ប៉ូលិស​ជាង 10 នាក់​ត្រូវបាន​ចាប់ជំរិត​​ដោយ​ក្រុម​ជន​ពាល​​នៅ​ម៉ិ​ក​ស៊ី​ក

ក្រុម​ប៉ូលិស​ម៉ិកស៊ិក​ចុះ​អនុវត្ត​ច្បាប់​កាល​ពី​ឆ្នាំ 2022

មន្ត្រី​ប៉ូលីស​ចំនួន 14 នាក់​របស់​រដ្ឋ Chiapas នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ត្រូវបាន​ក្រុម​ប្រដាប់​អាវុធ​ខុស​ច្បាប់​​បញ្ឈប់រថយន្ត និង​ចាប់ខ្លួន​នៅលើ​ផ្លូវ​ល្បឿន​លឿន។

ស្ថាប័ន​សន្តិសុខ​របស់​រដ្ឋ Chiapas ភាគខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ិ​ក កាលពី​ថ្ងៃទី 27 មិថុនា 2023 បានឱ្យដឹងថា ប៉ូលិស​មួយ​ក្រុម​​ត្រូវបាន​ក្រុម​ប្រដាប់អាវុធ​ចាប់ជំរិត​ពេល​កំពុងធ្វើដំណើរ​ដោយ​រថយន្ត​លើផ្លូវ​ល្បឿន​លឿន​ក្នុង​ទីរួមស្រុក Ocozocautla និង​ទីក្រុង​រដ្ឋបាល Tuxtla Gutierrez របស់​រដ្ឋ Chiapas។

ទំព័រ Reforma ផ្សាយ​ថា ក្រុម​ប្រដាប់អាវុធ​នេះ​បាន​បញ្ឈប់រថយន្ត​ដឹក​ក្រុមប៉ូលិស រួច​ប្រមូលយក​ទូរស័ព្ទ និង​បញ្ជា​ឱ្យ​ដេក​ផ្កាប់​មុខ​លើដី។ ក្រុម​នេះ​ដោះលែង​ប៉ូលិស​ជា​ស្ត្រីភេទ និង​ចាប់ជំរិត​ប៉ូលិស​ជា​បុរស​ចំនួន 14 នាក់។ កងកម្លាំង​ប៉ូលិស​របស់​រដ្ឋ​នេះ​កំពុងបើក​ការស្រាវជ្រាវ ស្វែងរក​ក្រុមប៉ូលិស​ដែល​ត្រូវ​ចាប់ជំរិត ក៏ដូចជា​ក្រុម​ជនល្មើស។

ករណី​ប្រឈមមុខ​ដាក់គ្នា​រវាង​កង​កម្លាំង​អនុវត្ត​ច្បាប់ និង​ក្រុម​ជនល្មើស​នៅ Ocozocautla បាន​កើត​ឡើង​ញឹក​ញាប់​ខ្លាំង​​ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ។ Ocozocautla គឺជា​តំបន់​ដែល​កើតមាន​អំពើ​ជួញដូរ​មនុស្ស និង​គ្រឿងញៀន​​​សកម្ម​ជាងគេ​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក។

Advertisement