ព្រលាន​យន្តហោះ​របស់​រុស្ស៊ី​រង​ការ​វាយ​ប្រហារ​ពី​ UAV

អភិបាល​ខេត្ត Pskov ឱ្យ​ដឹង​ថា ព្រលាន​យន្តហោះ​នៅទីក្រុង Pskov បាន​រង​ការ​វាយ​ប្រហារ​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) បណ្ដាល​ឱ្យ​យន្តហោះ​ដឹក​ជញ្ជូន​ច្រើន​​គ្រឿង​ត្រូវ​​ខូច​ខាត​។

«ក្រសួង​ការ​ពារ​ជាតិ​កំពុង​ដោះ​ស្រាយ​ការ​វាយ​ប្រហារ​ពី UAV មក​លើ​ព្រលាន​យន្តហោះ Pskov» Mikhail Vedernikov អភិបាល​ខេត្ត Pskov នៅ​ភាគ​ពាយព្យ​ប្រទេស​រុស្ស៊ី​ ឱ្យ​ដឹង​ដូច្នេះ​។ លោក​ក៏​បាន​បង្ហោះ​វីដេអូ​ស្ដី​ពី​ការ​វាយប្រហារ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ផងដែរ​។

ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​អ្វីនៅ​ឡើយ​។ «យោង​តាម​ព័ត៌មាន​ដំបូង ពុំ​មាន​ករណី​​ស្លាប់​» លោក​ Vedernikov និយាយដូច្នេះ និង​បន្ថែម​ថា ទំហំ​នៃ​ការ​ខូច​ខាត​កំពុង​ត្រូវ​បាន​វាយ​តម្លៃ​។

សារព័ត៌មាន TASS ដក​ស្រង់​ប្រភព​ព័ត៌មាន​ពី​ស្ថាប័ន​សង្គ្រោះ​បន្ទាន់​ឱ្យ​ដឹង​ថា យន្តហោះ​ដឹក​ជញ្ជូន​ធុន​ធ្ងន់​ Ilyushin II-76 ចំនួន​បួន​គ្រឿង​ បាន​រង​ការ​ខូច​ខាត​។ ចំណែក​ដែន​អាកាស​នៅ​តំបន់​ព្រលាន​យន្តហោះ​ Vnukovo របស់​រដ្ឋធានី​មូស្គូ ត្រូវ​បាន​បិទ​ខ្ទប់​ក្នុង​រយៈ​ពេល​ខ្លី​។

សារព័ត៌មាន​រុស្ស៊ី Readovka បាន​ផ្សាយ​ថា យន្តហោះ UAV ប្រហែល​ 15 គ្រឿង​របស់​អ៊ុយក្រែន ដែល​ហោះ​សំដៅ​ទៅ​កាន់​ព្រលាន​យន្តហោះ Pskov ត្រូវ​បាន​បាញ់ទម្លាក់​។ ទំព័រ Telegram Mash និយាយ​ថា UAV មួយ​គ្រឿង​ទំនង​ជា​បាន​ហោះ​សំដៅ​ឃ្លាំង​ឥន្ធនៈ​ និងបាន​​ផ្ទុះ​ឆេះ​ បង្កើត​បាន​ជា​ផ្សែង​ខ្មៅ​ក្រាស់​នៅ​លើ​ទីក្រុង​។

Pskov មានចម្ងាយ​ពី​ព្រំ​ដែន​អ៊ុយក្រែន​ប្រហែល​ជិត 800 គីឡូម៉ែត្រ​។ ទីក្រុង​នេះ​មាន​ចម្ងាយ​ពី​ប្រទេស​សមាជិក​ណាតូ​ចំនួន​ពីរ​គឺ អេស្តូនីប្រហែល 30 គីឡូម៉ែត្រ និងឡេតូនី ប្រហែល 60 គីឡូម៉ែត្រ ​ទៅ​ទិស​ខាង​លិច​៕

Advertisement