អ្នកទោស​ជាង ៨០០ នាក់​នៅ កុង​ហ្កោ «ហែក​គុក» គេចខ្លួន​បាត់ស្រមោល

ក្រុម​ប្រដាប់​អាវុធ​មួយ​នៅ​ កុងហ្កោ កាលពី​ឆ្នាំ​ ២០១៨

អ្នកទោស​ជាង ៨០០ នាក់ នៅក្នុង​ពន្ធនាគារ​ក្រុង Butembo ភាគខាងកើត​​របស់ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្កោ បាននាំគ្នា «ហែក​គុក» រត់គេចខ្លួន បន្ទាប់ពី​ក្រុម​ខ្មាន់កាំភ្លើង​មួយក្រុម​បាន​សម្រុកចូល​ពន្ធនាគា​រ បណ្ដាលឱ្យ​ប៉ូលិស ២ នាក់​ត្រូវ​បាត់បង់​ជីវិត។

យោងតាម​សមត្ថកិច្ច​ក្នុង​តំបន់ ហេតុការណ៍​វឹកវរ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី ០៩ សីហា។ ព័ត៌មានដំបូងៗបានឱ្យដឹងថា យ៉ាងហោចណាស់​មាន​ប៉ូលិស ២ នាក់ ​និង​មនុស្ស​ម្នាក់​ទៀត​​បាន​បាត់​បង់ជីវិត​។ អ្នកទោស​ជាង ៨០០ នាក់ ក្នុងចំណោម​អ្នកទោស​សរុប ៨៧២ នាក់ ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ស្រុក Butembo បាន​រត់​គេចខ្លួនបាត់​ស្រមោល។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​វែកមុខ​រក​ក្រុម​ដែល​នៅ​ពីក្រោយ​ការវាយប្រហារ និង​ការ​ហែក​គុក​ខាងលើ។

អំពើហិង្សា​តែងតែ​កើតមាន​ជា​ញឹកញាប់​នៅ​ភាគខាងត្បូង​នៃ សាធារណរដ្ឋ​កុង​ហ្កោ ជាទី​ដែលមាន​ក្រុម​ប្រដាប់អាវុធ​ជាច្រើន ធ្វើ​សកម្មភាព​រាប់សិប​ឆ្នាំ​កន្លងមកហើយ៕

Advertisement