អឺរ៉ុប​នឹង​ផ្សាយ​ផ្ទាល់​លើកដំបូង​ពី​យានអវកាស​នៅឯ​ភព​អង្គារ​នាយ​ប់​នេះ

ទីភ្នាក់ងារ​អវកាស​អឺរ៉ុប នឹងធ្វើ​ការផ្សាយ​ផ្ទាល់​លើកដំបូង​ពី​យានអវកាស Mars Express នៅឯ​ភព​អង្គារ នា​វេលា​ម៉ោង 23:00 ថ្ងៃទី 02 មិថុនា 2023។

ការផ្សាយ​ផ្ទាល់​នេះ​ធ្វើឡើង​ដើម្បី​រម្លឹក​ខួប 20 ឆ្នាំ​នៃ​ថ្ងៃ​បាញ់​បង្ហោះ​យាន Mars Express របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA)។ រ៉ុក្កែត Soyuz-FG/Fregat បាន​នាំ​យានអវកាស​នេះ​ហោះ​ឡើង​ពី​អវកាស​យានដ្ឋាន Baikonur នៅ​កា​ហ្សា​ក់​ស្ថាន កាលពី​ថ្ងៃទី 02 មិថុនា ឆ្នាំ 2003។ Mars Express មាន​ភារកិច្ច​ថតរូប​ភាព 3D នៃ​ផ្ទៃ​ភព​អង្គារ ដើម្បី​ជួយ​ឱ្យ​អ្នកវិទ្យាសាស្ត្រ​សង្កេតមើល​ភព​នេះ​បាន​ច្បាស់​ជាង​មុន។

អ្នក​ស្រលាញ់​វិស័យ​តារាសាស្ត្រ​អាច​តាមដាន​ការផ្សាយ​រយៈពេល​មួយ​ម៉ោង​នេះ​នៅលើ​ឆា​នែ​ល YouTube របស់ ESA។ ក៏ប៉ុន្តែ រូបភាព​ថ្មី​នឹង​ត្រូវបាន​បញ្ជូនមក​តា​ម​ដំណាក់កាល 50 វិនាទី​ម្ដង ជំនួស​ឱ្យ​ការផ្សាយ​​ជា​ផ្ទាល់​បន្តបន្ទាប់។

ការបញ្ជូន​ទិន្នន័យ​រវាង​ភព​អង្គារ និង​ផែនដី ជាធម្មតា​​ស៊ីពេល​ចាប់ពី 3 ទៅ 22 នាទី អាស្រ័យទៅលើ​ទីតាំង​របស់​​​ភព​ទាំងពីរ​នៅលើ​គន្លង​តារាវិថី​ជុំវិញ​ព្រះអាទិត្យ។ ក្នុង​ការផ្សាយ​ផ្ទាល់​នៅ​ថ្ងៃនេះ ពេលវេលា​ចាប់ពី​រូបភាព​ត្រូវបាន​ថត​នៅ​​ភព​អង្គារ រហូត​ដល់ពេល​បង្ហាញ​ខ្លួន​នៅលើ​អេក្រង់​របស់​ទស្សនិកជន ​គឺ​ប្រហែល 18 នាទី​។ ក្នុងនោះ ការបញ្ជូន​រូបភាព​ពី​ភព​អង្គារ​មកដល់​ស្ថានីយ​ទទួល​នៅលើ​ផែនដី ​គឺ​ស៊ីពេល​ប្រហែល 17 នាទី ហើយ​ការ​បញ្ជូនបន្ត​ពី​ម៉ាស៊ីន​មេ (server) ទៅកាន់​បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត​លើ​ផ្ទៃផែនដី​នឹង​ស៊ីពេល​ប្រហែល 1 នាទី។

ក៏ប៉ុន្តែ ESA បាន​បញ្ជាក់ថា ពួកគេ​មិន​ធ្លាប់បាន​សាកល្បង​ការ​​ផ្សាយ​ផ្ទាល់​បែបនេះ​ពីមុនមក ដូច្នេះ​មិនទាន់​ដឹង​ប្រាកដ​អំពី​ពេលវេលា​ជាក់លាក់​ដែល​ទិន្នន័យ​ត្រូវបាន​បញ្ជូន​នៅលើ​ផែនដី៕

Advertisement