
សញ្ញានៃការតាំងគភ៌មិនមែនមានត្រឹមតែការក្អួតចង្អោរប៉ុណ្ណោះទេ ព្រោះអាការរបស់អ្នកមានផ្ទៃពោះក្នុងរយៈដំបូងអាចមិនដូចគ្នាទាំងអស់នោះទេ អ្នកខ្លះចាញ់ខ្លាំង ឬអ្នកខ្លះសឹងតែគ្មានអាការចាញ់កូនសោះក៏មាន ឯអ្នកខ្លះទៀតកើតអាការប្លែកៗដែលធ្វើឱ្យយល់ច្រឡំថា ជាអាការជំងឺអ្វីមួយទៅវិញ ដូច្នេះនៅពេលនេះ ឡារ៉ែន សូមរួបរួមអាការរបស់អ្នកមានផ្ទៃពោះក្នុងលក្ខណៈផ្សេងៗមកជម្រាបជូនជ្រាប ជាពិសេសសម្រាប់នារីៗដែលមិនទាន់មានបទពិសោធក្នុងការតាំងគភ៌ដូចតទៅ។

1. បាត់វដ្តរដូវ
បើវដ្តរដូវប្រចាំខែដែលធ្លាប់តែមកជាប្រក្រតីមិនដែលបាត់ តែដល់ពេលវេលាហើយនៅតែមិនឃើញមកទៀតនោះ បញ្ជាក់ថា អ្នកអាចកំពុងតាំងគភ៌ហើយ ព្រោះក្រោយពីការចាប់បដិសន្ធិ វដ្តរដូវនឹងបាត់លែងមក ដូច្នេះ ឡារ៉ែន សូមណែនាំឱ្យទៅទិញប្រដាប់ពិនិត្យការតាំងគភ៌មកធ្វើការពិនិត្យមើលទើបប្រាកដ។
2. ក្អួតចង្អោរ
ជាអាការដែលជួបញឹកញាប់រហូតក្លាយជានិមិត្តសញ្ញារបស់ការតាំងគភ៌ក៏អាចថាបានដែរ។ អាការក្អួតចង្អោរច្រើនតែកើតឡើងក្រោយពីតួកំណើតចាប់បដិសន្ធិបាន1ខែ តែអាការនេះនឹងថមថយទៅវិញពេលចូលដល់ត្រីមាសទី2។

3. ធុំក្លិននេះ ធុំក្លិននោះ
អាការនេះបណ្តាលមកពីអ័រម៉ូន អេសត្រូជេនកើនឡើង នារីៗដែលកំពុងតាំងគភ៌អាចក្លាយជាមនុស្សពូកែច្រមុះ ធុំក្លិនអ្វីក៏ស្អុយរហូតដល់ចង់តែក្អួតទាំងអស់។ ពេលហ្នឹងហើយដែលតឱ្យសាច់គោឆាខាត់ណាដែលជាអាហារសំណព្វចិត្តក៏លែងចង់ដែរ។
4. ដើមទ្រូងហើម និងឈឺ
ដើមទ្រូងរបស់អនាគតអ្នកម្តាយត្រីមាសដំបូងអាចនឹងហើម ព្រោះមានឈាមរត់ចូលទៅចិញ្ចឹមនៅបរិវេណនោះច្រើនរហូតមានអារម្មណ៍
ថា ឈឺអួល រួមទាំងមានអារម្មណ៍ថាឆាប់ដឹងនៅពេលប៉ះនឹងអ្វីមួយស្រដៀងនឹងអាការមុនមានវដ្តរដូវដែរ។
5. ឆាប់នឿយហត់
មានអារម្មណ៍ថា នឿយល្វើយខ្លាំងណាស់ ទាំងមិនបានធ្វើអ្វីសោះមែនទេ? មានអារម្មណ៍ងងុយងោកស្ងាបចង់គេងពេញមួយថ្ងៃមែនទេ? នេះអាចជាលទ្ធផលបណ្តាលពីកម្រិតអ័រម៉ូនប្រូជេស្ទើរ៉ូនដែលកើនឡើងយ៉ាងឆាប់រហ័ស តែមិនចាំបាច់កង្វល់ទេ ព្រោះចូលដល់ត្រីមាស2 កម្លាំងថាមពលរបស់អ្នកនឹងត្រឡប់មកវិញមិនខាន។
6. មានឈាមចេញមកតាមរន្ធស្បូន
អំឡុងពេលដែលតួកំណើតទម្លាក់ខ្លួនចូលទៅក្នុងស្បូន អនាគតអ្នកម្តាយមួយចំនួនអាចនឹងមានឈាមហូរចេញមកតាមរន្ធស្បូន។ អាការនេះច្រើនកើតឡើងក្រោយពីតួកំណើតចាប់បដិសន្ធិបាន11-12ថ្ងៃ (ពេលជាមួយគ្នានឹងពេលដែលអ្នកចាប់ផ្តើមសង្កេតដឹងថាបាត់វដ្តរដូវ)។ ឈាមដែលហូរចេញមកច្រើនមានពណ៌ស្លេកៗឬពណ៌ផ្កាឈូក ហើយនឹងឈប់ហូរចេញមកក្នុងរយៈពេល1-2ថ្ងៃ។ យ៉ាងណាក៏ដោយ បើអ្នកដឹងខ្លួនថាតាំងគភ៌ហើយ និងឃើញថាមានឈាមហូរចេញមកតាមរន្ធស្បូន រួមជាមួយអាការឈឺពោះផងនោះ គួរប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ព្រោះអាចជាសញ្ញានៃសភាវកូនក្រៅស្បូនក៏អាចថាបានដែរ។
7. ពោះឡើងប៉ោង
ឈប់! កុំអាលភ្ញាក់ផ្អើលអី អ្នកនៅមិនទាន់ក្លាយជាស្ត្រីតាំងគភ៌ពោះប៉ោងមូលតាំងពីត្រីមាសដំបូងនោះទេ ក្បាលពោះដែលរាបស្មើរបស់អ្នកគ្រាន់តែរាងធំចេញមកបន្តិច និងមានអារម្មណ៍ថា ចង្កេះខោរាងណែនជាងមុនបន្តិចប៉ុណ្ណោះ។
8. បត់ជើងតូចញឹកញាប់
អាការឈឺបត់ជើងតូចញឹកញាប់ ជារឿងប្រក្រតីរបស់ស្ត្រីដែលចាប់ផ្តើមមានគភ៌ ព្រោះរាងកាយនឹងផលិតឈាមទៅចិញ្ចឹមផ្នែកផ្សេងៗកាន់តែច្រើនឡើង ធ្វើឱ្យក្រលៀនបញ្ចេញកាកសំណល់ក្នុងរូបភាពជាវត្ថុរាវច្រើនឡើងតាមនោះដែរ។
9. មានអាការទល់លាមក
មូលហេតុដែលបណ្តាលមកពីការប្រែប្រួលរបស់រាងកាយនៅពេលមានការតាំងគភ៌ ធ្វើឱ្យការច្របាច់ខ្លួនរបស់ពោះវៀនថយចុះ ស្បូនអាចនឹងទៅសង្កត់លើពោះវៀនធំ។ ការកែបញ្ហារឿងទល់លាមកនៅពេលតាំងគភ៌នេះគឺ ព្យាយាមទទួលទានអាហារដែលមានជាតិកាកសរសៃច្រើន(បន្លែផ្លែឈើ) ទទួលទានទឹកច្រើនៗ និងហាត់ប្រាណបន្តិចៗល្មមសមរម្យ នឹងជួយកែបញ្ហារឿងទល់លាមកនេះបាន។
បើវដ្តរដូវរបស់អ្នកមកមិនប្រក្រតីស្រាប់ហើយ ឬមិនចាំថា មានវដ្តរដូវលើកចុងក្រោយនៅពេលណានោះ អាការទាំងអស់ខាងលើគឺជាកត្តាជួយបញ្ជាក់ប្រាប់ថា អ្នកអាចកំពុងតាំងគភ៌ហើយ ចូរសាកល្បងទៅទិញប្រដាប់ពិនិត្យគភ៌មកពិនិត្យមើល បើលទ្ធផលចេញមកវិជ្ជមាន សូមកុំអាលស្រែកប្រកាសប្រាប់នរណា តែចូរទូរស័ព្ទទៅណាត់គ្រូពេទ្យ ដើម្បីពិនិត្យឱ្យប្រាកដម្តងទៀតទើបជាការល្អបំផុត៕
