ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​ឆេះ​ព្រៃ​នៅ​ Hawaii អាច​កើន​ដល់​ 200 នាក់

អភិបាល​រដ្ឋហាវ៉ៃ (Hawaii) របស់​​សហរដ្ឋ​អាម៉េរិក ​ឱ្យ​ដឹង​ថា តួលេខ​អ្នក​ស្លាប់​ក្នុង​ករណី​ឆេះ​ព្រៃ​នៅ​លើ​កោះ Maui រដ្ឋ​ហាវ៉ៃ បាន​កើត​ដល់ 99 នាក់ ហើយ​អាច​កើន​ឡើង​ទ្វេដង​ទៀត​ក្នុង​រង្វង់ 10 ថ្ងៃ​ខាងមុខ​។

«កម្លាំងសង្គ្រោះ​ទើបតែ​ស្វែង​រក​នៅ​ក្នុង​តំបន់​តូច​មួយ​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ Lahaina ក្នុង​នោះ​មាន​សាកសព​ពី 10 ទៅ 20 នាក់​ត្រូវ​បាន​រក​ឃើញ​ជា​រៀង​រាល់​ថ្ងៃ​។ ចំនួន​មនុស្ស​ស្លាប់​ត្រូវ​បាន​បញ្ជាក់​ថា 99 នាក់​។ តួលេខ​នេះ​​នឹង​កើន​ឡើង​ច្រើន​ អាច​ទ្វេដង​ក្នុង​រង្វង់​ 10 ថ្ងៃ​ទៀត​» អភិបាល​រដ្ឋហាវៃ លោក Josh Green កាលពី​ថ្ងៃទី 14​ សីហា ឱ្យ​ដឹង​ដូច្នេះ​។

កាល​ពី​ថ្ងៃទី 08 សីហា ភ្លើង​ព្រៃ​ចំនួន​ 3 ករណី បាន​កើត​ឡើង​ និង​ឆាប​ឆេះ​ពេញ​ទីរួម​ស្រុក​ទេសចរណ៍​ Lahaina និង​តំបន់​មួយ​ចំនួន​ផ្សេង​ទៀត​ ធ្វើ​ឱ្យ​​គ្រប់​យ៉ាង​នៅ​ទី​នេះ​ស្ថិត​ក្នុង​អណ្ដាត​ភ្លើង​។ ដោយ​សារ​តែ​រុក្ខជាតិ​​ស្ងួត​ក្រាស់ បូក​រួម​នឹង​ខ្យល់​ខ្លាំង នាំ​ឱ្យ​អណ្ដាត​ភ្លើង​ធ្វើ​ដំណើរ​យ៉ាង​លឿន​ ធ្វើ​ឱ្យ​ប្រជាជន​ជា​ច្រើន​រត់​គេច​មិន​ទាន់​ពេល​។

គិត​មក​ដល់​ថ្ងៃ​នេះ អ្នក​​ដែល​កំពុង​បាត់​ខ្លួន​មាន​ចំនួនប្រហែល 1,300 នាក់​ ស្រប​ពេល​ដែល​ប្រជា​​ជន​រង​គ្រោះ​​ជា​ច្រើន​បាន​ទាក់​ទង​មក​កាន់​សមត្ថកិច្ច​។

Advertisement