គ្រូបង្វឹក Mourinho «ជេរធ្ងន់ៗ» លើ​អាជ្ញាកណ្ដាល បន្ទាប់ពី​ក្រុម​អេ​ស្ប៉ា​ញ​ឈ្នះ​ក្រុម​អ៊ីតាលី​នៅ Europa League

(ហុង​គ្រី) – គ្រូបង្វឹក Jose Mourinho ស្ដី​បន្ទោស​អាជ្ញាកណ្ដាល Anthony Taylor យ៉ាង​ចាស់ដៃ ពេល​ជួបគ្នា​នៅ​ចំណត​ឡាន ក្រោយពី​ការប្រកួត​បាល់ទាត់​រវាង​ក្រុម Roma របស់​អ៊ីតាលី និង​ក្រុម Sevilla របស់​អែ​ស្ប៉ា​ញ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ពានរង្វាន់ Europa League។

«អ…ចង្រៃ អ…ថោកទាប» លោក Mourinho និយាយ​ជា​ភាសា​អង់គ្លេស ជេរ​ទៅលើ​អាជ្ញាកណ្ដាល Taylor ដូច្នេះ​។ បន្ទាប់មក គ្រូបង្វឹក​ក្រុម Roma របស់​អ៊ីតាលី​រូបនេះ​ក៏​ជេរ​បន្ត​ជា​ភាសា​អ៊ីតាលី​ថា «អ…ងា.ប់»។ ជាង​នេះ មុនពេល​ឡើង​ឡាន​របស់​ក្រុម Roma លោក Mourinho ក៏​បន្តថា «សូម​អបអរ អ…ថោក»។

មុន​នោះ លោក Mourinho និង​ក្រុម​កីឡាករ​របស់​ក្លឹប Roma យល់ថា អាជ្ញាកណ្ដាល Taylor លំអៀង​ទៅរក Sevilla។ ពួកគេ​ចោទថា អាជ្ញាកណ្ដាល​ជនជាតិ​អង់គ្លេស មិន​ពិន័យ​កាត​លឿង​ទី​ពីរ​ចំពោះ Erik Lamela ពេល​មាន​ករណី​ប៉ះទង្គិច​គ្នា​នៅ​ចុង​ម៉ោង។ ក្រោយមក Lamela ក៏​ចូលរួម​ទាត់​មួយ​គ្រាប់​នៅក្នុង​ការប្រកួត​ទាត់​ប៉េ​ណាំង​ទី​ម្ដងម្នាក់​ឱ្យ Sevilla។ ខាង​ក្រុម Roma ក៏​ក្ដៅ​ចិត្តខ្លាំង​នៅពេល​អាជ្ញាកណ្ដាល​មិន​ផ្លុំ​កញ្ចែ​ពិន័យ​ប៉េ​ណាំង​ទី បន្ទាប់ពី​ដៃ​របស់ Fernando ប៉ះបាល់​ក្នុង​តំបន់​គ្រោះថ្នាក់​ផងដែរ។

ក្រោយ​ការប្រកួត លោក Mourinho ក៏បាន​និយាយថា «អាជ្ញាកណ្ដាល​ទំនងជា​ជនជាតិ​អេ​ស្ប៉ា​ញ។ ភាពអយុត្តិធម៌​បានបង្ហាញ​តាមរយៈ Lamela ដែល​គួរ​ណាស់​តែ​ត្រូវបាន​ពិន័យ​កាត​លឿង​ទី​ពីរ»។

អាជ្ញាកណ្ដាល Taylor បាន​ពិន័យ​កាត​លឿង​ចំនួន 14 ដែល​នេះ​គឺជា​កំណត់ត្រា​ថ្មី​ក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ​មួយ​ប្រកួត​នៅ​ទ្វីបអឺរ៉ុប។

នេះ​មិនមែនជា​លើកដំបូង​ឡើយ​ដែល​លោក Mourinho បាន​ទៅរក​អាជ្ញាកណ្ដាល​ដើម្បី​ស្ដីបន្ទោស បន្ទាប់ពី​ការប្រកួត។ កាលពី​ឆ្នាំ 2012 ក្រោយ​ការប្រកួត​ចាញ់ Barca នៅ​ពានរង្វាន់ Copa del Rey របស់​អេ​ស្ប៉ា​ញ គ្រូបង្វឹក​រូបនេះ​ក៏ត្រូវ​រង​ការចោទប្រកាន់​ដូចគ្នានេះដែរ។

ការប្រកួត​បាល់ទាត់រ​វាង​ក្រុម Roma របស់​អ៊ីតាលី និង​ក្រុម Sevilla របស់​អែ​ស្ប៉ា​ញ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ពានរង្វាន់ Europa League ដែល​ធ្វើឡើង​នៅ​ទីលាន Puskas Arena របស់​ប្រទេស​ហុង​គ្រី កាលពី​ព្រលប់​ថ្ងៃទី 31 ឧសភា 2023 ក្រុម​ទាំងពីរ​​ទទួល​បាន​​លទ្ធផល 1-1 ក្នុង 120 នាទី​ដំបូង​។ ប៉ុន្តែ Roma បាន​ចាញ់ Sevilla 1-4 ក្នុងការ​ទាត់​ប៉េ​ណាំង​ទី​ម្ដងម្នាក់។ លទ្ធផល​នេះ​ជួយ​ឱ្យ Sevilla លើក​ពាន​ជើងឯក​នៅ Europa League។

Advertisement