សង្គ្រាម​នៅ​ស៊ូដង់៖ ភាគី​​ក្នុង​ជម្លោះ​យល់ព្រម​ឈប់​បាញ់ 72 ម៉ោង

សង្គ្រាមបានផ្ទុះឡើងរវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF តាំងពីថ្ងៃទី 15 មេសា 2023

ភាគី​ជម្លោះ​ទាំងពីរ​នៅ​ប្រទេស​ស៊ូដង់ បាន​យល់ព្រម​ឈប់​បាញ់​រយៈពេល 72 ម៉ោង ដោយ​មូលហេតុ​មនុស្សធម៌ គ្រា​ដែល​ប្រទេស​នានា​នាំគ្នា​ជម្លៀស​ពលរដ្ឋ។

កងកម្លាំងប្រដាប់អាវុធ​ស៊ូដង់ (SAF) ប្រកាស​អនុវត្ត​បទ​បញ្ជា​ឈប់​បាញ់ 72 ម៉ោង ដែល​ចាប់ផ្ដើម​ពី​ម៉ោង 00 ថ្ងៃទី 25 មេសា ដោយ​បញ្ជាក់ថា សហរដ្ឋ​អាម៉េរិក និង​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ដើរតួនាទី​ជា​អ្នក​សម្រុះសម្រួល​ក្នុង​កិច្ចការ​នេះ។ កងកម្លាំង​ប៉ា​រ៉ា RSF នៅ​ប្រទេស​ស៊ូដង់ ក៏បាន​បញ្ជាក់ថា បាន​យល់ព្រម​ផ្អាក​ការប្រយុទ្ធ​ដើម្បី​គាំទ្រ​ដល់​កិច្ចការ​មនុស្សធម៌។

រដ្ឋមន្ត្រីការបរទេស​ទេស​អាម៉េរិក Antoni Blinken ឱ្យដឹងថា កិច្ចព្រមព្រៀង​ឈប់​បាញ់​នេះ​សម្រេចបាន​ក្រោយ​មាន​កិច្ចចរចា​រយៈពេល​ពីរ​ថ្ងៃ ដោយសារតែ​ភាគី​ក្នុង​ជម្លោះ​មិនបាន​គោរព​តាម​បទបញ្ជា​ឈប់​បាញ់​មុន​នោះ។

នៅមុន​បទបញ្ជា​ឈប់​បាញ់​​ថ្មី​មាន​សុពលភាព ភាគី​ជម្លោះ​នៅតែ​វាយប្រហារ​គ្នា​យ៉ាង​ខ្លាំងក្លា នៅ Omdurman ដែលជា​ទីក្រុង​មួយ​នៅក្បែរ​រដ្ឋធានី​ខា​ទុំ។

បណ្ដា​ប្រទេស​កំពុង​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ប្រទេស​ស៊ូដង់

ស៊ូដង់​ស្ថិតនៅក្នុង​តំបន់​ភាគ​ឦសាន​ទ្វីបអាហ្វ្រិក ជាប់​នឹង​ប្រទេស​អេ​ហ្ស៊ី​ប មាន​ប្រជាជន​ជិត 48 លាន​នាក់។ សង្គ្រាម​បាន​ផ្ទុះឡើង​រវាង​កងទ័ព​ស៊ូដង់ និង​កងកម្លាំង RSF តាំងពី​ថ្ងៃទី 15 មេសា 2023 បន្ទាប់ពី​មាន​ភាព​តានតឹង​ខ្លាំង​ព្រោះតែ​ផែនការ​ច្របាច់​បញ្ចូល RSF ទៅក្នុង​ជួរ​កងទ័ព​ស៊ូដង់។ មន្ទីរពេទ្យ និង​សេវាសំខាន់ៗរបស់​ប្រទេស​នេះ​បាន​ផ្អាក​សកម្មភាព​ព្រោះតែ​សង្គ្រាម។

«មនុស្ស​យ៉ាងតិច 430 នាក់​បាន​ស្លាប់ និង​ជាង 3,700 នាក់​រងរបួស​នៅក្នុង​ការប្រយុទ្ធ​គ្នា​រវាង​ភាគី​ជម្លោះ ធ្វើឱ្យ​ស្ថានភាព​មនុស្សធម៌​នៅ​ប្រទេស​នេះ​កាន់តែ​អាក្រក់ឡើង» នេះ​បើតាម​អង្គការ​សុខភាព​ពិភពលោក (WHO)។ អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា ប្រជាជន​ស៊ូដង់​ប្រហែល​ពីរម៉ឺន​នាក់​បាន​រត់​ចេញពី​តំបន់​សង្គ្រាម និង​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេសជិតខាង ឆាដ៕

Advertisement