រដ្ឋាភិបាលរបស់ប្រទេស ២ នៅ អឺរ៉ុបខាងកើត គឺ ហ្សកហ្ស៊ី (Georgia អតីត Gruzia) និង ម៉ុលដាវី (Moldova) បានដាក់លិខិតស្នើសុំចូលជាសមាជិករបស់ សហភាពអឺរ៉ុប ក្រោយពី សភាអឹរ៉ុប បានគាំទ្រសំណើដូចគ្នានេះរបស់ អ៊ុយក្រែន។
«ថ្ងៃនេះ យើងបានដាក់ពាក្យស្នើសុំចូលជាសមាជិកសហភាពអឺរ៉ុប (EU)» នាយករដ្ឋមន្ត្រី Irakli Garibashvili កាលពីថ្ងៃទី ៣ មីនា បានប្រកាសដូច្នេះក្រោយពីបានចុះហត្ថលេខាលើលិខិតស្នើសុំ។ «ហ្សកហ្ស៊ី គឺជាប្រទេសអឺរ៉ុប ហើយនឹងបន្តមានការរួមចំណែកដែលមានតម្លៃក្នុងការការពារ និងអភិវឌ្ឍទ្វីបនេះ»។
ការសម្រេចចិត្តខាងលើត្រូវបានធ្វើឡើងបន្ទាប់ពីបក្សកាន់អំណាចនៅ ហ្សកហ្ស៊ី ប៉ុន្មានថ្ងៃកន្លងទៅនេះ បានរងសម្ពាធខ្លាំងពីក្រុមប្រឆាំង ដោយស្នើឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Garibashvili យកគំរូតាម អ៊ុយក្រែន ក្រោយពី ប្រធានាធិបតី ហ្សេឡែនស្គី បានទទួលការគាំទ្រច្រើននៅពេលលោកបានដាក់ពាក្យសុំចូលជាសមាជិក EU។
ប្រធានាធិបតីម៉ុលដាវី លោកស្រី Maia Sandu (ស្ដាំ) និងប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី កាលពីខែកញ្ញា ២០២១ ហ្សកហ្ស៊ី មានប្រជាជនសរុប ៣.៧ លាននាក់ ភាគខាងលិចជាប់នឹងសមុទ្រខ្មៅ ភាគខាងជើង និងខាងកើតជាប់នឹង រុស្ស៊ី ចំណែកភាគខាងត្បូងជាប់នឹង តួកគឺ និង អាមេនី រីឯភាគខាងត្បូងជាប់នឹង អាស៊ែបៃហ្សង់។
នៅក្នុងថ្ងៃដដែល ប្រធានាធិបតីរបស់ ប្រទេសម៉ុលដាវី (Moldova) លោកស្រី Maia Sandu ក៏បានប្រកាសថា ប្រទេសនេះបានចុះហត្ថលេខាលើលិខិតស្នើសុំចូលជាសមាជិករបស់ EU ផងដែរ។
ប្រទេសម៉ុលដាវី មានប្រជាជនសរុបជិត ២.៦ លាននាក់។ ប្រទេសនេះមានព្រំដែនខាងលិចជាប់នឹង រូម៉ានី ចំណែកភាគខាងជើង ខាងកើត និងខាងត្បូងជាប់នឹង អ៊ុយក្រែន។
ថ្មីៗនេះ អ៊ុយក្រែន បានដាក់ពាក្យសុំចូលជាសមាជិករបស់ EU ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពី សភាអឺរ៉ុប។ លោក ហ្សេឡែនស្គី បានស្នើឱ្យមានការដាក់បញ្ចូល អ៊ុយក្រែន ទៅក្នុង សហភាពអឺរ៉ុប ជាបន្ទាន់ ដោយមូលហេតុថា ប្រទេសនេះកំពុងរងការឈ្លានពានពី កងទ័ពរុស្ស៊ី។