តៃវ៉ាន់ កំពុងត្រៀមផែនការ​សម្រាប់​ទប់ទល់​នឹង​ស្ថានការណ៍​អាសន្ន ពេល​ទទួល ​មន្ត្រីជាន់​ខ្ពស់​អាម៉េរិក

កងកម្លាំង​ការពារ​កោះ​តៃវ៉ាន់ កំពុង​រៀប​ផែនការ​​នានា​ដើម្បី​ត្រៀម​ទប់ទល់​នឹង​ស្ថានការណ៍​អាសន្ន និង​ប្ដេជ្ញា​ការពារ​កោះ​នេះ​នៅ​ចំពោះមុខ​ការគំរាមកំហែង​ទាំងឡាយ ទាក់ទិន​នឹង​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​សហរដ្ឋ​អាម៉េរិក។

«យើង​កំពុង​ត្រៀម​ផែនការ​ជា​ច្រើន​​យ៉ាង​​ល្អិតល្អន់ ហើយ​កម្លាំង​សមស្រប​នឹងត្រូវ​បានដាក់​ពង្រាយ​ដើម្បី​ប្រតិកម្ម​ទៅតាម​ការកំណត់​ស្ដីពី​ការ​ទប់​ទល់នឹង​ស្ថានការណ៍​អាសន្ន និង​ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​គូបដិបក្ខ» កងកម្លាំង​ការពារ​កោះ​តៃវ៉ាន់ ថ្ងៃនេះ​បានប្រកាស​ដូច្នេះ។

ចំណែក​មេដឹកនាំ​ស្ថាប័ន​ប្រតិបត្តិ​របស់ តៃវ៉ាន់ លោក Su Tseng-chang បានឱ្យដឹងថា កោះ​តៃវ៉ាន់ ស្វាគមន៍ អបអរសាទរ​ដំណើរ​ទស្សនកិច្ច​របស់​ភ្ញៀវ​បរទេស។

«តៃវ៉ាន់ នឹងមាន​ការរៀបចំ​ឱ្យ​សមស្រប​បំផុត» សម្រាប់​ទទួលភ្ញៀវ​ដូច្នេះ និង​គោរព​ចំពោះ​គម្រោង​របស់​ពួកគេ នេះ​បើតាម​លោក Su Tseng-chang ដែល​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ តៃប៉ិ នៅពេល​ត្រូវបាន​សួរ​អំពី​ដំណើរ​ទស្សនកិច្ច​របស់ ប្រធានសភា​ជាន់​ទាប​អាម៉េរិក លោកស្រី Pelosi។

ការអធិប្បាយ​នេះ​ត្រូវ​បានលើកឡើង​បន្ទាប់ពី អាជ្ញាធរ​ចិនដីគោក បាន​ព្រមាន​ខ្លាំង​ៗ និង​គូសវាស​បន្ទាត់​ក្រហម ក្រោយពី​​​ប្រភពព័ត៌មាន​ពី មន្ត្រី​អាម៉េរិក និង តៃវ៉ាន់ បានឱ្យដឹងថា ប្រធានសភា​ជាន់​ទាប់​អាម៉េរិក លោកស្រី Nancy Pelosi នឹង​បំពេញ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់ ដោយ​ស្នាក់នៅ​មួយ​យប់ ហើយ​គ្រោង​នឹង​ជួប មេដឹកនាំ Tsai Ing-wen នៅ​ថ្ងៃទី ០៣ សីហា។

អ្នកនាំពាក្យ​របស់ ក្រសួងការបរទេស​ចិន លោក Zhao Lijian កាលពី​សប្ដាហ៍​កន្លង​បាន​ថ្លែងថា កងទ័ព​ចិន នឹង «មិន​នៅ​ស្ងៀម» បើសិន​លោកស្រី Pelosi មកកាន់ កោះ​តៃវ៉ាន់ និង​បាន​ព្រមាន​ថា សហរដ្ឋ​អាម៉េរិក នឹងត្រូវ​រង​ផលប៉ះពាល់​ផ្នែក​នយោបាយ​ធ្ងន់ធ្ងរ បើសិន​ដំណើរ​ទស្សនកិច្ច​នេះ​កើតឡើង៕

Advertisement