មហាសន្និបាត​អង្គការសហប្រជាជាតិ ស្នើឱ្យ រុស្ស៊ី ដកទ័ព​ចេញពី អ៊ុយ​ក្រែ​ន ជាបន្ទាន់

ភាគច្រើន​នៃ​សមាជិក​មហាសន្និបាត​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី ២ មីនា បាន​បោះឆ្នោត​ថ្កោលទោស​អំពើ​ឈ្លានពាន​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន និង​ស្នើឱ្យ​ដក​កងទ័ព​ចេញពី​ប្រទេស​នេះ​ដោយ​គ្មាន​លក្ខខណ្ឌ។

កិច្ចប្រជុំ​បន្ទាន់​កាលពី​ថ្ងៃទី ២ មីនា ដែល​ត្រូវបាន​កោះ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង New York សហរដ្ឋ​អាម៉េរិក។

១៤១ ក្នុងចំណោម​សមាជិក ១៩៣ រូប នៃ មហាសន្និបាត​អង្គការសហប្រជាជាតិ បាន​បោះឆ្នោត​គាំទ្រ​សេចក្ដីសម្រេច​ថ្កោលទោស​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន។ សមាជិក ៥ រូប បាន​បោះឆ្នោត​ប្រឆាំង និង ៣៥ រូប បោះឆ្នោត​អនុបវាទ ក្នុងនោះ​មាន ចិន ដែលជា​សមាជិក​អចិន្ត្រៃយ៍​របស់ ក្រុមប្រឹក្សាសន្តិសុខ។ រុស្ស៊ី, ស៊ី​រី និង បេស​ឡា​រូស ស្ថិតក្នុង​ក្រុម ៥ ប្រទេស​ដែល​បាន​បោះឆ្នោត​ប្រឆាំង។

ក្រៅពី​ការ​ថ្កោលទោស​លើ រុស្ស៊ី សេចក្ដីសម្រេច​របស់​អង្គការសហប្រជាជាតិ ក៏បាន​ស្នើឱ្យ រុស្ស៊ី ដង​កងទ័ព​ទាំងអស់​ចេញពី​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ដែល​អន្តរជាតិ​បានទទួល​ស្គាល់​ផ្លូវការ ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ៕

Advertisement