ក្រុមហ៊ុន Virtus Solis គ្រោងនឹងប្រើប្រាស់រ៉ុក្កែត Starship ដើម្បីបាញ់បង្ហោះផ្ទាំងសូឡាទំហំមួយគីឡូម៉ែត្រ ឡើងទៅកាន់ទីអវកាស ដើម្បីផលិត និងបាញ់បញ្ជូនអគ្គិសនីពីលើមេឃមកកាន់ផែនដី។
Virtus Solis ដែលជាក្រុមហ៊ុនធុរកិច្ចថ្មីនៅរដ្ឋ Michigan សហរដ្ឋអាម៉េរិក ត្រូវបានបង្កើតឡើងដោយអតីតវិស្វកររ៉ុក្កែត John Bucknell របស់ក្រុមហ៊ុន SpaceX។ តំណាងក្រុមហ៊ុននេះបានអធិប្បាយអំពីគំនិតស្ដីពីការបាញ់បញ្ជូនអគ្គិសនីព្រះអាទិត្យពីទីអវកាស នៅក្នុងសន្និសីទអន្តរជាតិស្ដីពីថាមពលអវកាស ដែលត្រូវបានធ្វើឡើងនៅប្រទេសអង់គ្លេសកាលពីពាក់កណ្ដាលខែមេសា ឆ្នាំ2024។ នេះបើតាមទំព័រ Space ដែលបានចុះផ្សាយកាលពីថ្ងៃទី30 មេសា។
លោក Bucknell យល់ថា នៅពេលការចំណាយសម្រាប់ការបាញ់បង្ហោះផ្កាយរណបឡើងទៅកាន់គន្លងតារាវិថីកម្រិតទាបរបស់ផែនដីថយចុះមកនៅក្រោម 200ដុល្លារក្នុងមួយគីឡូក្រាម អគ្គិសនីព្រះអាទិត្យក្នុងទីអវកាសក៏នឹងមានតម្លៃទាបជាង បើធៀបនឹងអគ្គិសនីពីបណ្ដារោងចក្រថាមពលនុយក្លេអែរ ឬរោងចក្រដែលប្រើប្រាស់ធ្យូងថ្ម និងឧស្ម័នធម្មជាតិនៅលើផែនដី។ បច្ចុប្បន្ន SpaceX យកថ្លៃមិនដល់ 3ពាន់ដុល្លារសម្រាប់ទំនិញមួយគីឡូក្រាមដែលផ្ញើឡើងទៅកាន់ទីអវកាស។ SpaceX បានអះអាងថា បន្ទាប់ពីរ៉ុក្កែត Starship ដំណើរការពេញលេញ ការចំណាយសម្រាប់ការបាញ់បង្ហោះផ្កាយរណបទៅកាន់អវកាស នឹងថយចុះមកនៅ 10ដុល្លារក្នុងមួយគីឡូក្រាម។
ក្រុមហ៊ុន Virtus Solis ចង់អភិវឌ្ឍផ្ទាំងសូឡាដែលមានទទឹងមួយគីឡូម៉ែត្រ អាចដំឡើងនៅលើមេឃដោយរ៉ូបូតម៉ូឌុលដែលមានទំហំ 1.6 ម៉ែត្រ។ ម៉ូឌុលប្រភេទនេះចំនួនរាប់រយ អាចត្រូវបានដឹកជញ្ជូនដោយរ៉ុក្កែត Starship ឡើងទៅកាន់ Molniya ដែលជាគន្លងតារាវិថីរាងពងក្រពើ ដែលមានចំណុចជិតបំផុតគឺ 800 គីឡូម៉ែត្រ និងឆ្ងាយបំផុតគឺ 35ពាន់គីឡូម៉ែត្រ ធៀបនឹងផែនដី។
ដូច្នេះ ផ្កាយរណបចាប់ពីពីរគ្រឿងឡើងទៅនឹងអាចផ្គត់ផ្គង់អគ្គិសនីសម្រាប់មួយតំបន់នៅលើផែនដី។ ប្រព័ន្ធរបស់ក្រុមហ៊ុន Virtus Solis ដែលមានផ្ទាំងសូឡាចំនួន 16ផ្ទាំង នឹងគ្របដណ្ដប់តំបន់នានានៅទូទាំងពិភពលោក ហើយអាចបាញ់បញ្ជូនថាមពលក្នុងទម្រង់រលកមីក្រូវ៉េវ មកកាន់អង់តែនទទួលខ្នាតយក្សនៅលើដី។
យោងតាម Bucknell បច្ចុប្បន្ន ក្រុមហ៊ុន Virtus Solis កំពុងរកវិធីកែលម្អប្រសិទ្ធភាពនៃបច្ចេកវិទ្យាបញ្ជូនអគ្គិសនីដោយមិនប្រើខ្សែ ដែលជាឧបស័គធំចំពោះការផលិតអគ្គិសនីព្រះអាទិត្យក្នុងទីអវកាស។ បណ្ដាប្រព័ន្ធបែបនេះ បច្ចុប្បន្នមានប្រសិទ្ធភាពប្រហែល 5% ប៉ុន្តែដើម្បីអាចប្រើប្រាស់ជាក់ស្ដែង ប្រសិទ្ធភាពនេះត្រូវការកើនឡើងដល់ 20%។
កាលពីខែកុម្ភៈ ឆ្នាំ2024 ក្រុមហ៊ុន Virtus Solis បានប្រកាសអំពីគម្រោងសាកល្បងដំណើរការផ្កាយរណបបាញ់បញ្ជូនអគ្គិសនីនៅក្នុងឆ្នាំ2027 ដើម្បីត្រួតពិនិត្យការដំឡើងផ្ទាំងសូឡាក្នុងទីអវកាស និងបាញ់បញ្ជូនអគ្គិសនីជាងមួយគីឡូវ៉ាត់ មកកាន់ផែនដី។ ក្រុមហ៊ុននេះសង្ឃឹមថា អាចស្ថាបនារោងចក្រអគ្គិសនីព្រះអាទិត្យសម្រាប់ធ្វើពាណិជ្ជកម្ម ក្នុងកម្រិតមេហ្គាវ៉ាត់ នៅក្នុងឆ្នាំ2030។