អឺរ៉ុប​ខាង​ជើង​រង​អាកាសធាតុ​ត្រជាក់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រង្វង់​ច្រើន​ទសវត្សរ៍​មក​នេះ​

ទិដ្ឋភាពនៃតំបន់មួយរបស់ប្រទេសដាណឺម៉ាក កាលពីថ្ងៃទី 03 មករា 2024

បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ខាង​ជើង កំពុង​ស្ថិត​ក្នុង​អាកាសធាតុ​ត្រជាក់​ជាង​រដូវ​រងា​មុន​ៗ ដោយសីតុណ្ហ​ភាព​ធ្លាក់​​ចុះ​រហូត​ដល់​រាប់​សិប​អង្សាសេ​ក្រោម​សូន្យ​ ធ្វើ​ឱ្យ​ព្រឹល​ធ្លាក់​យ៉ាង​ក្រាស់ ប៉ះពាល់​ដល់​ចរាចរណ៍​ និង​ការ​រស់នៅ​។

ប្រទេស​ស៊ុយអែត កាល​ពី​ថ្ងៃទី 03 មករា 2024 បាន​ឆ្លង​កាត់​រាត្រី​ត្រជាក់​បំផុត​រាប់​ចាប់​តាំង​ពី​ឆ្នាំ 1999 ស្រប​​ពេល​ស្ថានីយ​ឧតុនិយម​នៅ​តំបន់​ខាង​ជើង​របស់​ប្រទេស​ វាស់​ឃើញ​ -43.6 អង្សាសេ​។

«​នេះ​ក៏​ជា​កម្រិត​ទាប​បំផុត​ដែល​កើត​មាន​នៅ​ក្នុង​ទីតាំង​ជាក់​ស្ដែង​នេះ​ រាប់​ពី​ពេល​ចាប់​ផ្ដើម​វាស់​ស្ទង់​កាល​ពី​ឆ្នាំ 1888» អ្នក​ជំនាញ​ផ្នែក​ឧតុនិយម​របស់​ប្រទេស​ស៊ុយអែត (SMHI) ឱ្យ​ដឹង​ដូច្នេះ​។ ស្ថានីយ​ឧតុនិយម​​ដទៃ​ទៀត​នៅ​តំបន់​ភាគ​ខាង​ជើង​ប្រទេស​នេះ​ក៏​វាស់​ឃើញ -40 អង្សាសេ​។

អាកាសធាតុ​ត្រជាក់​ខ្លាំង​បែប​នេះ​ធ្វើ​ឱ្យ​ដំណើរ​ការ​របស់​រថភ្លើង​អគ្គិសនី​មាន​ការ​រអាក់​រអួល​ ខណៈ​រថយន្ត​ក្រុង​ក្នុង​តំបន់​ក៏​ត្រូវ​ផ្អាក​ដំណើរ​ការ​ច្រើន​ថ្ងៃ​។

កាលពី​ថ្ងៃទី 03-04 មករា 2024 រថយន្ត​រាប់​រយ​គ្រឿង​បាន​ជាប់​គាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​ល្បឿន​លឿន​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ស៊ុយអែត និង​ដាណឺម៉ាក ដោយ​សារ​តែ​ព្រឹល​។ កងទ័ព​ស៊ុយអែត​ត្រូវ​បាន​បញ្ជូន​ទៅ​ជួយ​ដល់​ពលរដ្ឋ​នៅ​តាម​ទីរួម​ស្រុក​នានា​ដែល​ស្ថិត​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​។

រថភ្លើង​ជា​ច្រើន​ខ្សែ​ក៏​ត្រូវ​អាក់​ខាន​ដំណើរ​ការ​នៅ​ហ្វាំងឡង់​ ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ស៊ុយអែត​។ វេលា​ទៀបភ្លឺ​នៃ​ថ្ងៃទី 05 មករា សីតុណ្ហភាព​នៅ​តំបន់​ពាយព្យ​ Enontekio គឺ​ -42.1 អង្សាសេ​ ដែល​ជា​កម្រិត​ទាប​បំផុត​នៅ​ក្នុង​រដូវ​រងា​នេះ​។ អាជ្ញាធរ​ហ្វាំងឡង់​ឱ្យ​ដឹង​ថា ប្រទេស​នេះ​មាន​អាកាសធាតុ​ -42 អង្សាសេ​តែ​បី​ដង​គត់​នៅ​ក្នុង​សតវត្សរ៍​នេះ​។

Advertisement