រកឃើញ «ផែនដី​ខ្នាត​យក្ស» មាន​សីតុណ្ហភាព​អាច​រស់​នៅបាន

«ផែនដី​ខ្នាត​យក្ស​» នេះ ​ស្ថិត​ក្នុងចំណោម​ភព​ដែល​អាច​ទ្រទ្រង់​ជីវិត និង​ត្រូវបាន​សង្កេតមើល​ជា​លើកដំបូង​ដោយ​តេ​ឡេ​ស្កុប​អវកាស Kepler របស់​ណា​សា កាលពី​ឆ្នាំ 2009។

ដើមឡើយ ក្រុម​អ្នកវិទ្យាសាស្ត្រ​ជឿថា មិនមាន​ភាវៈរស់​ណាមួយ​នៅក្នុង​ភព​ដទៃ​ក្រៅពី​ផែនដី។ ប៉ុន្តែ បន្ទាប់ពី​ផលិត​បាន​ឧបករណ៍ទំនើបៗ មនុស្ស​ចាប់ផ្ដើម​យល់ថា វត្តមាន​របស់​មនុស្ស​ភព​ដទៃ​ប្រាកដ​ជាមាន ហើយ​អាចមាន​ច្រើន​លើសពី​ការ​នឹកគិត​ទៅទៀត។

គិត​មកដល់​បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ «ផែនដី​ខ្នាត​យក្ស» ជាង 4,000 នៅក្នុង​ចក្រវាល​ដែល​មនុស្ស​អាច​សង្កេតឃើញ។ «ផែន​ដី​ខ្នាត​យក្ស» ចង់​សំដៅលើ​បណ្ដា​ភព​ដែល​មាន​បរិស្ថាន​ស្រដៀង​នឹង​ផែនដី របស់​មនុស្ស​ ប៉ុន្តែ​មាន​ទំហំ​ធំ​ជាង​។

«ផែនដី​ខ្នាត​យក្ស» Kepler-22b

Kepler-22b គឺជា​មួយ​ក្នុងចំណោម «ផែនដី​ខ្នាត​យក្ស» ដែល​មនុស្ស​បាន​រកឃើញ។ Kepler-22b ត្រូវបាន​សង្កេតមើល​ជា​លើកដំបូង​កាលពី​ឆ្នាំ 2009 ដោយ​តេ​ឡេ​ស្កុប​អវកាស Kepler របស់​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា)។ អ្នកវិទ្យាសាស្ត្រ​ដែល​បាន​រកឃើញ Kepler-22b មាន​ឈ្មោះថា William Burrucci។

Kepler-22b ស្ថិតក្នុង​កញ្ចុំ​ផ្កាយ Cygnus ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រមាណ 638 ឆ្នាំ​ពន្លឺ និង​មាន​អង្កត់ផ្ចិត​ធំ​ជាង​ផែនដី 2.4 ដង ហើយ​មួយឆ្នាំ​របស់​វា​ស្មើនឹង 290 ថ្ងៃ​នៅលើ​ផែនដី។

Kepler-22b វិល​ជុំវិញ​ផ្កាយ​មេ​ដែលមាន​ឈ្មោះថា Kepler-22។ Kepler-22 តូច​ជាង​ព្រះអាទិត្យ​របស់​មនុ​ស្សប​ន្តិ​ច ប៉ុន្តែ​មាន​កម្ដៅ​ប្រហាក់ប្រហែល​នឹង​ព្រះអាទិត្យ។ ភព Kepler-22b ត្រូវបាន​គណនា​ឃើញថា មាន​អាយុ​ប្រហែល 4 ពាន់​លាន​ឆ្នាំ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​ទើបតែ​បាន​រកឃើញថា ភព Kepler-22b ស្ថិតនៅ​ចម្ងាយ​ពី​ផ្កាយ​មេ​ប្រហែល​នឹង 85% នៃ​ចម្ងាយ​ពី​​ផែនដី​របស់​មនុស្ស ទៅ​​ព្រះអាទិត្យ។ នេះ​មានន័យថា សីតុណ្ហភាព​នៅលើ​ភព Kepler-22b អាច​ស្មើនឹង 22 អង្សា​សេ ប្រហាក់ប្រហែល​នឹង​ផែនដី ដែលអនុញ្ញាត​ឱ្យ​មាន​វត្តមាន​ទឹក​រាវ​ហូរ​នៅលើ​ផ្ទៃ។ Kepler-22b អាចជា «ផ្ទះ​ទី​ពីរ» ដ៏​សមស្រប​សម្រាប់​មនុស្សជាតិ។ ព្រោះថា ថ្មីៗនេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា Kepler-22b មាន​បរិយាកាស​ក្រាស់​។

ធ្វើយ៉ាងណា​ដើម្បី​អាច​ទៅដល់ Kepler-22b?

បើសិន​គិត​ទៅតាម​ល្បឿន​របស់​មី​ស៊ី​ល​ទំនើប​នាបច្ចុប្បន្ន​របស់​មនុស្ស (10 គីឡូម៉ែត្រ/វិនាទី) យើង​នឹងត្រូវ​ចំណាយពេល​ហោះហើរ​ជាង 18 លាន​ឆ្នាំ ទើប​ទៅដល់​ភព Kepler-22b ហើយ​នេះ​គឺជា​រយៈពេល​ដ៏​សែន​យូរ​សម្រាប់​ជីវិត​មនុស្ស។

យានអវកាស​ដែលមាន​ល្បឿន​លឿន​បំផុត​នាបច្ចុប្បន្ន​គឺ​យាន​ព្រះអាទិត្យ Parker របស់​ណា​សា ព្រោះថា នៅពេល​ទៅកាន់​តែ​ជិត​ព្រះអាទិត្យ ល្បឿន​របស់​វា​អាច​កើន​ដល់ 692,000 គីឡូម៉ែត្រ/ម៉ោង ប្រហែល​នឹង 192 គីឡូម៉ែត្រ/វិនាទី។ ក្នុង​ល្បឿន​នេះ វា​នឹង​ចំណាយពេល​ប្រហែល​មួយ​លាន​ឆ្នាំ ទើប​ទៅដល់​ភព Kepler-22b។

នៅ​ពេល​ប្រើ​ប្រាស់បច្ចេកវិទ្យា​ និង​​យាន​បច្ចុប្បន្ន​ មនុស្ស​នឹង​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ភព​ Kepler-22b ឡើយ​។ ដូច្នេះ មនុស្ស​ត្រូវ​កា​រប​ច្ចេក​វិទ្យា​ និង​យាន​អវកាស​​ទំនើប​ជាង​នេះ​រាប់​លាន​ដង ទើប​អាច​​មានឱកាស​ទៅ​ជាន់ដី​របស់​ភព Kepler-22b នា​ពេល​អនាគត៕

Advertisement