គ្រូបង្វឹក Mourinho អាច​រង​ការពិន័យ​ធ្ងន់ធ្ងរ ក្រោយពី​ជេរ និង​ចោទ​អាជ្ញាកណ្ដាល​នៅ Europa League

Jose Mourinho កំពុងត្រូវបាន Anthony Taylor ពិន័យកាតលឿង ក្នុងការប្រកួតរវាង Roma និង Sevilla នៅវគ្គផ្ដាច់ព្រ័ត្ររបស់ពានរង្វាន់ Europa League នៅប្រទេសហុងគ្រី កាលពីថ្ងៃទី 31 ឧសភា 2023

គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់ Roma អាច​នឹង​ត្រូវបាន​ហាម​ការដឹកនាំ​ពី​បួន​ទៅ​ប្រាំ​ប្រកួត​នៅ UEFA ព្រោះតែ​បាន​ជេរប្រទេច និង​ចោទ​អាជ្ញាកណ្ដាល ក្រោយ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ពានរង្វាន់ Europa League កាលពី​ប៉ុន្មាន​ថ្ងៃមុន។

គ្រូបង្វឹក Jose Mourinho របស់​ក្រុមបាល់ទាត់​អ៊ីតាលី Roma បាន​ប្រើប្រាស់​ពាក្យអសុរោះ​​ដើម្បី​ជេរប្រទេច​អាជ្ញាកណ្ដាល​ជនជាតិ​អង់គ្លេស Anthony Taylor នៅឯ​ចំណតរថយន្ត​បន្ទាប់ពី​ការប្រកួត​​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ពានរង្វាន់ Europa League ​បានបញ្ចប់។

ក៏ប៉ុន្តែ ការបញ្ចេញមតិ​ដែល​ធ្ងន់ធ្ងរ​ជាង​ការ​ជេរ​ប្រទេច​ខាងលើ​​របស់​គ្រូបង្វឹក​ក្រុម Roma នោះ​គឺ​ការ​ចោទ​ដោយ​ប្រយោល​ថា ក្រុម​អាជ្ញាកណ្ដាល​បានរួម​គំនិត​គ្នា​ធ្វើការ​លំអៀង​ទៅរក​ក្រុម Sevilla របស់​អេ​ស្ប៉ា​ញ។ ពេល​ប្រធាន​ក្រុម​អាជ្ញាកណ្ដាល​របស់ UEFA លោក Roberto Rosetti ចូលមក​ណែនាំ​ឱ្យ​ស្ងប់ចិត្ត គ្រូបង្វឹក​ជនជាតិ​ព័រទុយហ្កាល់ លោក Mourinho ក៏​និយាយថា «លោក​ឯង​រួមគំនិត​ជាមួយ​ពួកគេ»។

សម្ដី​របស់​លោក Mourinho ក៏​បាន​នាំ​ឱ្យ​មាន​ភាព​ច្របូក​ច្របល់​នៅ​ពេល​អ្នក​គាំទ្រ​ធ្វើ​ការ​​​វាយ​ប្រហារ​ទៅ​លើ​​អាជ្ញាកណ្ដាល​ Taylor និង​ក្រុម​គ្រួសារ​ ​មុន​ពេល​ឡើង​យន្ត​ហោះ​ត្រលប់​ទៅ​អង់គ្លេស​។

យោងតាម Sun Sport សម្ដី​ចោទប្រកាន់​ដោយ​ប្រយោល​ខាងលើ អាច​នាំឱ្យ​លោក Mourinho ប្រឈម​នឹង​ហានិភ័យ​ត្រូវបាន​ហាម​ការដឹកនាំ​រហូតដល់​ប្រាំ​ប្រកួត។ ប្រការនេះ​អាច​ប៉ះពាល់​ដល់​ឱកាស​របស់លោក Mourinho បើសិនជា​ទៅ​ដឹកនាំ​ក្លឹប​ថ្មី។ ឧទាហរណ៍​ថា បើសិន​ចូលធ្វើ​ការឱ្យ​ក្លឹប​បារាំង PSG លោក Mourinho

អាច​នឹង​មិនបាន​ដឹកនាំ​ក្រុម​នេះ​នៅ​​ក្នុង​ការប្រកួត​ភាគច្រើន​នៅ​វគ្គ​វិលជុំ​របស់​ Champions League 2023-2024។

ការប្រកួត​បាល់ទាត់រ​វាង​ក្រុម Roma របស់​អ៊ីតាលី និង​ក្រុម Sevilla របស់​អែ​ស្ប៉ា​ញ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ពានរង្វាន់ Europa League ដែល​ធ្វើឡើង​នៅ​ទីលាន Puskas Arena របស់​ប្រទេស​ហុង​គ្រី កាលពី​ព្រលប់​ថ្ងៃទី 31 ឧសភា 2023 ក្រុម​ទាំងពីរ​ទទួលបាន​លទ្ធ​ផល 1-1 ក្នុង 120 នាទី​ដំបូង។ ប៉ុន្តែ Roma បាន​ចាញ់ Sevilla 1-4 ក្នុងការ​ទាត់​ប៉េ​ណាំង​ទី​ម្ដងម្នាក់។ លទ្ធផល​នេះ​ជួយ​ឱ្យ Sevilla លើក​ពាន​ជើងឯក​នៅ Europa League៕

Advertisement