កូរ៉េខាងជើង ថ្កោលទោស​ដំណើរ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់ របស់ ប្រធានសភា​ជាន់​ទាប​អាម៉េរិក

លោកស្រី Nancy Pelosi (កណ្ដាល)

កូរ៉េខាងជើង បាន​ហៅ​ដំណើរ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់ របស់ ប្រធានសភា​ជាន់​ទាប​អាម៉េរិក ថា «ជាការ​ជ្រៀតជ្រែក​យ៉ាង​គឃ្លើន» របស់ សហរដ្ឋ​អាម៉េរិក ទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់ ប្រទេស​ចិន។

«ការជ្រៀតជ្រែក​យ៉ាង​គឃ្លើន​របស់ សហរដ្ឋ​អាម៉េរិក ទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ និង​សកម្មភាព​បង្កហេតុ​ផ្នែក​នយោបាយ យោធា ដោយមាន​ចេតនា​របស់​ប្រទេស​នេះ គឺ​ពិតជា​មូលហេតុ​ចម្បង​ដែល​បណ្ដាលឱ្យ​សន្តិភាព សន្តិសុខ​ក្នុង​តំបន់ ត្រូវ​រង​ការរំលោភបំពាន» អ្នកនាំពាក្យ​នៃ ក្រសួងការបរទេស​កូរ៉េខាងជើង ថ្ងៃនេះ (០៣ សីហា) ប្រកាស​ដូច្នេះ។

អ្នកនាំពាក្យ​ខាងលើ បន្ថែមថា «តៃវ៉ាន់ គឺជា​ផ្នែក​មួយ​ដែល​មិនអាច​កាត់ផ្ដាច់​បាន​រប​ស់ ប្រទេស​ចិន ហើយ​បញ្ហា កោះ​តៃវ៉ាន់ គឺ​ទាក់ទិន​នឹង​កិច្ចការ​ផ្ទៃក្នុង​របស់ ប្រទេស​ចិន»។

ប្រកាស​របស់ កូរ៉េខាងជើង ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី ប្រធានសភា​ជាន់​ទាប​អាម៉េរិក លោកស្រី Nancy Pelosi បាន​បំពេញ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី ០២ សីហា ជា​ដំណើរ​ទស្សនកិច្ច​របស់ មន្ត្រីជាន់ខ្ពស់​បំផុត​នៃ សហរដ្ឋ​អាម៉េរិក មកកាន់​កោះ​នេះ​ក្នុងអំឡុង ២៨ ចុងក្រោយ​នេះ ធ្វើឱ្យ​ភាព​តានតឹង​រវាង សហរដ្ឋ​អាម៉េរិក និង ចិនដីគោក ឡើង​កម្ដៅ​ថែម​មួយកម្រិត​ទៀត។

ចិនដីគោក គឺជា​សម្ព័ន្ធមិត្ត​យូរ​ឆ្នាំ និង​ជា​ដៃគូ​សេដ្ឋកិច្ច​ធំ​បំផុត​របស់ កូរ៉េខាងជើង។ ទីក្រុង​ព្យុងយ៉ាង បានប្រកាស​គាំទ្រ​ដល់ ទីក្រុង​ប៉េកាំង ក្នុងការ​ថ្កោលទោស​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi។

កងទ័ព​ចិន និយាយថា កងកម្លាំង​របស់​ប្រទេស​នេះ​កំពុងស្ថិត​ក្នុងការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់ និង​ត្រៀម​ឆ្លើយតប​នឹង​ដំណើរ​ទស្សនកិច្ច​នេះ។ អាជ្ញាធរ​ចិន ប្រកាសថា នឹងធ្វើ​សមយុទ្ធ​យោធា​នៅ​ជុំវិញ កោះ​តៃវ៉ាន់ ចាប់ពី​ថ្ងៃទី​នេះ (០៣ សីហា)។

ស្ថាប័ន​ការ​ពារ​កោះតៃវ៉ាន់ បាន​ឱ្យ​ដឹង​ថា យន្តហោះ​យោធា​ចិន​ ​ជាង ២០ គ្រឿង​ បាន​ហោះ​ចូល​ក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការ​ពារដែន​អាកាស​របស់​កោះ​នេះ​ក្នុង​ថ្ងៃទី ០២ សីហា​៕

Advertisement