ខ្មាន់កាំភ្លើងញៀនថ្នាំម្នាក់ ប្រុង​នឹង​សម្រុក​ចូល​សាលា​រៀន​ «យក​តម្រាប់​តាមអំពើឃោរឃៅដែលបានសម្លាប់មនុស្សជាង ៣០ នាក់នៅ ​ប្រទេស​ថៃ» ត្រូវ​​ប៉ូលិស​​ចាប់​​ខ្លួន

Theerapong ត្រូវបានប៉ូលិសចាប់ខ្លួននៅខាងក្រៅសាលារៀនមួយ កាលពីថ្ងៃទី ០៧ តុលា ២០២២

ប៉ូលិស​ថៃ បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​មាន​កាំភ្លើង​ ២ ដើម និង​មាន​បំណង​សម្រុក​ចូល​ទៅ​កាន់​សាលា​រៀន​នៅ Ron Phibun ដើម្បី​ចាប់​ជំរិត​កូន​ប្រុស​។

បុរស​ម្នាក់​ឈ្មោះ​ Theerapong អាយុ​ ៣៤ ឆ្នាំ​ កាល​ពី​ថ្ងៃទី ០៧ តុលា ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​ខាង​ក្រៅ​សាលា​រៀន​មួយ​ក្នុង​ភូមិ Moo 1 ស្រុក Ron Phibun ខេត្ត Nakhon Si Thammarat ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​ នេះ​បើ​តាម​មេដឹកនាំ​ការិយាល័យ​ស៊ើប​អង្កេត​ Jirabhop Bhuridej។

លោក Jirabhop បាន​ឱ្យ​ដឹង​ថា Theerapong ត្រូវ​បាន​ក្រុម​ប៉ូលិស​រារាំង​នៅ​មុន​ពេល​ប្រុង​កាន់​កាំភ្លើង​សម្រុក​ចូល​ទៅ​ក្នុង​សាលា​រៀន​​ក្នុង​បំណង​ចាប់​ជំរិត​កូនប្រុស​អាយុ​ ៧ ឆ្នាំ​។

មុន​ពេល​កើត​ហេតុ​ប៉ុន្មាន​នាទី កម្លាំង​ប៉ូលិស​បាន​ទទួល​ព័ត៌មាន​អំពី​សកម្មភាព​គួរ​ឱ្យ​សង្ស័យ​របស់ Theerapong នៅ​ខាង​ក្រៅសាលា​រៀន​។ ក្រុម​ប៉ូលិស​ល្បាត​ស្ម័គ្រ​ចិត្ត​ដែល​កំពុងល្បាត​ក្បែរ​នោះ​ក៏​ប្រញាប់​មក​កាន់​សាលារៀននេះ​​។

ពេល​មក​ដល់ ប៉ូលិស​បាន​ឃើញ​រថយន្ត​មួយ​គ្រឿង​ដែល​គួរ​ឱ្យ​សង្ស័យ​ ចត​នៅ​ខាង​មុខ​សាលា។ ពេល​ប៉ូលិស​ចូល​ទៅក្បែរ​ ភ្លាម​នោះ Theeapong បាន​ថយ​រថយន្ត​ បុក​ទៅ​លើ​រថយន្ត​ប៉ូលិស​ដែល​កំពុង​រារាំង​នៅ​ខាង​ក្រោយ​ រួច​ក៏​បង្កើន​ល្បឿន​ទៅបុក​រថយន្ត​របស់​ប៉ូលិស​មួយ​គ្រឿង​ផ្សេង​ទៀត​ដែល​នៅ​ខាងមុខ​។ បន្ទាប់​មក Theeapong ក៏​ចេញពី​ក្នុង​ឡាន​ និង​ដក​កាំភ្លើង​ខ្លី​មកកាន់ មុននឹង​ត្រូវ​ក្រុម​ប៉ូលិស​ចាប់​បាន​។

ក្រោយ​ពី​ត្រួតពិនិត្យ ប៉ូលិស​បាន​រកឃើញ​ថ្នាំញៀន ១៧ គ្រាប់,​ កាំភ្លើង​ខ្លី​ ១ ដើម, កាំភ្លើង​វែង​ ១ ដើម​ និង​គ្រាប់​កាំភ្លើង​ ៥៥ គ្រាប់​។ នៅ​លើ​រថយន្ត​ក៏​មាន​មនុស្ស​ម្នាក់​ឈ្មោះ Chavalit អាយុ ៣៣ ឆ្នាំ ត្រូវ​ជា​មិត្ត​របស់ Theerapong។

Theerapong បាន​សារភាព​ថា មុននោះ​ខ្លួន​បាន​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​។ ដោយ​សារ​តានតឹង​ពេក បុរស​នេះ​ក៏​ពឹង​មិត្ត​ភក្ដិ​មក​កាន់​សាលា​រៀន​ដើម្បី​ទទួល​កូន​។ ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ប្រើប្រាស់​ថ្នាំ​ញៀន​។

អាណាព្យាបាល​សិស្ស​ ក្រោយ​ពី​បាន​ដឹង​ដំណឹង​នេះ​ ម្នាក់ៗ​សុទ្ធ​តែ​​មាន​ការ​ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង​ និង​​ប្រញាប់​មក​សាលា​រៀន​ទទួល​កូន​ទៅ​ផ្ទះ​។

ឧត្តមសេនីយ៍​ Jirabhop និយាយ​ថា សកម្មភាព​របស់ Theerapong គឺ​ជា​ការ​ធ្វើ​ត្រាប់​តាម​អំពើ​ឃោរឃៅ​​ដែល​ទើប​តែ​កើត​ឡើង​កាល​ពី​ថ្ងៃទី ០៦ តុលា​ នៅ​មជ្ឈមណ្ឌល​កុមារ​ ក្នុង​ស្រុក Na Klang ខេត្ត Nong Bua Lamphu ដែល​បាន​បណ្ដាល​ឱ្យ​មនុស្ស ៣៧ នាក់ ក្នុង​នោះ​មាន​កុមារ ២៣ នាក់ ត្រូវ​បាត់បង់ជីវិត​៕

Advertisement