អាម៉េរិក បញ្ជូន មី​ស៊ី​ល​ការពារ​ដែនអាកាស រាប់រយ​ដើម ទៅឱ្យ អ៊ុយ​ក្រែ​ន

មីស៊ីល​ បំពាក់​លើ​ស្មា​ Stinger ផលិត​ដោយ​ សហរដ្ឋ​អាម៉េរិក

សហរដ្ឋ​អាម៉េរិក ទំនងជា​បាន​បញ្ជូន មី​ស៊ី​ល​ការពារ​ដែនអាកាស Stinger រាប់រយ​ដើម ទៅឱ្យ អ៊ុយ​ក្រែ​ន ក្នុងអំឡុង​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ខណៈដែល​ប្រទេស​ជាច្រើន​នៅ អឺរ៉ុប យល់ព្រម​ផ្ដល់ជំនួយ​ជា​អាវុធ តាម​សំណើ​របស់ អ៊ុយ​ក្រែ​ន។

សារព័ត៌មាន NBC របស់ អាម៉េរិក ឱ្យដឹងថា សហរដ្ឋ​អាម៉េរិក ជា​លើកដំបូង​បានប្រគល់ មី​ស៊ី​ល​ប្រឆាំង​អាកាស Stinger ឱ្យ អ៊ុយ​ក្រែ​ន ក្នុង​សប្ដាហ៍​នេះ ក្នុងនោះ​មាន​ជាង ២០០ ដើម ត្រូវបាន​ប្រគល់​រួចហើយ​កាលពី​ថ្ងៃទី ២៨ កុម្ភៈ។

ដើមឆ្នាំ​នេះ សហរដ្ឋ​អាម៉េរិក បាន​បើកភ្លើង​ខៀវ​ឱ្យ​បណ្ដា​ប្រទេស​នៅ តំបន់​បាល់​ទិ​ក រួមមាន ឡេ​តូ​នី, លី​ទុយ​អា​នី និង អេ​ស្តូ​នី បញ្ជូន​អាវុធ​ដែល​ផលិត​ដោយ អាម៉េរិក ទៅកាន់ អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង មី​ស៊ី​ល​ការពារ​ដែនអាកាស Stinger ផងដែរ។ ប៉ុន្តែ មកដល់ពេលនេះ រដ្ឋាភិបាល​អាម៉េរិក នៅតែ​រក្សា​ការផ្គត់ផ្គង់ មី​ស៊ី​ល Stinger រួម​នឹង​អាវុធផ្សេងៗជាច្រើន​ទៀត ដោយផ្ទាល់​ដល់ អ៊ុយ​ក្រែ​ន។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ តំណាងរាស្ត្រ​ច្រើន​រូប​របស់ អាម៉េរិក បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល បញ្ជូន មី​ស៊ី​ល Stinger ទៅកាន់ ប្រទេស​អ៊ុយ​ក្រែ​ន។ អ៊ុយ​ក្រែ​ន ក៏បាន​ស្នើ អាម៉េរិក ជាច្រើនលើក ឱ្យ​ផ្ដល់ជំនួយ​ជា​អាវុធ​ដល់​ប្រទេស​នេះ។

បច្ចុប្បន្ន សហរដ្ឋ​អាម៉េរិក, កាណាដា និង​ប្រទេស​ជាង ១០ ទៀត​នៅ អឺរ៉ុប បាន​យល់ព្រម​តាម​សំណើ​របស់ អ៊ុយ​ក្រែ​ន ស្ដីពី​ការផ្ដល់​ជំនួយ​ជា​អាវុធ​ដល់ ទីក្រុង​កៀវ។

Advertisement