អគ្គិភ័យ​ឆាបឆេះ​នៅ​រោងចក្រ​អគ្គិសនី​ថាមពល​នុយ​ក្លេ​អែរ​ធំ​បំផុត របស់ អ៊ុយ​ក្រែ​ន

វេលា​ទៀបភ្លឺ​ថ្ងៃទី ៤ មីនា​នេះ មាន​ហេតុការណ៍​អគ្គិភ័យ​មួយ​បានកើត​ឡើង​នៅឯ​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយ​ក្លេ​អែរ​ធំ​បំផុត​នៅ អ៊ុយ​ក្រែ​ន បន្ទាប់ពី​វា​ត្រូវបាន កងកម្លាំង​រុស្ស៊ី ឡោមព័ទ្ធ។

«ក្រោយពី​មានការ​បាញ់ប្រហារ​ជា​បន្តបន្ទាប់​ទៅលើ Zaporizhzhia ដែលជា​រោងចក្រ​អគ្គិសនី​ថាមពល​នុយ​ក្លេ​អែរ​ធំ​បំផុត​នៅ អ៊ុយ​ក្រែ​ន ទីតាំង​នេះ​ក៏បាន​ឆាបឆេះ» អភិបាលក្រុង Eneerhodar លោក Dmytro Orlov បាន​សរសេរ​នៅលើ Telegram នា​ថ្ងៃនេះ។

លោក​អភិបាលក្រុង​ខាងលើ​បាន​ហៅ​ករណីនេះ​ថា ជា «ការគំរាមកំហែង​ដល់​សន្តិសុខ​ពិភពលោក» ប៉ុន្តែ មិនទាន់បាន​ផ្ដល់ព័ត៌មាន​លំអិត​នៅឡើយ។

រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន លោក Dmytro Kuleba ក៏បាន​ឱ្យដឹង​ដែរ​ថា «កងទ័ព​រុស្ស៊ី បាន​បាញ់​កាំជ្រួច​ពី​គ្រប់​ទិស​សំដៅលើ​រោងចក្រ Zaporizhzhia»។ លោក​ព្រមាន​ថា បើសិនជា​រោងចក្រ​នេះ​ផ្ទុះ នោះ​ការខូចខាត​នឹង​ធំ​ជាង ១០ ដង ធៀប​នឹង​គ្រោះមហន្តរាយ Chernobyl។

ទាក់ទង​នឹង​បញ្ហា​អគ្គិភ័យ​នៅ​រោងចក្រ​ខាងលើ ភាគី​រុស្ស៊ី មិនទាន់មាន​ប្រតិកម្ម​ឆ្លើយតប​ណាមួយ​នៅឡើយ។

Advertisement