ភព​មួយ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ទើប​តែ​បាត់​បង់​អស់​ពពក​៖ មូលហេតុ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​!

យោង​តាម​បណ្ដា​រូប​ថត​ថ្មី​បំផុត​ពី​​ណាសា ភព​មួយ​ដែល​មានពណ៌​ខៀវ​ដ៏ស្រស់ស្អាត​ និង​ស្ថិត​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​ ទើប​តែ​ បាន​បាត់​បង់​ពពក​។

ក្រុម​អ្នក​ជំនាញ​ប្រចាំ​សាកល​វិទ្យាល័យ California នៅ​សហរដ្ឋ​អាម៉េរិក​ បាន​ពិនិត្យ​ទិន្នន័យ​ដែល​តេឡេស្កុប​របស់​ណាសា​ថត​​ភព​ណិបទូន​ពី​ឆ្នាំ 1994 ដល់​ឆ្នាំ 2022 និង​បាន​រកឃើញ​ប្រការ​ដ៏​ចម្លែក​៖ ពី​ឆ្នាំ 2019 នៅ​ជុំវិញ​តំបន់រយៈទទឹង​មធ្យម​ ភាព​បិទ​បាំង​របស់​ពពក​ក្រាស់​ចាប់​ផ្ដើម​ព្រិល​បន្តិច​ម្ដងៗ​។ មក​ដល់​បច្ចុប្បន្ន​ ភព​ពណ៌​ខៀវ​នេះ​បាន​ប្រែ​ប្រួល​ឱ្យ​យើង​ឃើញ​យ៉ាង​ច្បាស់​ ដោយ​សារ​តែ​ពពករបស់​វា​​បាន​បាត់​បង់​ទាំង​ស្រុង​។

បន្ទាប់​ពី​សម្រេច​ចិត្ត​ស្វែង​យល់​ស៊ី​ជម្រៅ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ក៏បាន​រក​ឃើញ​មូលហេតុ​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ នោះ​គឺ​ ព្រះ​អាទិត្យ​ និង​វដ្ដ​ 11 ឆ្នាំ​របស់​វា​។

យោង​តាម​ទំព័រ​ Space លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ខាងលើ​បង្ហាញ​ថា មិន​ត្រឹម​តែ​បណ្ដា​ភព​ក្បែរ​នោះ​ទេ​ ព្រះ​អាទិត្យ​ក៏​មាន​ថាមពល​គ្រប់គ្រាន់​ដើម្បី​ជះឥទ្ធិពល​ដល់​ភព​ដែល​នៅ​ឆ្ងាយ​ៗ​ដូច​ណិបទូន​ផងដែរ​។

វដ្ដ 11 ឆ្នាំ​របស់ព្រះ​អាទិត្យ​រួម​មាន​ដំណាក់​កាល​ធ្វើសកម្មភាព​កម្រិត​ទាប និង​ដំណាក់​កាល​ធ្វើ​សកម្មភាព​ខ្លាំង​ក្លា​ដូច​បច្ចុប្បន្ន​។ ដំណាក់​កាល​ធ្វើ​សកម្មភាព​ខ្លាំង​ក្លា​នេះ​កំពុង​តែធ្វើ​ឱ្យ​​តំបន់​អវកាសដែល​​រង​ឥទ្ធិពល​ពី​ផែនដី (​​ម៉ាញេតូស្វៀរ (magnetosphere)) ត្រូវ​រង​គ្រាប់​ផ្ទុក​ថាមពល​កម្រិត​ខ្ពស់​ បង្ក​ឱ្យ​មាន​ព្យុះ​ដែន​ទំនាញ​។

សម្រាប់​ភព​ណិបទូន អ្វី​ដែល​បង្ក​ផល​ប៉ះពាល់​ធំបំផុត​ គឺ​អំឡុង​ពេល​ផ្លាស់​ប្ដូរ​ពី​ដំណាក់​កាល​មួយ​ទៅ​ដំណាក់​កាល​មួយ​នៅ​ក្នុង​វដ្ដ 11 ឆ្នាំ​របស់​ព្រះ​អាទិត្យ​ ដោយ​បង្កើត​វិទ្យុសកម្ម​ភាព​អ៊ុលត្រា​វីយូឡេ​ខ្ពស់​ជាង​ធម្មតា​។ វិទ្យុសកម្ម​នេះ​សាយភាយ​ពាស​ពេញ​ប្រព័ន្ធ​ព្រះ​អាទិត្យ ប៉ះ​ពាល់​ដល់​បណ្ដា​ភព​ដែល​មាន​បរិយាកាស​ពិសេស​ ដែល​ភព​ណិបទូន​ក៏​ស្ថិត​ក្នុង​ចំណោម​នោះ​។

ប្រតិកម្មរស្មី​សំយោគ​ក្នុង​ដំណាក់​កាល​វិទ្យុសកម្ម​អ៊ុលត្រាវីយូឡេ​កម្រិត​ខ្ពស់ បាន​បង្កើត​ស្រទាប់​ពពក​យ៉ាង​ក្រាស់ ដែល​ណាសា​ធ្លាប់​បាន​ឃើញ​នៅ​លើ​ភព​ណិបទូន​។ ក្រោយ​មក ស្រទាប់​ពពក​ក្រាស់​នេះ​ក៏​ស្ដើង​បន្តិច​ម្ដង​ៗ​ទៅ​តាម​ពេល​វេលា​ និង​រង់​ចាំ​ដំណាក់​កាល​មួយ​ទៀត​ក្នុង​​វដ្ដ​ 11​ ឆ្នាំ​របស់​ព្រះ​អាទិត្យ​ ដើម្បី​ឡើង​ក្រាស់​ជា​ថ្មី​។

បច្ចុប្បន្ន ព្រះ​អាទិត្យ​កំពុង​ឆ្ពោះ​ទៅ​ជិត​ដល់​ដំណាក់​កាល​ធ្វើ​សកម្មភាព​ខ្លាំង​ក្លា​ក្នុង​​វដ្ដ 11 ឆ្នាំ​។​ ពេល​វា​ឡើង​ដល់​ចំណុច​កំពូល ប្រហែល​ឆ្នាំ 2025 ឬ​ឆាប់​ជាង​នេះ ព្រះ​អាទិត្យ​នឹងផ្លាស់ប្ដូរ​ប៉ូល​ម៉ាញេទិច​ និង​ងាក​មក​ដំណាក់​កាល​ «ស្លូត»។ ពេល​នោះ ព្យុះ​ដែន​ទំនាញ​ ឬ​ព្យុះ​ម៉ាញេទិច​នឹង​កាត់​បន្ថយ​ផលប៉ះពាល់​មក​លើ​ផែនដី គ្រាដែល​ភព​ណិបទូន​​ក៏​នឹង​មាន​ពពក​ក្រាស់​សា​ជាថ្មី​៕

Advertisement