បរិភោគ​​ក្រោយ​ម៉ោង​នេះ​ ហានិភ័យដាច់​សរសៃឈាម​ខួរក្បាលនឹង​កើន​បន្ថែម​ 28 ភាគ​រយ

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​រយៈ​ពេល 7 ឆ្នាំ និង​បាន​រកឃើញ​ថា ពេល​វេលា​នៃ​ការ​បរិភោគ​អាហារ​ពេលល្ងាច អាច​ប៉ះពាល់​ដល់​សុខភាព​បេះដូង និង​បង្កើន​ហានិភ័យ​កើត​ជំងឺ​ដាច់សរសៃ​ឈាម​ខួរ​ក្បាល​ ដែល​នាំ​ឱ្យ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ជាដើម។

ក្រុម​អ្នក​ជំនាញ​មក​ពី​សាកលវិទ្យាល័យ​ Sorbonne Paris Nord នៃ​ប្រទេស​បារាំង បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ វាយ​តម្លៃ​ស្ថានភាព​សុខភាព​របស់​មនុស្ស​ 103,389 នាក់​ នៅ​ក្នុង​រង្វង់ 7 ឆ្នាំ​ ហើយ​​​បាន​រកឃើញ​ថា ការ​បរិភោគ​អាហារ​ពេល​ល្ងាច​មុន​ម៉ោង​ 20 (ម៉ោង​ 8 យប់) នឹង​ល្អ​សម្រាប់​សុខភាព​។ ក្រុម​ស្រាវជ្រាវ​បាន​ពិនិត្យ​មើល​កាល​វិភាគ​នៃ​ការ​បរិភោគ​​អាហារ​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​បាន​កត់​ត្រា​ចាប់​តាំង​ពី​ឆ្នាំ 2009 ដល់ 2022​។

យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថានជាតិ​​ស្រាវជ្រាវ​ផ្នែកសុខាភិបាល​ និង​សុខភាព​បារាំង ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃទី 14 ធ្នូ 2023 ក្រុម​អ្នកស្រាវជ្រាវ​រក​ឃើញ​ថា 1/3 នៃ​អ្នក​ស្ម័គ្រ​ចិត្ត​ខាងលើ បរិភោគ​អាហារ​ពេល​ល្ងាច​មុន​ម៉ោង​ 8 យប់ ខណៈ​ដែល 1/3 ផ្សេង​ទៀត​បរិភោគ​នៅ​ម៉ោង 9 យប់​។ ក្នុង​ដំណាក់​កាល​នៃ​ការ​សិក្សា​ស្រាវជ្រាវ មាន​ប្រហែល 2,000 ករណី កើត​ជំងឺ​បេះដូង​។

នៅពេល​ពិនិត្យ​ទៅលើ​ពេល​វេលា​នៃ​ការ​បរិភោគ​អាហារ​ពេល​ល្ងាច​របស់​អ្នក​ដែល​កើត​ជំងឺ​បេះដូងទាំងនេះ  អ្នក​ស្រាវជ្រាវបាន​​រក​ឃើញ​ថា អ្នក​បរិភោគ​ក្រោយម៉ោង 9 យប់ មាន​ហានិភ័យ​កើត​ស្ត្រូក (ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល) ឬ​អាការ​ខ្វះឈាម​ខួរក្បាល​មួយ​រយៈ​ពេល​ខ្លី​ ខ្ពស់​ជាង​ 28% បើ​ធៀប​នឹង​អ្នក​​ដែល​បរិភោគ​អាហារ​មុន​​ម៉ោង​ 8 យប់​​៕

Advertisement