«រោងចក្រ» មួយ​របស់​ចក្រវាល ផលិត​លោហធាតុ​ធ្ងន់​ស្មើ​ផែនដី​មួយ​ពាន់​ដង

ករណី​ផ្ទុះ​មួយ​ដែល​មាន​ចម្ងាយ​ពី​ផែនដី​ 3​ ពាន់​​លាន​ឆ្នាំ​ពន្លឺ​ បង្កើត​ចេញ​លោហធាតុ​គ្រប់​ប្រភេទ​ដែល​មាន​ទម្ងន់​សរុប​​លើស​ពី​ភព ព្រះចន្ទ និង​អាចម៍​ផ្កាយ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​បូក​បញ្ចូល​គ្នា​ទៅទៀត​។

ឆ្នាំ​ 2021 ស្ថានីយ​សង្កេត​តារា Neil Gehrels បាន​រក​ឃើញ​ករណី​ច្របាច់​បញ្ចូល​គ្នា​រវាង​វត្ថុ​អវកាសក្រាស់ៗ​ចំនួន​​​ពីរ​​ដែល​ហៅ​ថា kilonova និង​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា GRB 211211A។ នេះ​គឺជា​ឧទាហរណ៍​ជិត​បំផុត​ស្ដី​ពី​ព្រឹត្តិការណ៍​តារា​សាស្ត្រ​កម្រ​ចួប​នេះ​ដែល​មនុស្ស​មិន​បាន​រក​ឃើញ​ជាមួយ​នឹង​រលក​ទំនាញ​។ GRB 211211A ប្លែក​ពី​គេ​ ដោយ​សារ​តែ​ពន្លឺ​ហ្គាម៉ា (GRB) ដែល​វា​បញ្ចេញ​ អូស​បន្លាយ​ពេល​មួយ​នាទី​។ កន្លង​មក ថេរវេលា​ដូច​គ្នា​នេះ​តែង​តែ​អម​ជាមួយ​នឹង GRB ពី​ហេតុ​ការណ៍​ផ្ទុះ​ផ្កាយ​នានា​​ដែល​ហៅ​ថាស៊ូពើណូវ៉ា​ ជំនួស​ឱ្យ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ផ្កាយ​នឺត្រុង។

ទំព័រ IFL Science រាយការណ៍​កាល​ពី​ថ្ងៃទី 15 សីហា​​ថា លទ្ធផល​នៃ​ការ​ស្រាវជ្រាវចំនួន​បួន​ត្រូវ​បាន​ប្រកាស​ដំណាល​គ្នា​លើ​ទស្សនាវដ្ដី Nature បរិយាយ​អំពី​ការ​រកឃើញ​ខាងលើ និង​ដំណើរ​ការ​ដែល​អាច​បង្កើត​បាន​ជា​ព្រឹត្តិការណ៍​បែប​នេះ។ ក៏ប៉ុន្តែ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង​គេ​នៃ​ហេតុការណ៍​នេះ​ អាច​ជា​បរិមាណ​វត្ថុ​ធាតុ​ធ្ងន់​ៗ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ពី​ការ​ផ្ទុះ​ដ៏​អស្ចារ្យ​ ក្នុង​នោះ​មាន​ទាំង​លោហធាតុ​កម្រ​ មាន​ដូច​ជា​ មាស និង​ប្លាទីន​ជា​ដើម​។

រូបភាព​ដែល​បង្កើត​ឡើង​ត្រាប់​តាម​រស្មី​ហ្គាម៉ាដែល​ជះចេញ​ពី GRB 211211A

ជា​ធម្មតា ផ្កាយ​មួយ​ដួង​តែង​​ច្របាច់​អ៊ីដ្រូសែន​បញ្ចូល​គ្នា​ឱ្យ​ក្លាយ​ជា​អេល្យូម រួច​ក៏​ប្រែ​ក្លាយ​អេល្យូម​ទៅ​ជា​សារធាតុ​ដទៃ​ៗ​នៅ​ក្នុង​វដ្ដ​របស់​វា​។ ពេល​ស្លាប់​ទៅ ផ្កាយ​ដែល​មាន​ម៉ាស​តូច​ទាប​នឹង​បង្កើត​សារធាតុ​ថ្មីៗ​ ប៉ុន្តែ​វត្ថុធាតុ​ភាគ​ច្រើន​ទាម​ទារ​ឱ្យ​មាន​វិធី​កកើត​ដ៏​ខ្លាំង​ក្លា​។ សារធាតុ​ដូច​អាលុយមីញ៉ោម​ និង​ប៉ូតាស្យូម​កកើត​ពី​ហេតុ​ការណ៍​ផ្ទុះ​ផ្កាយមួយ​ដួង​ដោយ​ឡែក​ពី​គ្នា​​ (ស៊ូពើណូវ៉ា) ប៉ុន្តែ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​សង្ស័យ​ថា មាន​ប្រភព​សារធាតុ​ធ្ងន់ៗ​​ដទៃ​ ដោយ​សារ​ថា​ ចំនួន​ករណី​ផ្ទុះ​ស៊ូពើណូវ៉ា​ដែល​ពួក​គេ​បាន​ប្រទះ​ មិន​សម​ស្រប​នឹង​កម្រិត​សម្បូរ​បែប​របស់​សារធាតុ​ធ្ងន់ៗ​។

នៅ​ពេល​ផ្កាយ​នឺត្រុង​ពីរ​ដួង​ប៉ះទង្គិច​គ្នា និង​ត្រូវ​បាន​ច្របាច់​បញ្ចូល​គ្នា ថាមពល​ដែល​ពួក​វា​បញ្ចេញកកើត​​ទៅ​ជា​លោហធាតុ​ធ្ងន់​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ហេតុ​ការណ៍​ផ្ទុះ​​ស៊ូពើណូវ៉ា​។ បើទោះជា​គីឡូណូវ៉ា កម្រ​កើត​មាន​ បើធៀប​នឹង​ស៊ូពើណូវ៉ា តែ​ពួក​វា​បង្កើត​សារធាតុ​ធ្ងន់​ៗ​​ច្រើន​ជាង​ និង​កាន់កាប់​លោហធាតុ​ធ្ងន់​ៗ​​​ភាគ​ច្រើន​ដែល​មាន​នៅ​ក្នុង​ចក្រវាល​។ ឧទាហរណ៍​៖ ​ព្រះអាទិត្យ​​មាន​ម៉ាស​ធ្ងន់​ជាង​ផែនដី 330,000 ដង ខណៈ​ 99.5% នៃ​សម្បក​ផែនដី​មាន​ផ្ទុក​សារធាតុ​មិន​ធ្ងន់​ជាង​ដែក​។ ប្រការ​នេះ​បញ្ចាក់​ថា «រោងចក្រ​ផលិត​មាស​ក្នុង​ចក្រវាល» មាន​ទំហំ​ធំ​ខ្លាំង​ណាស់​។

រូបភាពបរិយាយអំពីការច្របាច់បញ្ចូលគ្នារវាងផ្កាយក្រិនពណ៌ស (ឆ្វេង) និងផ្កាយនឺត្រុង (កណ្ដាលថាសវត្ថុធាតុ)

ដើម្បី​ឱ្យ​ដឹង​ថា​ ព្រឹត្តិការណ៍​ដូច GRB 211211A រួម​ចំណែក​អ្វី​ខ្លះ​ក្នុង​ការ​កកើត​សារធាតុ​ធ្ងន់ៗ​ក្នុង​ចក្រវាល​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ត្រូវ​ការ​ដឹង​អំពី​ចំនួន​របស់​ពួក​វា​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​កំពុង​ស្វែង​រក​អ្វី​ដែល​បាន​បង្កើត​ GRB 211211A។ បច្ចុប្បន្ន​ សម្មតិកម្ម​មួយ​ត្រូវ​បាន​លើក​ឡើង នោះ​គឺការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ផ្កាយ​នីត្រុង និង​កូន​ផ្កាយ​ក្រិន​ពណ៌​ស បង្កើត​ឱ្យ​មាន​ ​GRB 211211A មិន​មែន​ការ​បុក​បញ្ចូល​គ្នា​រវាង​ផ្កាយ​នីត្រុង​ពីរ​ដួង​នោះទេ៕

Advertisement