ក្នុងរង្វង់ 100ឆ្នាំកន្លងទៅនេះ ការកើនឡើងកម្ដៅរបស់ផែនដីកាន់តែបង្ហាញច្បាស់ឡើងៗ ធ្វើឱ្យអ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភ។ ក្នុងអនាគត កម្ដៅផែនដីក៏នឹងកើនឡើងបន្តទៀត ហើយបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះតើបាតុភូតផែនដីឡើងកម្ដៅកើតឡើងដោយសារកត្តាអ្វីខ្លះ? ការឡើងកម្ដៅផែនដីបង្កផលវិបាកអ្វីខ្លះ? តើមនុស្សត្រូវដោះស្រាយបញ្ហានេះដោយរបៀបណា?
ផែនដីឡើងកម្ដៅបណ្ដាលមកពីកត្តាពីរសំខាន់ រួមមាន កត្តាធម្មជាតិ និងកត្តាមនុស្ស
កត្តាធម្មជាតិ
- ការបញ្ចេញឧស្ម័នមេតានច្រើនហួសពីប៉ូលខាងជើង និងបណ្ដាតំបន់ដែលមានសំណើមកម្រិតខ្ពស់ កំពុងរួមចំណែកធ្វើឱ្យកម្ដៅផែនដីកើនឡើង។ ឧស្ម័នមេតានគឺជាឧស្ម័នផ្ទះកញ្ចក់មួយប្រភេទដែលអាចរក្សាកម្ដៅក្នុងបរិយាកាស។
- បាតុភូតភ្នំភ្លើងផ្ទុះ បង្កើតបានជាធូលីយ៉ាងច្រើនក៏ជាមួយក្នុងចំណោមមូលហេតុដែលនាំឱ្យអាកាសធាតុក្ដៅ។
- នៅពេលសីតុណ្ហភាពមធ្យមរបស់ផែនដីកើនឡើង ផ្ទាំងទឹកកកនៅឯប៉ូលទាំងពីររបស់ផែនដីក៏ត្រូវរលាយ និងធ្វើឱ្យស្រទាប់ទឹកកកកាបូនឌីអុកស៊ីត (CO2) ដែលនៅជ្រៅក្រោមទឹកកកត្រូវលេចឡើង ហើយក៏សាយភាយទៅក្នុងបរិយាកាសផែនដី គ្រាដែលព្រៃឈើលើផែនដីដែលមានតួនាទីស្រូបយកឧស្ម័ននេះក៏ចេះតែហិនហោចទៅៗ។ ពេលនេះ បរិមាណកាបូនឌីអុកស៊ីតបានកើនឡើងដល់កម្រិតខ្ពស់ខ្លាំង លើសពីសមត្ថភាពគ្រប់គ្រងរបស់ធម្មជាតិ ទើបផែនដីត្រូវឡើងកម្ដៅជាបន្តបន្ទាប់។
កត្តាមនុស្ស
- មនុស្សបានធ្វើឱ្យផែនដីឡើងកម្ដៅបន្តិចម្ដងៗរហូតដល់បច្ចុប្បន្ន តាមរយៈការបំភាយឧស្ម័នពីសកម្មភាពផលិត ជីវភាពប្រចាំថ្ងៃ ទៅក្នុងបរិស្ថានធម្មជាតិ។
- បច្ចុប្បន្ន បាតុភូតផែនដីឡើងកម្ដៅ ភាគច្រើនគឺដោយសារមនុស្ស។ សកម្មភាពដុតឥន្ធនៈហ្វូស៊ីល ដែលរួមមាន ប្រេងសាំង ឬធ្យូងថ្មជាដើម ដែលបង្កើតឱ្យមានឧស្ម័នផ្ទះកញ្ចក់ បាន និងកំពុងរក្សាកម្ដៅនៅក្នុងបរិយាកាស។
ផលវិបាកដែលកើតឡើងពីបាតុភូតផែនដីឡើងកម្ដៅ
បាតុភូតកម្ដៅផែនដីកើនឡើង នឹងនាំឱ្យកើតមានផលវិបាកជាច្រើនរៀបមិនអស់ ក្នុងនោះមានជាអាទិ៍ អាកាសធាតុក្ដៅអូសបន្លាយពេលយូរជាងមុន នាំឱ្យមានគ្រោះរាំងស្ងួត ឆេះព្រៃ ព្យុះធូលី និងគ្រោះទឹកជំនន់ជាដើម។
បញ្ហាឡើងកម្ដៅផែនដីក៏នឹងធ្វើឱ្យខ្យល់អាកាសប្រែជាអាក្រក់ជាងមុន ដោយសារតែស្រទាប់អូហ្សូនលើដីក្រាស់ជាងមុន ព្រោះតែផ្សែងពុលកើនឡើង។ ប្រការនេះនឹងបណ្ដាលឱ្យមនុស្សត្រូវឈឺច្រើនជាងធម្មតា។
អត្រាផុតពូជនៃសត្វ និងរុក្ខជាតិក៏នឹងកើនឡើង ព្រោះតែសម្របខ្លួនមិនទាន់ពេល នៅពេលដី និងសមុទ្រត្រូវឆ្លងកាត់ការប្រែប្រួលឆាប់រហ័ស។
កម្ដៅផែនដីកើនឡើងក៏នឹងធ្វើឱ្យផ្ទាំងទឹកកកនៅតំបន់ប៉ូលត្រូវរលាយលឿនជាងធម្មតា បណ្ដាលឱ្យទឹកសមុទ្រកើនឡើងខ្ពស់ គំរាមកំហែងដល់បណ្ដាតំបន់ទំនាបនៅលើផែនដី។
ដំណោះស្រាយសម្រាប់បាតុភូតផែនដីឡើងកម្ដៅ រួមមាន
- ការស្ដារ និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ
- ការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល
- ការពារព្រៃឈើ
- កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច
- ការសន្សំសំចៃអគ្គិសនី និងទឹក
- ការបរិភោគបន្លែ ផ្លែឈើឱ្យបានច្រើនជាងមុន
- ការប្រើប្រាស់ប្រភពថាមបលបៃតង ថាមពលកកើតឡើងវិញ
- ការប្រើប្រាស់បច្ចេកវិទ្យាថ្មីនៅក្នុងការការពារផែនដី។