តៃវ៉ាន់​-WHO បន្ត​ផ្លោង​ពាក្យ​សម្ដី​ដាក់​គ្នា​ លើ​បញ្ហា​COVID-19

តៃវ៉ាន់​-WHO បន្ត​ផ្លោង​ពាក្យ​សម្ដី​ដាក់​គ្នា​ លើ​បញ្ហា​COVID-19

ភាព​តាន​តឹង​បាន​បន្ត​កើន​ឡើង​ នៅ​ពេល​កោះ​តៃ​វ៉ាន់​ចោទ​ប្រកាន់​ WHO ថា បាន​លេង​ពាក្យ​នៅ​ក្នុង​អ៊ីម៉េល​ដែល​បាន​បង្ក​ភាព​ចម្រូង​ចម្រាស​កាល​ពី​ចុង​ឆ្នាំ​2019 ទាក់​ទិន​នឹង​បញ្ហា​វីរុស​COVID-19។

“ប្រភព​ព័ត៌មាន​នានា​នៅថ្ងៃ​នេះ​ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​​9​ករណី​រលាក​សួត​ចម្លែក​ត្រូវ​បាន​រាយការណ៍​នៅ​ទីក្រុង​ Wuhan” មេដឹកនាំ​ស្ថាប័ន​សុខាភិបាល​តៃវ៉ាន់​ Chen Shih-chung នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ទីក្រុង​តៃប៉ិ នា​ថ្ងៃ​នេះ បាន​អាន​សារ​ក្នុង​អ៊ីម៉េលមួយ​ដែល​តៃវ៉ាន់​បាន​ផ្ញើ​ទៅ​កាន់​អង្គ​ការ​សុខ​ភាព​ពិភពលោក​​(WHO) កាល​ពី​ថ្ងៃតី​31​ធ្នូ ឆ្នាំ​2019។

លោក​ Chen Shih-chung បន្ត​អាន​សារ​ខាង​លើ​ “បណ្ដា​ស្ថាប័ន​សុខាភិបាល​នៅ​ទីក្រុង​ Wuhan បាន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​ថា 9ករណី​នេះ​ត្រូវ​បាន​ជឿ​ថា​មិន​មែនជា​ SARS(ជំងឺ​ផ្លូវ​ដង្ហើមម្យ៉ាង)នោះ​ទេ​ ប៉ុន្តែ កំពុង​ពិនិត្យ​ទៅ​លើ​សំណាក​វត្ថុ​វិភាគទាំង​នេះ ហើយ​អ្នក​ជំងឺ​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​។ ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​ក្នុង​ការ​ស្ដាប់ បើ​សិន​អស់​លោក​មាន​ព័ត៌​មាន​ទាក់​ទិន​ ចែក​រំលែក​មក​យើង​ខ្ញុំ​”។

មេដឹកនាំ​ស្ថាប័ន​សុខាភិបាល​តៃវ៉ាន់​ Chen Shih-chung
មេដឹកនាំ​ស្ថាប័ន​សុខាភិបាល​តៃវ៉ាន់​ Chen Shih-chung

ខ្លឹមសារ​នៃ​អ៊ីម៉េល​ត្រូវ​បាន​ភាគីតៃវ៉ាន់​ប្រកាស​បន្ទាប់​ពី​ WHO ថ្ងៃ​នេះ​បាន​ឱ្យ​ដឹង​ថា​ អ៊ីម៉េល​ដែល​ WHO ​បាន​ទទួល​ពីតៃវ៉ាន់ មិន​បាន​និយាយ​ដល់​បញ្ហា​វីរុស​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នោះ​ទេ​។ កាល​ពី​ខែ​មុន​ កោះតៃវ៉ាន់​បាន​និយាយ​ថា ពួក​គេ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​ WHO ទៅ​នឹង​អ៊ីម៉េល​ដែល​បាន​ផ្ញើ​កាល​ពី​ថ្ងៃទី​31​ ខែ​ធ្នូ ឆ្នាំ​2019​ ទាក់​ទិន​នឹង​អាសន្ន​រោគ​នៅ​ទីក្រុង​ Wuhan ក្នុង​នោះ​មាន​សំណួរ​ដែល​សួរ​អំពី​ថា​តើ​វីរុស​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ដែរ​ ឬ​អត់​ផងដែរ។

WHO ឱ្យ​ដឹង​ថា “យើង​សួរ​ពួកគេ​ថា តើ​ពួក​គេ​បញ្ជូន​ព័ត៌មាន​នោះ​មក​កាន់​យើង​ខ្ញុំ​ដោយ​របៀប​ណា​ បើ​យើង​ខ្ញុំ​ទទួល​បាន​តែ​អ៊ីម៉េល​មួយ​ដែល​មិន​បាន​និយាយ​ដល់​បញ្ហា​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ ប៉ុន្តែពួក​គេ​មិន​បាន​ឆ្លើយ​តប”។

លោក Chen បាន​ច្រាន​ចោល​ការ​ប្រកាស​របស់ WHO ដោយ​​លោក​និយាយ​ថា អ្នកជំនាញ​ផ្នែក​សុខាភិបាល​ណា​ក៏ដឹង​អំពី​ករណី​ដែល​ត្រូវ​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​នោះ​ដែរ។ លោក​បន្ត​ថា WHO កំពុង​តែ​លេង​ពាក្យ​សម្ដី។ “បើ​សិន​ជា​ត្រូវ​បាន​ព្យាបាល​ដោយ​ដាក់​ឱ្យ​នៅ​ដោយ​ឡែកមិន​មែនជា​ការ​ព្រមាន​ តើ​វា​ជា​អ្វី​?”។

តៃវ៉ាន់ ធ្លាប់​ជា​អ្នក​សង្កេត​ការណ៍​របស់​ WHO ប៉ុន្តែ តាំងពី​លោក​ស្រី Tsai Ing-wen ឡើង​ដឹក​នាំ​កោះ​តៃវ៉ាន់​ចាប់​ពី​ឆ្នាំ​2016 តៃវ៉ាន់​បាន​បាត់​បង់​តួនាទី​ជា​អ្នក​សង្កេត​ការ​នេះ​ ដោយ​សារ​មាន​ការ​ជំទាស់​ពី​ប្រទេស​ចិន​។

ប្រទេស​ចិន​តែង​ចាត់​ទុក​តៃវ៉ាន់​ជា​ដែន​ដី​មួយ​ផ្នែក​របស់​ខ្លួន​ និង​អះអាង​ថា កោះនេះ​មិន​មាន​សិទ្ធិ​ចូល​រួម​ក្នុង​ស្ថាប័ន​អន្តរជាតិ​ណា​មួយ​នោះ​ឡើយ​។ តៃវ៉ាន់​យល់​ថា ​ប្រការ​នេះ​ហើយ ដែល​​បាន​ដក​ហូត​ឱកាស​បញ្ជូន​សារ​ទាន់​ពេល​ដើម្បី​ទប់​ស្កាត់​វីរុស ហើយ​តៃវ៉ាន់​ក៏បាន​ចោទ​ប្រកាន់​ WHO ថា មិន​បាន​អើ​ពើ​ដល់​ការ​ព្រមាន​ពី​ដំបូង​របស់​កោះ​តៃវ៉ាន់​នៅក្នុង​បញ្ហា​COVID-19។

លោក​ស្រី Tsai Ing-wen ឡើង​ដឹក​នាំ​កោះ​តៃវ៉ាន់​ចាប់​ពី​ឆ្នាំ​2016
លោក​ស្រី Tsai Ing-wen ឡើង​ដឹក​នាំ​កោះ​តៃវ៉ាន់​ចាប់​ពី​ឆ្នាំ​2016

កាល​ពី​ថ្ងៃទី​12មករា WHO បាន​ឱ្យ​ដឹង​ថា មិន​មាន​ភ័ស្តុ​តាង​ច្បាស់​លាស់​អំពី​ការ​ដែល​ថា​វីរុស​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​។ ថ្ងៃទី 20មករា ប្រទេស​ចិន​បញ្ជាក់​ថា វីរុស​នេះអាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​។ ប៉ុន្តែ តៃវ៉ាន់​សង្ស័យ​លើ​ព័ត៌មាន​ពី​ប្រទេស​ចិន ហើយ​បាន​ធ្វើ​ការ​ចម្រាញ់​ជ្រើស​រើស​អ្នក​ដែល​មក​ពី​ទីក្រុង​ Wuhan ចាប់​ពី​ថ្ងៃទី​31​ធ្នូ2019។ តៃវ៉ាន់​ក៏បាន​ធ្វើ​សកម្ម​ភាព​បន្ទាន់​ចាប់​ពី​ថ្ងៃទី​2មករា​ ដែល​ប្រការ​នេះត្រូវ​បាន​អ្នក​ជំនាញ​វាយ​តម្លៃ​ថា បាន​ជួយ​ឱ្យ​តៃវ៉ាន់​គ្រប់​គ្រង​ការ​ឆ្លង​រាល​ដាល​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។

តៃវ៉ាន់​បច្ចុប្បន្ន មាន​អ្នក​ជំងឺ​ COVID-19 ជិត​390​នាក់​ ក្នុង​នោះ​មាន​6នាក់​បាន​បាត់បង់ជីវិត​៕

ប្រភព៖ Reuters

Advertisement