យានអវកាស​ Voyager 1 និង 2 នឹង​ហោះ​ឆ្ពោះ​ទៅ​ណា បន្ទាប់​ពី​ចប់​ភារកិច្ច?

ប្រព័ន្ធ​ដែល​មិន​មែន​ជា​ឧបករណ៍​បច្ចេក​ទេស​នៅ​លើ​យាន​អវកាស​ Voyager 1 និង Voyager 2 ត្រូវ​បាន​បិទ​ខ្លះ​ហើយ ដោយ​សង្ឃឹម​ថា នឹង​ជួយ​ឱ្យ​ពួក​វា​ធ្វើសកម្មភាព​រហូតដល់​ឆ្នាំ 2030 ហើយ​ក្រោយ​មក​ ពួក​វា​អាច​នឹង​ដាច់​ទំនាក់​ទំនង​ជាមួយ​ផែនដី​។

យាន​អវកាស Voyager 1 និង 2 របស់​ណាសា ដែល​ត្រូវ​បាន​បាញ់​បង្ហោះមុន​ក្រោយ​គ្នា​ 16 ថ្ងៃ ក្នុង​​ឆ្នាំ 1977 ត្រូវ​បាន​រចនា​ឡើង​ដើម្បី​អាច​​បំពេញ​បេសកកម្ម​​បាន​ 5 ឆ្នាំ​។ យាន​មួយ​គូ​នេះ​បាន​សិក្សា​ស្រាវជ្រាវ​ភព​ព្រហស្បតិ៍​ ភព​សៅរ៍ ភព​អ៊ុយរ៉ានុស ភព​ណេបទូន និង​ព្រះចន្ទ​ជាច្រើន​ទៀត​។

ក៏ប៉ុន្តែ ក្រោយ​ធ្វើ​សកម្មភាព​បាន​​ជិត 46 ឆ្នាំ មក​ដល់​ពេល​នេះ យាន​អវកាស​មួយ​គូ​នេះ​បង្កើត​បាន​កំណត់​ត្រា​ដ៏​អស្ចារ្យ​ នៅ​ពេល​បាន​ហោះ​ឆ្លង​ផុត​ព្រំដែននៃ​​តំបន់​ឥទ្ធិពល​របស់​ព្រះ​អាទិត្យ​។ ពួកវា​នៅ​តែ​បន្ត​បញ្ជូន​ទិន្នន័យ​មក​កាន់​ផែនដី បើ​ទោះ​ស្ថិត​ក្នុង​បរិស្ថាន​អន្តរតារា​ ដែល​ជា​តំបន់​អាថ៌កំបាំង​នៅ​ចន្លោះ​ផ្កាយ​នានា​។ ទោះជា​ពេល​ខ្លះ​ជួប​បញ្ហា​បច្ចេក​ទេស​ ដាច់​ទំនាក់​ទង​នឹង​ផែនដី ប៉ុន្តែ​ដំណើរ​ហោះ​ហើរ​ក្នុង​ទីអវកាស​របស់​ពួក​វា​ ទំនង​ជា​អាច​បន្ត​ទៅ​មុខ​យូរ​ទៀត​។ នេះ​បើ​តាម Business Insider ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 04 សីហា​។

ណាសា​ផលិត​យាន Voyager គឺ​ដើម្បី​ស្រាវ​ជ្រាវ​ផ្នែក​ខាង​ក្រៅ​របស់​ប្រព័ន្ធ​ព្រះ​អាទិត្យ​។ ក្រោយ​ពី​ចប់​បេសក​កម្ម​សំខាន់​ ពួក​វា​បន្ត​ហោះ​ហើរ​ផ្សង​ព្រេង​​ក្នុង​កាឡាក់ស៊ី​មីលគីវ៉េ​ និង​ថត​បាន​​ទិដ្ឋភាព​​ចក្រវាល​ដ៏​សែន​អស្ចារ្យ​។

កាល​ពី​ថ្ងៃ​ទី 14 កុម្ភៈ 1990 Voyager 1 ថត​បាន​​រូប​ភាព​ «Pale Blue Dot» (ចំណុច​ពណ៌ខៀវ) ពី​ចម្ងាយ​ 6.4 ពាន់​លាន​គីឡូម៉ែត្រ​។ នោះ​គឺជា​រូប​ភាព​និមិត្ត​រូប​ និង​ជា​រូប​ថត​ឆ្ងាយបំផុត​ស្ដី​ពី​ផែនដី​។

​​រូប​ភាព​ «Pale Blue Dot» (ចំណុច​ពណ៌ខៀវ)

ក្នុង​ទសវត្សរ៍​កន្លង Voyager 1 បាន​ស្រាវ​ជ្រាវ​តំបន់​អន្តរតារា​ ជា​ទី​ដែល​មាន​ធូលី ឧស្ម័ន​ និង​គ្រាប់​ដែល​មាន​ផ្ទុក​អគ្គិសនី​យ៉ាង​ក្រាស់​​។ Voyager 2 បាន​ទៅ​ដល់​តំបន់​អន្តរ​តារា​ក្នុង​ឆ្នាំ 2018 ក្រោយ​ Voyager 1 6 ឆ្នាំ​។ ការ​ស្រាវ​ជ្រាវ​របស់​ពួក​វា​ទាក់​ទង​នឹង​ឧស្ម័ន​នៅ​តំបន់​អន្តរ​តារា​ បាន​ជួយ​ឱ្យ​ក្រុម​តារា​វិទូ​យល់​ដឹង​​អំពី​ទី​អវកាស​ដ៏​អាថ៌​កំបាំង​​នេះ​។

នៅ​ក្នុង​គន្លាត​ប្រហែល 23.8 ពាន់​លាន​គីឡូម៉ែត្រ​ពី​ផែនដី Voyager 1 កំពុង​ហោះ​ហើរ​ក្នុង​បរិស្ថាន​អន្តរ​តារា​ដ៏​ងងឹត​។ វា​គឺជា​យាន​អវកាស​របស់​មនុស្ស​ដែល​បាន​ហោះ​ទៅ​ឆ្ងាយ​ពី​ផែនដី​បំផុត​។ ដោយ​សារ​តែ​ហោះ​ក្នុង​ទិស​ដៅ​ផ្សេង​គ្នា ដូច្នេះ Voyager 2 បច្ចុប្បន្ន​មាន​គម្លាត​ពី​ផែនដី​ប្រហែល 19.8 ពាន់​លាន​គីឡូម៉ែត្រ​។

ប៉ុន្មាន​ឆ្នាំ​មក​នេះ ដោយ​មាន​ការ​ប្រឹង​ប្រែង​ដើម្បី​គ្រប់​គ្រង​ថាមពល ក្រុម​វិស្វករ​បានបិទ​ប្រព័ន្ធ​មួយ​ចំនួន​ដែល​មិន​មែន​ជា​ឧបករណ៍​បច្ចេក​ទេស​នៅ​លើ​យាន​ទាំង​ពីរ​នេះ​ ក្នុង​នោះ​មាន​ដូច​ជា​ប្រព័ន្ធ​កម្ដៅ​សម្រាប់​ឧបករណ៍​វិទ្យា​សាស្ត្រ​ជា​ដើម ដោយ​សង្ឃឹម​ថា ពួក​វា​អាច​នឹង​បំពេញ​ភារកិច្ច​បាន​ដល់​ឆ្នាំ 2030​។ បន្ទាប់​ពី​នោះ ពួក​វា​ទំនង​ជា​អស់​លទ្ធភាព​ក្នុងការ​​រក្សា​ទំនាក់​ទំនង​ជាមួយ​ផែនដី​។

ក៏ប៉ុន្តែ ក្រោយ​ពី​អស់ថាមពល Voyager នឹង​នៅ​តែ​បន្ត​ហោះ​ហើរ​អណ្ដែត​ត្រសែត​ក្នុង​តំបន់​អន្តរ​តារា​។ ណាសា​ឱ្យ​ដឹង​ថា ប្រហែល 300 ឆ្នាំ​ទៀត​ Voyager 1 នឹង​ហោះ​ចូល​ដល់​ពពក​ Oort ជា​តំបន់​ដែលមាន​​រូប​រាង​មូល​នៅ​ខាង​ក្រៅ​គន្លង​គោចរ​របស់​ភព​ភ្លុយតូ និង​មាន​ផ្ទុក​ផ្កាយ​ដុះ​កន្ទុយត្រជាក់​ចំនួន​រាប់​ពាន់​លាន​ដុំ។ Voyager នឹង​ត្រូវ​ចំណាយ​ពេល​ 30,000 ឆ្នាំ​ទៀត​ដើម្បី​ហោះ​ទៅ​ដល់​ចំណុច​ចុង​ក្រោយ​បង្អស់​របស់​ពពក​ Oort និង​ប្រហែល​ 40,000 ឆ្នាំ​ទៀត​ដើម្បី​ទៅ​ដល់​ AC+ 79 3888 ជា​ផ្កាយ​មួយ​ដួង​ដែល​ស្ថិត​ក្នុង​កញ្ចុំ​ផ្កាយ​ Camelopardalis។

ចំណែក Voyager 2 វិញ ប្រហែល​ 296,000 ឆ្នាំ​ទៀត​ នឹង​ហោះ​ឆ្លង​កាត់​ Sirius ជា​ផ្កាយ​​មួយ​ដួង​ដែល​ភ្លឺ​ជាង​គេ​ក្នុង​រាត្រី​នៅ​លើ​ផែនដី​។ ណាសា​ឱ្យ​ដឹង​ថា យាន​ Voyager ប្រហែល​ជា​ហោះ​អណ្ដែត​ត្រសែត​​ជា​រៀង​រហូត​នៅ​ក្នុង​កាឡាក់ស៊ី​មីលគីវ៉េ​៕

Advertisement