯនាយសមុទ្រ​របស់​រុស្ស៊ី

ក្រោយ​ត្រូវ​លី​ទុយ​អា​នី​ចោទប្រកាន់ ប្រទេស​ចិន​មិនទាន់មាន​ការឆ្លើយតប​នៅឡើយ។ ប៉ុន្តែ ភាគី​រុស្ស៊ី​វិញ ធ្លាប់បាន​ទាត់ចោល​ការអះអាង​នេះ​ជាច្រើនលើក។

លី​ទុយ​អា​នី​មាន​ព្រំដែន​ជាប់​នឹង Kaliningrad ដែលជា​ទឹកដី​ឯនាយសមុទ្រ​របស់​រុស្ស៊ី ហើយក៏​ជា​កន្លែង​ដែលមាន​ទីស្នាក់ការ​កណ្តា​ល​នៃ​កង​នាវាចរ​ណ៍​បាល់​ទិ​ក​របស់​កងទ័ពជើងទឹក​រុស្ស៊ី​ផងដែរ​។ លី​ទុយ​អា​នី​កំពុង​បារម្ភ​ចំពោះ​សន្តិសុខ​ជាតិ បន្ទាប់ពី​រុស្ស៊ី​បាន​បើក​ការឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​កាលពី​ខែកុម្ភៈ 2022។

លី​ទុយ​អា​នី​គឺជា​សមាជិក​មួយ​របស់​សហភាព​អឺរ៉ុប​ដែល​រិះគន់​រុស្ស៊ី​ខ្លាំងជាងគេ ខណៈដែល​ទំនាក់ទំនង​រវាង​ប្រទេស​នេះ និង​ចិន​មាន​ភាព​តានតឹង​ចាប់ពី​ឆ្នាំ 2021 បន្ទាប់ពី ទីក្រុង​វីលនីញូស អនុញ្ញាតឱ្យ​ទីក្រុង​តៃប៉ិ​បើក​ការិយាល័យ​តំណាង​ការទូត​លើទឹក​ដី​ខ្លួន៕

Advertisement