ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន នៅតែ​វិជ្ជមាន​នឹង​វីរុស​កូ​វីដ-១៩

ក្នុង​ប្រកាស​របស់ សេត​វិមាន វេជ្ជបណ្ឌិត Kevin O’Connor ឱ្យដឹងថា ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន បន្ត​វិជ្ជមាន​នឹង​វីរុស​កូ​វីដ-១៩។

វេជ្ជបណ្ឌិត Kevin O’Connor ដែលជា​អ្នកទទួលខុសត្រូវ​លើ​សុខភាព​ផ្ទាល់ខ្លួន​របស់ ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន បានឱ្យដឹងថា មេដឹកនាំ​រូបនេះ កាលពី​ថ្ងៃទី ០២ សីហា បន្ត​ទទួលបាន​លទ្ធផល​វិជ្ជមាន​នឹង​វីរុស​កូ​វីដ-១៩។

ប្រកាស​ខាងលើ​ក៏បាន​បញ្ជាក់ថា លោក បៃ​ដិ​ន នៅមាន​សុខភាព​ល្អ កម្លាំង​មាំមួន បើទោះជា​លោក​មាន​អាការ​ក្អកស្រាលៗជាថ្មី។ វេជ្ជបណ្ឌិត Kevin O’Connor បន្តថា ប្រធានាធិបតី​អាម៉េរិក «មិនមាន​អាការ​ក្ដៅខ្លួន និង​មាន​អារម្មណ៍ល្អ»។

លោក ចូ បៃ​ដិ​ន បាន​ឆ្លង​កូ​វីដ-១៩ កាលពី​ថ្ងៃទី ២១ កក្កដា និង​បាន​អវិជ្ជមាន​នឹង​វីរុស​នេះ​កាលពី​ពាក់កណ្ដាល​សប្ដាហ៍​មុន ប៉ុន្តែ​ទទួលបាន​លទ្ធផល​វិជ្ជមាន​ឡើងវិញ​កាលពី​ចុង​សប្ដាហ៍​កន្លង។ វេជ្ជបណ្ឌិត O’Connor បាន​បកស្រាយ​ថា នេះ​គឺជា​បាតុភូត «រើ​ឡើងវិញ» ដែលមាន​អត្រា​ទាប​ចំពោះ​អ្នកជំងឺ​ដែល​ប្រើ​ថ្នាំ​ប្រឆាំង​វីរុស Paxlovid៕

Advertisement