តំណាងរាស្ត្រ​អាម៉េរិក អំពាវនាវ​ឱ្យ​ «បាញ់​ទម្លាក់​» យន្តហោះ​ចម្បាំង​រុស្ស៊ី ក្រោយ​ករណី​ធ្លាក់ UAV

តំណាងរាស្ត្រ​នៅ​សភា​ជាន់ខ្ពស់​អាម៉េរិក Lindsey Graham បាន​លើកសំណើ​ឱ្យ​វ៉ា​ស៊ី​ង​តោន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​ដែល​ហោះ​មក​ក្បែរ​យាន​យោធា​អាម៉េរិក ដើម្បី​ឆ្លើយតប​នឹង​ករណី​ធ្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) របស់​អាម៉េរិក​នៅលើ​ស​មុ​ទ្រ​ខ្មៅ​កាលពី​ប៉ុន្មាន​ថ្ងៃមុន។

«បើជា​ប្រធានាធិបតី Ronald Reagan វិញ លោក​នឹងធ្វើ​អ្វី​នៅក្នុង​ស្ថានការណ៍​នេះ? លោក​នឹង​បញ្ជា​ឱ្យ​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី បើ​ពួកគេ​គំរាម​ដល់​យាន​យោធា​របស់​យើង» លោក Lindsey Graham សមាជិកសភា​របស់​ប​ក្ស​សាធារណរដ្ឋ បាន​ថ្លែង​លើ​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃទី 15 មីនា​ដូច្នេះ។

លោក Graham យល់ថា រុស្ស៊ី​ត្រូវតែ​ទទួលខុសត្រូវ​ក្នុងករណី​ធ្លាក់ UAV MQ-9 Reaper របស់​សហរដ្ឋ​អាម៉េរិក​នៅ​សមុទ្រ​ខ្មៅ​កាលពីមុន​នោះ​មួយថ្ងៃ ព្រមទាំង​បានចេញ​ការព្រមាន​ដល់​ក្រុម​មេដឹកនាំ​រុស្ស៊ីផងដែរថា «បើសិនជា​យន្តហោះ​រុស្ស៊ី នៅតែ​ហោះ​ក្បែរ​យាន​យោធា​អាម៉េរិក​ដែល​ធ្វើ​សកម្មភាព​នៅលើ​ដែនអាកាស​អន្តរជាតិ វា​នឹង​ត្រូវបាន​បាញ់​ទម្លាក់»។

ប្រតិកម្ម​ទៅនឹង​ប្រកាស​របស់លោក Graham ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​សហរដ្ឋ​អាម៉េរិក Anatoly Antonov ឱ្យដឹងថា ម៉ូស្គូ​មិន​ចង់​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​វ៉ា​ស៊ី​ង​តោន ប៉ុន្តែ​បាន​សង្កត់ធ្ងន់ថា រាល់​ការវាយប្រហារ​ដោយ​ចេតនា​មកលើ​យន្តហោះ​រុស្ស៊ី​លើ​ដែនអាកាស​អន្តរជាតិ​នឹង​ជា «ការប្រកាសសង្គ្រាម​សំដៅលើ​មហាអំណាច​នុយ​ក្លេ​អែរ​ធំជាងគេ​លើ​លោក»។

បញ្ជាការដ្ឋាន​កងទ័ព​ប្រចាំ​អឺរ៉ុប​របស់​អាម៉េរិក បានឱ្យដឹងថា យន្តហោះ​ចម្បាំង Su-27 ពីរ​គ្រឿង​របស់​រុស្ស៊ី បាន​ហោះ​មក​ក្បែរ ហោះ​កាត់មុខ និង​បាញ់​ប្រេងសាំង​ទៅលើ UAV MQ-9 Reaper នៅលើ​តំបន់​សមុទ្រ​អន្តរជាតិ​កាលពី​ថ្ងៃទី 14 មីនា មុនពេល​យន្តហោះ Su-27 មួយគ្រឿង​ផ្សេងទៀត​ប៉ះទង្គិច​លើ​ស្លាប​កង្ហារ​របស់ UAV ​បង្ខំ​ឱ្យ​ទ័ពអាកាស​អាម៉េរិក​ទ​ម្លា​ក់ UAV ចូលក្នុង​សមុទ្រ។

តំណាងរាស្ត្រ​នៅ​សភា​ជាន់ខ្ពស់​អាម៉េរិក Lindsey Graham

មន្ទីរ​បញ្ច​កោណ​និយាយថា MQ-9 ពេលនោះ​កំពុង​ឈ្លបយកការណ៍​ដូច​ធម្មតា។ អាម៉េរិក​ប្រើប្រាស់ MQ-9 សម្រាប់​សកម្មភាព​ឈ្លបយកការណ៍ និង​វាយប្រហារ​គោលដៅ​លើដី។ យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​តែង​ហោះ​លើ​សមុទ្រ​ខ្មៅ​ដើម្បី​តាមដាន​កងទ័ព​រុស្ស៊ី។

ក្រុមមន្ត្រី​រុស្ស៊ី​បាន​ច្រានចោល​ការចោទប្រកាន់​ពី​អាម៉េរិក និង​យល់ថា UAV របស់​អាម៉េរិក​ផ្លាស់ប្ដូរ​ទិស​​ដៅ​រហ័ស និង​ធ្លា​ក់ដោយ​ឯកឯង​នៅពេល​បាត់បង់​ការគ្រប់គ្រង។ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អាម៉េរិក Anatoly Antonov អះអាងថា MQ-9 កំពុង​ប្រមូល​ទិន្នន័យ​ដើម្បី​បញ្ជូនទៅឱ្យ​អ៊ុយ​ក្រែ​ន មុនពេល​ត្រូវ​ធ្លាក់។

នេះ​គឺជា​ការប៉ះទង្គិច​ផ្ទាល់​ជា​លើកដំបូង​រវាង​កងក​ម្លាំ​ង​រុស្ស៊ី និង​អាម៉េរិក រាប់​ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង​កាលពី​ខែកុម្ភៈ​ឆ្នាំ​កន្លង។ ហេតុការណ៍​នេះ​មិនបាន​ធ្វើឱ្យមាន​ការប្រឈមមុខ​ដាក់គ្នា​នៅ​កន្លែង​ជាក់ស្ដែង​បន្ទាប់​ទៀត​នោះទេ ប៉ុន្តែ​វា​ធ្វើឱ្យ​ទ័ពអាកាស​អាម៉េរិក​ខាតបង់​អស់យ៉ាង​តិច 30 លាន​ដុល្លារ​អាម៉េរិក នៅ​ពេល MQ-9 Reaper បាន​បាត់​ខ្លួន​ទាំងស្រុង​ពី​អាកាស៕

Advertisement