អគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) កំពុងតែត្រៀមខ្លួនដើម្បីជំរុញ លើកទឹកចិត្តដល់ក្រុមទេសចរណ៍ព្រឹកព្រលឹម និងព្រលប់ ក្នុងបំណងរក្សាលំនឹងក្នុងទីផ្សារទេសចរណ៍ គ្រាដែលអាកាសធាតុក្ដៅខ្លាំង ធ្វើឱ្យមនុស្សម្នាមិនចង់ចេញទៅក្រៅ។
លោកស្រី Somradee Chitchong ដែលជាអគ្គនាយិការង នៃអគ្គនាយកដ្ឋាន TAT ទទួលបន្ទុកទីផ្សារក្នុងស្រុក បានឱ្យដឹងថា ស្ថាប័ននេះកំពុងតែបង្វែរគោលដៅយុទ្ធសាស្ត្រឃោសនាទៅរកទេសចរណ៍ព្រឹកព្រលឹម និងពេលយប់ ដើម្បីជៀសវាងកម្ដៅថ្ងៃ។
លោកស្រីថ្លែងថា អាកាសធាតុក្ដៅខ្លាំង ធ្វើឱ្យប្រជាជននៅប្រទេសនេះមិនចង់ចេញពីផ្ទះ ពិសេសគឺមនុស្សចាស់។ អ្នកខ្លះក៏ជ្រើសរើសទីតាំងទេសចរណ៍ដែលមានបរិយាកាសត្រជាក់ ស្រួលដកដង្ហើមជាដើម។
ដើម្បីជំរុញប្រាក់ចំណូលសម្រាប់បណ្ដាក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូល TAT មានផែនការជំរុញសកម្មភាពសមស្របជាងមុននៅពេលព្រឹក ពេលព្រលប់ និងពេលយប់ មានដូចជា សកម្មភាពរត់យឺត ចែវទូក ឬគយគន់តារាជាដើម។