ទីក្រុង​ធំ​ដំបូង​គេ​របស់ អ៊ុយ​ក្រែ​ន ធ្លាក់​ទៅក្នុង​ដៃ​កងទ័ព​​បរទេស​ឈ្លានពាន

រថក្រោះរុស្ស៊ី នៅច្រកចូលទីក្រុង Kherson

អភិបាលក្រុង Kherson បានឱ្យដឹងថា «កងកម្លាំង​រុស្ស៊ី បាន​សម្រុកចូល​សាលាក្រុង» ដែល​នេះ​គឺជា​សញ្ញាណ​បង្ហាញថា ទីក្រុង​ធំ​ដំបូង​គេ​របស់ អ៊ុយ​ក្រែ​ន បាន​ធ្លាក់​ទៅក្នុង​ដៃ​របស់ កងទ័ព​រុស្ស៊ី។

លោក Igor Kolykhayev ដែលជា​អភិបាលក្រុង Kherson បាន​ប្រាប់ NY Times ថា ទាហាន​រុស្ស៊ី ប្រហែល ១០ នាក់ ក្នុងនោះ​មាន​មេបញ្ជាការ​ម្នាក់ បាន​សម្រុកចូល​អគារ​សាលាក្រុង កាលពី​ថ្ងៃទី ២ មីនា។ ក្រុម​នេះ​បាន​ប្រាប់​លោក​ថា ពួកគេ​នឹង​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ ដែល​ដូច​ទៅនឹង​រដ្ឋាភិបាល​ផ្ដាច់ខ្លួន​ទាំងពីរ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន។

«ខ្ញុំ​មិនបាន​សន្យា​អ្វី​ជាមួយ​ពួកគេ។ ខ្ញុំ​ក៏​មិនមាន​អ្វី​ដើម្បី​សន្យា។ ខ្ញុំ​គ្រាន់តែ​យកចិត្តទុកដាក់​លើ​ជីវភាព​សាមញ្ញ​នៅ​ទីក្រុង​របស់​យើង។ ខ្ញុំ​គ្រាន់តែ​ស្នើឱ្យ​ពួកគេ​កុំ​បាញ់សម្លាប់​ប្រជាជន» លោក Kolykhayev ក្រោយមក ក៏បាន​បង្ហោះ​សារ​នេះ​នៅលើ Facebook។

ទីក្រុង Kherson

អភិបាលក្រុង Kherson ឱ្យដឹងថា បច្ចុប្បន្ន កងទ័ព​អ៊ុយ​ក្រែ​ន មិនមាន​វត្តមាន​នៅក្នុង​ទីក្រុង​នេះ ហើយ​ប្រជាជន​ត្រូវ​ធ្វើតាម​ក្រុម​ប្រដាប់អាវុធ ដែល​នេះ​បង្ហាញថា ទីក្រុង Kherson បច្ចុប្បន្ន ស្ថិតក្រោម​ការគ្រប់គ្រង​របស់ កងទ័ព​រុស្ស៊ី។

Kherson គឺជា​ទីក្រុង​យុទ្ធសាស្ត្រ​​នៅ​ច្រក​​ចេញ​ទៅ​ សមុទ្រ​ខ្មៅ​ របស់ អ៊ុយក្រែន​។ ដណ្ដើម​បាន​ Kherson កងទ័ព​រុស្ស៊ី នឹង​មាន​ឈ្នាន់​សម្រាប់​ឆ្ពោះ​​​ទៅ​ទិស​ខាងលិច​ដើម្បី​វាយ​ប្រហារ​លើ Odessa ដែលជា​ទីក្រុង​មាន​តម្លៃ​ផ្នែក​យុទ្ធសាស្ត្រ​ខ្ពស់​ជាង​។

Advertisement