ខ្លាច ​រុស្ស៊ី​ ពេក ប្រទេស​ហ្ស​ក​ហ្ស៊ី និង ម៉ុ​ល​ដាវី សុំចូល​ជា​សមាជិក​របស់ សហភាព​អឺរ៉ុប (EU)

នាយករដ្ឋមន្ត្រីហ្សកហ្ស៊ី លោក Irakli Garibashvili

រដ្ឋាភិបាល​របស់​ប្រទេស ២ នៅ អឺរ៉ុប​ខាងកើត គឺ ហ្ស​ក​ហ្ស៊ី (Georgia អតីត Gruzia) និង ម៉ុ​ល​ដាវី (Moldova) បានដាក់​លិខិតស្នើ​សុំចូល​ជា​សមាជិក​របស់ សហភាព​អឺរ៉ុប ក្រោយពី សភា​អឹ​រ៉ុ​ប បាន​គាំទ្រ​សំណើ​ដូចគ្នានេះ​របស់ អ៊ុយ​ក្រែ​ន។

«ថ្ងៃនេះ យើង​បានដាក់​ពាក្យស្នើសុំ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប (EU)» នាយករដ្ឋមន្ត្រី Irakli Garibashvili កាលពី​ថ្ងៃទី ៣ មីនា បានប្រកាស​ដូច្នេះ​ក្រោយពី​បាន​ចុះហត្ថលេខា​លើ​លិខិត​ស្នើសុំ។ «ហ្ស​ក​ហ្ស៊ី គឺជា​ប្រទេស​អឺរ៉ុប ហើយនឹង​បន្ត​មានការ​រួមចំណែក​ដែលមាន​តម្លៃ​ក្នុងការ​ការពារ និង​អភិវឌ្ឍ​ទ្វីប​នេះ»។

ការសម្រេចចិត្ត​ខាងលើ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​បក្ស​កាន់អំណាច​នៅ ហ្ស​ក​ហ្ស៊ី ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ បាន​រង​សម្ពាធ​ខ្លាំង​ពី​ក្រុមប្រឆាំង ដោយ​ស្នើឱ្យ​រដ្ឋាភិបាល​របស់​នា​យក​រដ្ឋមន្ត្រី Garibashvili យក​គំរូ​តាម អ៊ុយ​ក្រែ​ន ក្រោយពី ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បានទទួល​ការគាំទ្រ​ច្រើន​នៅពេល​លោក​បានដាក់​ពាក្យ​សុំចូល​ជា​សមាជិក EU។

ប្រធានាធិបតី​ម៉ុលដាវី លោក​ស្រី Maia Sandu (ស្ដាំ) និង​​ប្រធានាធិបតី​អ៊ុយក្រែន លោក​ ហ្សេឡែនស្គី កាលពី​ខែ​កញ្ញា ២០២១

ហ្ស​ក​ហ្ស៊ី មាន​ប្រជាជន​សរុប ៣.៧ លាន​នាក់ ភាគ​ខាងលិច​ជាប់​នឹង​សមុទ្រ​ខ្មៅ ភាគ​ខាងជើង និង​ខាងកើត​ជាប់​នឹង រុស្ស៊ី ចំណែក​ភាគខាងត្បូង​ជាប់​នឹង តួ​ក​គឺ និង អា​មេ​នី រីឯ​ភាគខាងត្បូង​ជាប់​នឹង អា​ស៊ែ​បៃ​ហ្ស​ង់។

នៅក្នុង​ថ្ងៃ​ដដែល ប្រធានាធិបតី​របស់ ប្រទេស​ម៉ុ​ល​ដាវី (Moldova) លោក​ស្រី​ Maia Sandu ក៏បាន​ប្រកាសថា ប្រទេស​នេះ​បាន​ចុះហត្ថលេខា​លើ​លិខិតស្នើ​សុំចូល​ជា​សមាជិក​របស់ EU ផងដែរ។

ប្រទេស​ម៉ុ​ល​ដាវី មាន​ប្រជាជន​សរុប​ជិត ២.៦ លាន​នាក់។ ប្រទេស​នេះ​មាន​ព្រំដែន​ខាងលិច​ជាប់​នឹង រូ​ម៉ា​នី ចំណែក​ភាគ​ខាងជើង ខាងកើត និង​ខាងត្បូង​ជាប់​នឹង អ៊ុយ​ក្រែ​ន។

ថ្មីៗនេះ អ៊ុយ​ក្រែ​ន បានដាក់​ពាក្យ​សុំចូល​ជា​សមាជិក​របស់ EU ហើយ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​ពី សភា​អឺរ៉ុប។ លោក ហ្សេ​ឡែ​ន​ស្គី បានស្នើ​ឱ្យមាន​ការដាក់​បញ្ចូល អ៊ុយ​ក្រែ​ន ទៅក្នុង សហភាព​អឺរ៉ុប ជាបន្ទាន់ ដោយ​មូល​ហេតុថា ប្រទេស​នេះ​កំពុង​រង​ការឈ្លានពាន​ពី កងទ័ព​រុស្ស៊ី។

Advertisement