អ្នកគាំទ្រ​ក្រុមបាល់ទាត់ Roma វាយប្រហារ​អាជ្ញាកណ្ដាល​នៅ Europa League

(ហុង​គ្រី) – អ្នកគាំទ្រ​​ក្រុម​​​បាល់ទាត់​អ៊ីតាលី Roma នាំគ្នា​ជេរប្រមាថ គប់​ដប​ទឹក និង​កៅអី​ជាដើម សំដៅ​លើ​ Anthony Taylor គ្រា​ដែល​អាជ្ញាកណ្ដាល​រូបនេះ​ត្រូវបាន​ប៉ូលិស​អមដំណើរ​ចូល​បន្ទប់​ដោយឡែក​នៅ​ព្រលានយន្តហោះ Budapest បន្ទាប់ពី​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League។

ពេល​បង្ហាញ​វត្ត​មាននៅ​អាកាសយានដ្ឋាន​ដើម្បី​ត្រៀម​ចាក​ចេញពី​ប្រទេស​ហុង​គ្រី​កាលពី​ថ្ងៃទី 01 មិថុនា 2023 អាជ្ញាកណ្ដាល​​ជន​ជាតិ​អង់គ្លេស លោក Taylor ត្រូវបាន​អ្នកគាំទ្រ​​​របស់​ក្រុម​​បាល់ទាត់​អ៊ីតាលី Roma ឡោម​ព័ន្ធ និង​ជេរប្រមាថ។ លើសពីនេះ​ក៏មាន​អ្នកខ្លះ​ស្រែកថា «សម្លាប់​វា​ទៅ» ខណៈ​ដែល​អ្នក​ខ្លះ​​គប់​ដប​ទឹក​សុទ្ធ​សំដៅ​អាជ្ញាកណ្ដាល និង​ក្រុមគ្រួសារ។

ដើម្បី​ការ​ពារ​សុវត្ថិភាព​ ក្រុម​​ប៉ូលិស​ក៏បាន​អមដំណើរ​លោក Taylor និង​គ្រួសារ​ ចូលទៅក្នុង​បន្ទប់​ដោយឡែក​។ ពេល​នោះ មនុស្ស​ម្នាក់​ថែមទាំង​បាន​គប់​កៅអី​សំដៅ​ប៉ូលិស​ដែល​កំពុង​ឈរ​ការពារ​អាជ្ញាកណ្ដាល និង​សមាជិកគ្រួសារ​របស់​គាត់​។

ក្រោយមក ស្ថាន​ប័ន​គ្រប់គ្រង​អាជ្ញាកណ្ដាល​អាជីព​អង់គ្លេស (PGMOL) បានប្រកាសថា ស្ថាប័ន​នេះ​មានការ​ភ័យខ្លាច​នៅ​ចំពោះ​មុន​ទង្វើ​មិន​សម​ហេតុផល និង​អាក្រក់​ដែល​អ្នកគាំទ្រ​បាន​ប្រព្រឹត្ត​ចំពោះ Taylor និង​គ្រួសារ នៅពេល​ពួកគេ​ព្យាយាម​ត្រលប់​ទៅផ្ទះ ក្រោយពី​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League។

សារព័ត៌មាន​អ៊ីតាលី​បាន​ហៅ​ហេតុការណ៍​នេះ​ថា​ជា «ករណី​វឹកវរ Taylor» និង​យល់ថា គ្រូបង្វឹក Jose Mourinho ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​ការបង្ក​ឱ្យមាន​បរិយាកាស​តានតឹង​នេះ។ ព្រោះថា ក្រោយ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ Europa League លោក Mourinho បាន​ជេរប្រទេច​អាជ្ញាកណ្ដាល​នៅឯ​ចំណតរថយន្ត ដោយសារ​យល់ថា លោក Taylor កាត់ក្ដី​លំអៀង​ទៅរក​ក្រុម​អេ​ស្ប៉ា​ញ Sevilla។

ការប្រកួត​បាល់ទាត់រ​វាង​ក្រុម Roma របស់​អ៊ីតាលី និង​ក្រុម Sevilla របស់​អែ​ស្ប៉ា​ញ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ពានរង្វាន់ Europa League ដែល​ធ្វើឡើង​នៅ​ទីលាន Puskas Arena របស់​ប្រទេស​ហុង​គ្រី កាលពី​ព្រលប់​ថ្ងៃទី 31 ឧសភា 2023 ក្រុម​ទាំងពីរ​ទទួលបាន​លទ្ធ​ផល 1-1 ក្នុង 120 នាទី​ដំបូង។ ប៉ុន្តែ Roma បាន​ចាញ់ Sevilla 1-4 ក្នុងការ​ទាត់​ប៉េ​ណាំង​ទី​ម្ដងម្នាក់។ លទ្ធផល​នេះ​ជួយ​ឱ្យ Sevilla លើក​ពាន​ជើងឯក​នៅ Europa League។

Advertisement