ប្រទេស​ជាច្រើន​កំពុង​ពិចារណា​លើ​ការ​ប្ដូរផ្លាស់​និយមន័យ​ស្ដីពី «ការចាក់​វ៉ាក់សាំង​ពេញលេញ»

ក្រុមមន្ត្រី​នៃ​បណ្ដា​ប្រទេស កំពុងតែ​ពិចារណា​អំពី​ការដាក់បញ្ចូល​ដូ​ស​បន្ថែម ឬ​ដូ​ស​ជំរុញ ទៅក្នុង​និយមន័យ «ការចាក់​វ៉ាក់សាំង​ពេញលេញ» នៅពេល កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង កំពុង​ឆ្លង​រាលដាល​យ៉ាង​លឿន។

ទីប្រឹក្សា​ផ្នែក​សុខាភិបាល​របស់ សេត​វិមាន លោក Anthony Fauci កាលពី​ថ្ងៃទី ១៧ ធ្នូ បានឱ្យដឹងថា មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់ អាម៉េរិក បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ប្ដូរផ្លាស់​និយមន័យ​ស្ដីពី «ការចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ដូ​ស» ឬ «ការចាក់​វ៉ាក់សាំង​ពេញលេញ»។ ប៉ុន្តែ មិនទាន់​ច្បាស់​ថា នឹងត្រូវ​អនុវត្ត​ចាប់ពី​ពេលណា។

ប្រកាស​របស់លោក Fauci ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល​ទីក្រុង​ជាច្រើន​នៅ សហរដ្ឋ​អាម៉េរិក កំពុង​ទទួលរង​ការ​រាតត្បាត​ពី​ជំងឺ​កូ​វីដ-១៩។ ប្រការនេះ​ធ្វើឱ្យមាន​ការព្រួយបារម្ភ​ថា «ការចាក់​វ៉ាក់សាំង​ពេញលេញ» កន្លងមក មិនមាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ទប់ទល់​នឹង វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង។

«មិនមាន​អ្វីដែល​ត្រូវ​សង្ស័យ​ទៀត​ទេ បើសិន​ចង់​ទទួលបាន​ការការពារ​ជា​អតិបរមា យើង​ត្រូវតែ​ចាក់​ដូ​ស​បន្ថែម» លោក Fauci បញ្ជាក់​ដូច្នេះ។

CDC របស់ អាម៉េរិក កន្លងមក​បានប្រកាស​ថា «ជនជាតិ​អាម៉េរិក ត្រូវបាន​ចាត់ទុកថា បាន​ចាក់​វ៉ាក់សាំង​ពេញលេញ» ក្រោយពី​ពួកគេ​បានទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី ២ រយៈពេល ២ សប្ដាហ៍ ចំពោះ​អ្នក​ចាក់​វ៉ាក់សាំង Pfizer ឬ Moderna ឬមួយ ១ ដូ​ស ចំពោះ​វ៉ាក់សាំង Johnson & Johnson។

ដូច្នេះ ការប្ដូរ​ផ្លាស់​និយមន័យ​ស្ដីពី «ការចាក់​វ៉ាក់សាំង​ពេញលេញ» អាចធ្វើឱ្យ​មនុស្ស​មួយ​ភាគ​ធំ​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ទៅកាន់​ទីកន្លែង​ដែល​អនុញ្ញាត​ឱ្យតែ​ក្រុមមនុស្ស​ដែល​បាន «ចាក់​វ៉ាក់សាំង​ពេញលេញ» ទៅតាម​និយមន័យ​ថ្មី។ នៅ សហរដ្ឋ​អាម៉េរិក តួលេខ​នៃ​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម ឬ​ដូ​ស​ជំរុញ មាន​មិន​ដល់ ១៨% គិត​ត្រឹម​ថ្ងៃទី ១៨ ធ្នូ ២០២១ ខណៈដែល​តួលេខ​អ្នក​ចាក់​វ៉ាក់សាំង​ពេញលេញ​ទៅតាម​និយមន័យ​បច្ចុប្បន្ន​របស់ CDC គឺ​ស្មើនឹង ៦១%។

នៅ​ចំពោះមុខ អូ​មី​ក្រុង ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក បាន និង​កំពុង​ផ្លាស់ប្ដូរ​និយមន័យ​ស្ដីពី​ការចាក់​វ៉ាក់សាំង​ពេញលេញ។ នៅ កម្ពុជា ការចាក់​ដូ​ស​ជំរុញ ឬ​ដូ​ស​បន្ថែម ត្រូវបាន​ធ្វើឡើង​តាំងពី​ប៉ុន្មាន​ខែ​មុន​មក​ម្លេះ។ ប្រទេស​អ៊ីស្រាអែល បានចាប់ផ្ដើម​តម្រូវឱ្យ​ប្រជាជន​ចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម ដើម្បី​មាន​សិទ្ធិ «រក្សា​ប័ណ្ណ​បៃតង» បន្តទៀត ជា​លក្ខខណ្ឌ​ដែល​អនុញ្ញាតឱ្យ​ពួកគេ​ដើរហើរ​ស្របច្បាប់។ កូរ៉េខាងត្បូង ចាប់ពី​ថ្ងៃនេះ​ក៏​ដាក់ចេញ​នូវ​វិធានការ​ដូចគ្នានេះដែរ។

ប្រទេស​មួយចំនួន​ផ្សេងទៀត កំពុង​ពិចារណា​លើ​ការកំណត់​និយមន័យ​ស្ដីពី «ការចាក់​វ៉ាក់សាំង​ពេញលេញ»។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សិង្ហ​បុរី លោក Ong Ye Kung កាលពី​សប្ដាហ៍​មុន​យល់ថា ប្រជាជន​ត្រូវតែ​ចាក់ ដូ​ស​បន្ថែម ទើបត្រូវ​បានចាត់ទុក​ថា «បាន​ចាក់​វ៉ាក់សាំង​ពេញលេញ»។ ចំណែក ប្រទេស​អូទ្រីស ក៏បាន​តម្រូវ​អ្នកដំណើរ​មកពី​បរទេស​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ បង្ហាញ​លិខិតបញ្ជាក់​អំពី​លទ្ធផល​តេស្ត​អវិជ្ជមាន​នឹង​កូ​វីដ-១៩។

ស្ថាប័ន​សុខាភិបាល​របស់ ម៉ាឡេស៊ី បានប្រកាសថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង Sinovac នឹងត្រូវ​ចាក់​រំលឹក​នៅក្នុង​ខែកុម្ភៈ ឆ្នាំក្រោយ បើសិនជា​ចង់​រក្សា​ស្ថានភាព «បាន​ចាក់​វ៉ាក់សាំង​ពេញលេញ»។

ដោយឡែក អង្គការ​សុខភាព​ពិភពលោក (WHO) ក៏បាន​គាំទ្រ​ដាក់​ការចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម​ចំពោះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង Sinovac ២ ដូ​ស​រួចហើយ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​ស្រាវជ្រាវ​អំពី​ហានិភ័យ​ដែល​បង្កឡើង​ដោយ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង និង​របៀប​ដែល​វា​ប្រតិកម្ម​ទៅនឹង​វ៉ាក់សាំង។ ក៏ប៉ុន្តែ ទិន្នន័យ​គ្រប់​ជ្រុងជ្រោយ​ដែល​និយាយ​អំពី​សមត្ថភាព​នៃ​ការឆ្លង​រាលដាល និង​ភាព​សាហាវ​របស់ អូ​មី​ក្រុង មិនទាន់​ត្រូវបាន​ប្រកាស​ឱ្យដឹង​នៅឡើយ៕

Advertisement