ចិន កោះហៅ​ ឯក​អគ្គរដ្ឋទូត​អាម៉េរិក ព្រោះតែ​ដំណើរ​ទស្សនកិច្ច​កោះ​តៃវ៉ាន់ របស់លោក​ស្រី Pelosi

លោកស្រី Nancy Pelosi (ស្ដាំ) និងមេដឹកនាំស្ថាប័នការបរទេសតៃវ៉ាន់ Joseph Wu នៅព្រលានយន្តហោះ Taipei Songshan កាលពីថ្ងៃទី ០២ សីហា ២០២២

រដ្ឋាភិបាល​ចិន បាន​កោះហៅ ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​ទីក្រុង​​ប៉េកាំង ដើម្បី​រិះគន់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ ប្រធានសភា​ជាន់​ទាប​អាម៉េរិក Nancy Pelosi ដែល​បានធ្វើ​ទស្សនកិច្ច​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី ០២ សីហា។

ក្នុង​ការជជែក​ជាមួយ ឯកអគ្គរដ្ឋទូត​អាម៉េរិក Nicholas Burns អនុរដ្ឋមន្ត្រី​ការបរទេស​ចិន Xie Feng បាន​សម្ដែង «ការប្រឆាំង​តវ៉ាយ៉ាងខ្លាំង​ក្លា» ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ ប្រធានសភា​ជាន់​ទាប​អាម៉េរិក លោកស្រី Nancy Pelosi នៅ កោះ​តៃវ៉ាន់ ជាទី​ដែល ប៉េកាំង ចាត់ទុកថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​រង់ចាំតែ​ការបង្រួបបង្រួមប៉ុណ្ណោះ។

អនុរដ្ឋមន្ត្រី​ការបរទេស​ចិន Xie Feng បាន​ថ្លែងថា សហរដ្ឋ​អាម៉េរិក «នឹងត្រូវ​បង់ថ្លៃ​សម្រាប់​កំហុសឆ្គង​នេះ» និង​បាន​អំពាវនាវ​ឱ្យ ទីក្រុង​វ៉ា​ស៊ី​ង​តោន ដោះស្រាយ «បញ្ហា​ខុសឆ្គង» ទាំងនេះ​ជាបន្ទាន់ ក៏ដូចជា​អនុវត្ត​វិធានការ​ជាក់ស្ដែង​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi។

ប្រធានសភា​ជាន់​ទាប​អាម៉េរិក កាលពី​ថ្ងៃទី ០២ សីហា បាន​ទៅដល់ កោះ​តៃវ៉ាន់ បើទោះជា​មានការ​ព្រមានធ្ងន់ៗពី​សំណាក់ ទីក្រុង​ប៉េកាំង ក្នុង​រយៈពេល​ច្រើន​ថ្ងៃ​មកនេះ។

ទោះបីជា អាជ្ញាធរ​របស់​ប្រធានាធិបតី ចូ បៃ​ដិ​ន ត្រូវបាន​គេ​ជឿថា បាន​ជំទាស់​ទៅនឹង​ដំណើរ​ទស្សនកិច្ច​ទៅកាន់ កោះ​តៃវ៉ាន់ នេះក្ដី ប៉ុន្តែ អ្នកនាំពាក្យ​នៃ ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​នៅ សេត​វិមាន John Kirby ថ្លែងថា លោកស្រី Pelosi មាន​សិទ្ធិ​ទៅកាន់​កន្លែង​ដែល​លោកស្រី​ចង់ទៅ។

កងទ័ព​ចិន និយាយថា កងកម្លាំង​របស់​ប្រទេស​នេះ​កំពុងស្ថិត​ក្នុងការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់ និង​ត្រៀម​ឆ្លើយតប​នឹង​ដំណើរ​ទស្សនកិច្ច​នេះ។ អាជ្ញាធរ​ចិន ប្រកាសថា នឹងធ្វើ​សមយុទ្ធ​យោធា​នៅ​ជុំវិញ កោះ​តៃវ៉ាន់ ចាប់ពី​ថ្ងៃទី​នេះ (០៣ សីហា)។

ស្ថាប័ន​ការ​ពារ​កោះតៃវ៉ាន់ បាន​ឱ្យ​ដឹង​ថា យន្តហោះ​យោធា​ចិន​ ​ជាង ២០ គ្រឿង​ បាន​ហោះ​ចូល​ក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការ​ពារដែន​អាកាស​របស់​កោះ​នេះ​ក្នុង​ថ្ងៃទី ០២ សីហា​៕

Advertisement