តំណាងរាស្ត្រ​ហ្វីលីពីន បដិសេធ​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី តែ​សុំ​ឈរឈ្មោះ​ជា​អនុ​ប្រធានាធិបតី របស់​កូនស្រី​លោក Duterte

លោក​ស្រី Sara Duterte-Carpio និង​ឪពុក​ Duterte

ហ្វីលីពីន៖ កូនស្រី​របស់​ប្រធានាធិបតី Rodrigo Duterte បានឱ្យដឹងថា អ្នកនយោបាយ​មួយចំនួន រួមទាំង​ជំនួយការ​ផ្ទាល់​របស់​ឪពុក​ខ្លួន ក៏​ចង់​ក្លាយជា​បេក្ខភាព​អនុ​ប្រធានាធិបតី​របស់លោក​ស្រី​ផងដែរ។

នៅលើ​ទំព័រ Facebook របស់ខ្លួន Sara Duterte-Carpio ដែលជា​កូនស្រី​របស់លោក Duterte និង​ជា​អភិបាលក្រុង Davao បានឱ្យដឹងថា តំណាងរាស្ត្រ Sherwin Gatchalian និង Christoper “Bong” Go បាន «ដាក់​សំណើសុំ​ឈរឈ្មោះ​ជា​បេក្ខភាព​អនុ​ប្រធានាធិបតី» រួម​ជាមួយនឹង​លោកស្រី នៅក្នុង​ការបោះឆ្នោត​ឆ្នាំក្រោយ។

មិនដឹងថា លោក Christoper “Bong” Go បានដាក់​សំណើ​នេះ​នៅពេលណា ប៉ុន្តែ Duterte-Carpio បាន​បង្ហោះ​សារ​ខាងលើ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក Go បាន​បដិសេធ​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​សម្រាប់​បក្ស​កាន់អំណាច​បច្ចុប្បន្ន។

Deterte-Carpio បន្ថែមថា បណ្ដា​បេក្ខភាព​ដែលមាន​សក្ដានុពល​ដទៃ​ទៀត រួមមាន អតីតរដ្ឋមន្ត្រី​ការពារជាតិ Gilbeert Teodoro និង​កូនប្រុស​របស់​អតីត​ប្រធានាធិបតី Ferdinand Marcos ផងដែរ។

លោក​ស្រី Sara Duterte-Carpio

Duterte-Carpio វ័យ 43 ឆ្នាំ កំពុង​នាំមុខគេ​នៅក្នុង​ការស្ទង់មតិ​ស្ដីអំពី​បេក្ខភាព​ប្រធានាធិបតី ប៉ុន្តែ​លោកស្រី​មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​គម្រោង​នយោបាយ​នាពេល​អនាគត បើទោះជា​កាលកំណត់​នៃ​ការដាក់​ពាក្យ​គឺ​នៅក្នុង​ខែតុលា។

ប្រធានាធិបតី Duterte វ័យ 76 ឆ្នាំ មិនអាច​បន្ត​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​ទៀត​បាន ដោយសារតែ​ច្បាប់រដ្ឋធម្មនុញ្ញ ប៉ុន្តែ គូប្រជែង​របស់លោក ជឿថា លោក Duterte នៅមាន​ឥទ្ធិពល បើសិនជា​សម្ព័ន្ធមិត្តរ​ប​ស់លោក ត្រូវបាន​បោះឆ្នោត​ជា​ប្រធានាធិបតី។ លោក Duterte ធ្លាប់បាន​ប្រកាសថា លោក​នឹង​ឈរឈ្មោះ​ជា​បេក្ខភាព​អនុ​ប្រធានាធិបតី បើសិនជា​កូនស្រី​របស់លោក មិន​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី នៅ​អាណត្តិ​ក្រោយ។

លោក Duterte នៅតែ​ទទួលបាន​ការគាំទ្រ​ច្រើន បើទោះជា​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន​របស់លោក បានសម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ក៏ដោយ។ ប៉ុន្តែ រដ្ឋាភិបាល​របស់លោក បច្ចុប្បន្ន ប្រឈមមុខ​នឹង​ការរិះគន់​ច្រើន ទាក់ទិន​នឹង​វិធានការ​លើ​វិបត្តិ COVID-19 នៅពេល ហ្វីលីពីន ទទួលរង​ការ​រាតត្បាត​យ៉ាងធ្ងន់ធ្ងរ​បំផុត​នៅ​អ៊ី​ស៊ី៕

Advertisement