ម៉ិ​ក​ស៊ិ​កចាត់​បុគ្គលិក​សន្តិសុខ​ជាង 1,000 នាក់ ឱ្យ​តាមរក​ក្រុមប៉ូលិស​ដែល​ត្រូវ​ចាប់ជំរិត

ប៉ូលិស​ម៉ិកស៊ិក ចុះ​អនុវត្ត​ច្បាប់​កាល​ពី​ឆ្នាំ 2022

អាជ្ញាធរ​ម៉ិ​ក​ស៊ិ​ក​ធ្វើ​យុទ្ធនាការ​ស្វែងរក​ទ្រង់ទ្រាយ​ធំ បន្ទាប់ពី​ប៉ូលិស 16 នាក់​ត្រូវបាន​ក្រុម​ប្រដាប់អាវុធ​ខុសច្បាប់​បញ្ឈប់រថយន្ត និង​ចាប់​ជំរិត​នៅលើ​ផ្លូវ​ល្បឿន​លឿន។

ប្រធានាធិបតី Andres Manuel Lopez Obrador កាលពី​ថ្ងៃទី 28 មិថុនា បានឱ្យដឹងថា បានចេញ​បញ្ជា​ឱ្យមាន​ការរំដោះ​ក្រុមប៉ូលិស​ដែល​ត្រូវបាន​គេ​ចាប់ជំរិត​នៅក្នុង​រដ្ឋ Chiapas ភាគខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ិ​ក កាលពីមុន​នោះ​មួយថ្ងៃ។

លោក Obrador ថ្លែងថា ក្រុមប៉ូលិស​នោះ​ធ្វើការ​នៅឯ​មន្ទីរ​ឃុំ​ខាំង​មួយ​នៅមិន​ឆ្ងាយ​ពី​​កន្លែងកើតហេតុ។ លោក​យល់ថា ហេតុការណ៍​នេះ​ទំនងជា​ជាប់​ទាក់ទិន​នឹង​ជម្លោះ​រវាង​បណ្ដា​ក្រុមសង្គមងងឹត។ លោក Obrador សន្យាថា នឹង​ចាត់ការ​ក្រុម​ជន​នៅ​ពីក្រោយ​ករណីនេះ​ឱ្យ​ខាង​តែ​បាន។

មុននេះ​មួយថ្ងៃ ក្រុមមន្ត្រី​ម៉ិ​ក​ស៊ិ​ក​ប្រកាសថា ក្រុម​ប្រដាប់អាវុធ​ខុសច្បាប់​បាន​ចាប់ជំរិត​ប៉ូលិស 14 នាក់ ប៉ុន្តែ​ក្រោយមក​ក៏​បន្ថែម 2 នាក់​ទៀត។

ករណី​ប្រឈមមុខ​ដាក់គ្នា​រវាង​កង​កម្លាំង​អនុវត្ត​ច្បាប់ និង​ក្រុម​ជនល្មើស​នៅ Ocozocautla បាន​កើតឡើង​ញឹកញាប់​ខ្លាំង​ក្នុង​មួយរយៈ​ពេល​ចុង​ក្រោយនេះ។ Ocozocautla គឺជា​តំបន់​ដែល​កើតមាន​អំពើ​ជួញដូរ​មនុស្ស និង​គ្រឿងញៀន​សកម្ម​ជាងគេ​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក។

Advertisement