Tag: កោះ

  • បេសកកម្ម​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​ដំបូង​របស់​ឥណ្ឌា​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ស្អែក

    បេសកកម្ម​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​ដំបូង​របស់​ឥណ្ឌា​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ស្អែក

    បេសកកម្ម​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យត្រូវ​បាន​ធ្វើ​ឡើង​ភ្លាម​ៗ​បន្ទាប់​ពី​ជើង​ហោះ​ហើរ​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ឥណ្ឌា​បាន​ទទួល​ជោគ​ជ័យ​។ ស្ថានីយ​សង្កេត​ Aditya-L1 ត្រូវ​បាន​ដឹក​ទៅ​ដល់​ទីតាំង​បាញ់​បង្ហោះ​​លើ​កោះ Sriharikota នៅ​លើ​ឆ្នេរសមុទ្រ​ភាគ​ខាង​កើត​នៃ​ប្រទេស​ឥណ្ឌា​ ហើយ​នឹង​បាញ់​បង្ហោះ​នៅ​ថ្ងៃទី 02 ខែ​កញ្ញា​ ឆ្នាំ 2023​។

    អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា (ISRO) បាន​ប្រកាស​អំពី​ថ្ងៃ​បាញ់​បង្ហោះ​ខាងលើ​​នៅ​លើ​ Twitter ក្រោយ​ពី​បាន​ចែក​រំលែក​រូប​ថត​មួយ​ចំនួន​ស្ដី​ពី​​យាន​អវកាស​ Aditya-L1 (Aditya ក្នុង​ភាសា​សំស្ក្រឹត​មាន​ន័យ​ថា ព្រះ​អាទិត្យ) ​កាល​ពី​ថ្ងៃទី 13 សីហា​។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ដឹង​តិចតួច​អំពី​អ្វី​ដែល​បាន និង​កំពុង​កើត​ឡើង​នៅ​លើ​ព្រះ​អាទិត្យ​ មុន​ពេល​វា​បញ្ចេញ​ពន្លឺ​ និង​ពពក​ប្លាស្មា​ដ៏មហិមា​ទៅ​កាន់​ទី​អវកាស​។ល។ សហគមន៍​អ្នក​ស្រាវ​ជ្រាវ​​សង្ឃឹម​ថា Aditya-L1 នឹង​ផ្ដល់​តម្រុយ​អំពី​អាថ៌កំបាំង​នានា​នៅ​លើ​ព្រះ​អាទិត្យ​។

    យាន​ Aditya-L1 គ្រោង​នឹង​ហោះ​ឡើង​ជាមួយ​នឹង​រ៉ុក្កែត​មួយ​គ្រឿង​ដែល​នឹង​នាំ​វា​ទៅ​កាន់​គន្លង​គោចរ​ស្ថិរភាព​នៅ​ជុំវិញ​ផែនដី មុន​នឹង​ហោះសំដៅ​ទីតាំង​ក្នុង​អវកាស​ដែល​មាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 1.5 លាន​គីឡូម៉ែត្រ​ ជា​ទី​ដែល​ពុំ​មាន​ឧបសគ្គ​សម្រាប់​ចក្ខុវិស័យ​របស់​យាន​ពេល​សង្កេត​មើល​ព្រះ​អាទិត្យ​។ តំបន់​នេះ​ត្រូវ​បាន​ហៅ​ថា ចំណុច​ Lagrange ផែនដី​-ព្រះ​អាទិត្យ​ 1 ឬ L1 ហើយ​វា​ក៏​ជា​កន្លែង​ដែល​មាន​យាន​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​របស់​អាម៉េរិក-​អឺរ៉ុប ដែល​បាន​ដំណើរ​ការ​តាំង​ពី​ឆ្នាំ 1996​ ផងដែរ​។

    ស្ថានីយ​ Aditya-L1

    ស្ថានីយ​ Aditya-L1 មាន​តម្លៃ​ 45 លាន​ដុល្លារ​អាម៉េរិក និង​ត្រូវ​បាន​អភិវឌ្ឍ​ក្នុង​រយៈ​ពេល 15​ ឆ្នាំ​។ Aditya-L1 គឺជា​គម្រោង​បាញ់​បង្ហោះ​សំខាន់​ទីពីរ​របស់​ឥណ្ឌា​នៅ​ក្នុង​ឆ្នាំ 2023 នេះ​។ មុន​នោះ យាន​អវកាស Chandrayaan-3 បាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគ​ជ័យ​កាល​ពី​ថ្ងៃទី 23 សីហា 2023​ នាំ​ឱ្យ​ឥណ្ឌា​បាន​ក្លាយ​ជា​ប្រទេស​​ដំបូង​គេ​ដែល​មាន​យាន​ចុះ​ចត​នៅ​ប៉ូល​ខាង​ត្បូង​របស់​ឋាន​រណប​មួយ​នេះ​៕

  • ​​​​​​​​​ជប៉ុន​ពន្យារ​ពេល​បញ្ជូន​យាន​អវកាស​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ​

    ​​​​​​​​​ជប៉ុន​ពន្យារ​ពេល​បញ្ជូន​យាន​អវកាស​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ​

    ព្រឹក​ថ្ងៃទី 28 សីហា​នេះ Mitsubishi Heavy Industries Ltd (MHI) ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Mitsubishi បាន​ប្រកាស​ពន្យារ​ពេល​ការ​បាញ់​បង្ហោះ​រ៉ុក្កែត​ H2A ដែល​នាំ​យាន​អវកាស​របស់​ប្រទេស​ជប៉ុន​ទៅ​ចុះ​ចត​លើឋាន​ព្រះ​ចន្ទ​ ដោយ​សារ​តែ​មាន​ខ្យល់​ខ្លាំង​នៅ​ទីតាំង​បាញ់​បង្ហោះ​។

    តាម​ផែនការ​ដំបូង​ នៅ​ម៉ោង 9 និង​ 26 នាទី​ព្រឹក​ថ្ងៃ​នេះ (ម៉ោង​ក្នុងស្រុក) រ៉ុក្កែត​ H2A ដែល​ផលិត​ដោយ​ជប៉ុន នឹង​ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​អវកាស Tanegashima ដែល​ស្ថិត​នៅ​លើ​កោះ Tanegashima ក្នុង​ខេត្ត Kagoshima ភាគ​និរតី​ប្រទេស​ជប៉ុន​។

    រ៉ុក្កែត​នេះ​នាំ​យក​យាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ SLIM ដែល​អភិវឌ្ឍ​ដោយ​ទីភ្នាក់​ងារ​អវកាស​ជប៉ុន (JAXA)​។ យាន SLIM នឹង​ធ្វើ​តេស្ត​បច្ចេក​វិទ្យា​ចុះ​ចត​នៅ​លើ​ឋាន​ព្រះ​ចន្ទ​។ តាម​គម្រោង SLIM នឹង​ហោះ​ដល់​គន្លង​គោចរ​ជុំវិញ​ព្រះ​ចន្ទ​ បន្ទាប់​ពី​ចាក​ចេញ​ពី​ប្រព័ន្ធ​ទម្រ​បាន​ប្រហែល​ពី 3 ទៅ 4​ ខែ​ ហើយ​អាច​ចុះ​ចត​លើឋាន​ព្រះ​ចន្ទ​​នៅ​ 4 ឬ​ 6 ខែ​ទៀត​។ ​ផ្កាយ​រណប​ XRISM ដែល​​សហការ​ផលិត​ដោយ​ទីភ្នាក់​ងារ​អវកាស​ជប៉ុន​ចាសា (JAXA), ណាសា​របស់​អាម៉េរិក និង​អ៊ីសា​របស់​អឺរ៉ុប​ និង​​មាន​ជំនាញ​ខាង​ថត​រូប​កាំរស្មី X ក៏​នឹងហោះ​ហើរ​តាម​រ៉ុ​ក្កែត​ខាងលើ​ ដើម្បី​ស្រាវ​ជ្រាវ​លើ​ការ​វិវត្ត​របស់​ចក្រវាល​។

    ស្ថានីយ​ចុះ​ចត SLIM ដែល​មាន​រ៉ូបូត​ស្វ័យប្រវត្ត​មួយ​គ្រឿង​មាន​ទំហំ​ប៉ុន​បាត​ដៃ និង​អាច​ផ្លាស់​ប្ដូរ​រូប​រាង​ នឹង​​មាន​តួនាទី​ស្វែង​យល់​អំពី​ដំណើរ​ការ​កកើត​របស់​ព្រះ​ចន្ទ​។

    កាលពី​ខែ​វិច្ឆិកា 2022 ជប៉ុន​បាន​ប្រឹង​ប្រែង​បញ្ជូន​យាន​ Omotenashi ដែល​ហោះ​ជាមួយ​នឹង​យាន​ Artemis 1 របស់​ណាសា​ ដើម្បី​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ ប៉ុន្តែ​បាន​ដាច់​ទំនាក់​ទំនង​ និង​បរាជ័យ​។ កាល​ពី​ខែមេសា 2023 ក្រុម​ហ៊ុន​ជប៉ុន​ Ispace ក៏​បាន​បរាជ័យ​ក្នុង​មហិច្ឆតា​ក្លាយ​ជា​ក្រុម​ហ៊ុន​ឯកជន​ដំបូង​គេ​​ដែល​នាំ​យាន​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​​ផងដែរ​។

    មូលហេតុ​នៃ​ការ​បរាជ័យ​ក្នុង​បេសក​កម្ម​អវកាស​របស់​ជប៉ុន​នា​ពេល​កន្លង​ត្រូវ​បាន​គេ​ជឿ​ថា កើត​ឡើង​ដោយ​សារ​បញ្ហា​រ៉ុក្កែត​ ក្នុង​នោះ​មាន​ជា​អាទិ៍ រ៉ុក្កែត Epsilon បរាជ័យ​កាល​ពី​ខែ​តុលា 2022 និង​ រ៉ុក្កែត H3 បរាជ័យ​​កាល​ពី​ខែ​មីនា 2023។ ការ​សាកល្បង​រ៉ុក្កែត​ Epsilon S កាល​ពី​ខែ​កន្លង​ ក៏​បាន​បញ្ចប់​ដោយ​ហេតុ​ការណ៍​ផ្ទុះ​ បន្ទាប់​ពី​ការ​បញ្ឆេះ​ម៉ាស៊ីន​បាន​ 50​ វិនាទី​៕

  • ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​ឆេះ​ព្រៃ​នៅ​ Hawaii អាច​កើន​ដល់​ 200 នាក់

    ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​ឆេះ​ព្រៃ​នៅ​ Hawaii អាច​កើន​ដល់​ 200 នាក់

    អភិបាល​រដ្ឋហាវ៉ៃ (Hawaii) របស់​​សហរដ្ឋ​អាម៉េរិក ​ឱ្យ​ដឹង​ថា តួលេខ​អ្នក​ស្លាប់​ក្នុង​ករណី​ឆេះ​ព្រៃ​នៅ​លើ​កោះ Maui រដ្ឋ​ហាវ៉ៃ បាន​កើត​ដល់ 99 នាក់ ហើយ​អាច​កើន​ឡើង​ទ្វេដង​ទៀត​ក្នុង​រង្វង់ 10 ថ្ងៃ​ខាងមុខ​។

    «កម្លាំងសង្គ្រោះ​ទើបតែ​ស្វែង​រក​នៅ​ក្នុង​តំបន់​តូច​មួយ​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ Lahaina ក្នុង​នោះ​មាន​សាកសព​ពី 10 ទៅ 20 នាក់​ត្រូវ​បាន​រក​ឃើញ​ជា​រៀង​រាល់​ថ្ងៃ​។ ចំនួន​មនុស្ស​ស្លាប់​ត្រូវ​បាន​បញ្ជាក់​ថា 99 នាក់​។ តួលេខ​នេះ​​នឹង​កើន​ឡើង​ច្រើន​ អាច​ទ្វេដង​ក្នុង​រង្វង់​ 10 ថ្ងៃ​ទៀត​» អភិបាល​រដ្ឋហាវៃ លោក Josh Green កាលពី​ថ្ងៃទី 14​ សីហា ឱ្យ​ដឹង​ដូច្នេះ​។

    កាល​ពី​ថ្ងៃទី 08 សីហា ភ្លើង​ព្រៃ​ចំនួន​ 3 ករណី បាន​កើត​ឡើង​ និង​ឆាប​ឆេះ​ពេញ​ទីរួម​ស្រុក​ទេសចរណ៍​ Lahaina និង​តំបន់​មួយ​ចំនួន​ផ្សេង​ទៀត​ ធ្វើ​ឱ្យ​​គ្រប់​យ៉ាង​នៅ​ទី​នេះ​ស្ថិត​ក្នុង​អណ្ដាត​ភ្លើង​។ ដោយ​សារ​តែ​រុក្ខជាតិ​​ស្ងួត​ក្រាស់ បូក​រួម​នឹង​ខ្យល់​ខ្លាំង នាំ​ឱ្យ​អណ្ដាត​ភ្លើង​ធ្វើ​ដំណើរ​យ៉ាង​លឿន​ ធ្វើ​ឱ្យ​ប្រជាជន​ជា​ច្រើន​រត់​គេច​មិន​ទាន់​ពេល​។

    គិត​មក​ដល់​ថ្ងៃ​នេះ អ្នក​​ដែល​កំពុង​បាត់​ខ្លួន​មាន​ចំនួនប្រហែល 1,300 នាក់​ ស្រប​ពេល​ដែល​ប្រជា​​ជន​រង​គ្រោះ​​ជា​ច្រើន​បាន​ទាក់​ទង​មក​កាន់​សមត្ថកិច្ច​។

  • ស្ពាន​ផ្លូវដែក – ផ្លូវគោក​ដែល​វែង​ជាងគេ​បង្អស់​លើ​ពិភពលោក

    ស្ពាន​ផ្លូវដែក – ផ្លូវគោក​ដែល​វែង​ជាងគេ​បង្អស់​លើ​ពិភពលោក

    សសរ​គោល​របស់​ស្ពាន​ផ្លូវដែក – ផ្លូវគោក Xihoumen 3,118 ម៉ែត្រ ដែល​ស្ថិតនៅ​ចន្លោះ​កោះ​ពីរ​របស់​ទីក្រុង Zhoushan ខេត្ត Zhejiang ប្រទេស​ចិន ត្រូវបាន​ចាប់ផ្ដើម​សាងសង់​ក្រោម​ទឹក។

    Zhoushan ដែលជា​ទីក្រុង​មួយ​មាន​កោះ​យ៉ាងច្រើន ស្ថិតនៅ​តំបន់ឆ្នេរ​សមុទ្រ​របស់​ខេត្ត Zhejiang នៅ​ជាយ​ឈូង​សមុទ្រ Hangzhou។ Xihoumen 3,118 ម៉ែត្រ គឺជា​ស្ពាន​ផ្លូវដែក – ផ្លូវគោក​ដែល​វែង​ជាងគេ​បង្អស់​លើ​ពិភពលោក ត​ភ្ជាប់​កោះ Jintang ជាមួយនឹង​កោះ Cezi។ ទាំង​គន្លង​ផ្លូវដែក និង​ផ្លូវ​ល្បឿន​លឿន​នឹង​ត្រូវបាន​សាងសង់​លើ​ផ្ទៃ​តែមួយ។ ផ្លូវដែក​ពីរ​គន្លងដែល​​ត្រូវបាន​រចនា​ឡើង​ដើម្បី​អាចធ្វើ​ដំណើរបាន​​ក្នុង​ល្បឿន 250 គីឡូម៉ែត្រ/ម៉ោង ស្ថិតនៅ​កណ្ដាល​ និង​ផ្លូវ​ល្បឿន​លឿន 6 គន្លង​នៅ​សងខាង។

    ដោយមាន​ផ្ទៃដែល​​មាន​ទទឹងប្រវែង 68 ម៉ែត្រ នេះ​ក៏​ជា​ស្ពាន​ឆ្លង​សមុទ្រ​ដែលមាន​ទទឹង​វែង​ជាងគេ​លើ​ពិភព​លោក​ផងដែរ​។

    ផ្នែកសំខាន់ៗរបស់​ស្ពាន​នេះ​នឹង​ត្រូវបាន​សាងសង់​រួចរាល់​នៅ​ឆ្នាំ 2028។ ដោយមាន​ផ្លូវដែក​ល្បឿន​លឿន​រត់​នៅលើ​កោះ ពេលវេលា​សម្រាប់​ការធ្វើដំណើរ​ពី​ទីក្រុង Hangzhou ខេត្ត Zhejiang ទៅកាន់​ទីក្រុង Zhoushan នឹង​កាត់បន្ថយ​មក​ត្រឹម​ប្រហែល​មួយ​ម៉ោង​ប៉ុណ្ណោះ។

  • ទួ​រ​ប៊ី​ន​ខ្យល់​ធ្វើ​ពី​ឈើ​ដែល​ខ្ពស់​ជាងគេ​លើ​ពិភពលោក

    ទួ​រ​ប៊ី​ន​ខ្យល់​ធ្វើ​ពី​ឈើ​ដែល​ខ្ពស់​ជាងគេ​លើ​ពិភពលោក

    ក្រុម​អ្នកជំនាញ​របស់​ក្រុមហ៊ុន Modvion នៅ​ប្រទេស​ស៊ុយអែត កំពុងតែ​ប្រើប្រាស់​ភាព​ធន់​របស់​ឈើ ដើម្បី​បង្កើត​​​កង្ហារ​​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់។

    ទួ​រ​ប៊ី​ន​ខ្យល់​ធ្វើ​ពី​ឈើ​ខ្ពស់​ជាងគេ​លើ​ពិភពលោក​របស់ Modvion ត្រូវបាន​ផលិតឡើង​ទៅតាម​ការបញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ថាមពល Varberg Energi នៅ​ប្រទេស​ស៊ុយអែត។ កង្ហារ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​​នេះ​មាន​កម្ពស់ 150 ម៉ែត្រ បើ​គិត​ទាំង​ប្រវែង​របស់​ស្លាប​កង្ហារ។  ទួ​រ​ប៊ី​ន​នេះ​ត្រូវបាន​ផលិត​ជា​ម៉ូឌុល និង​អាច​ដំ​ឡើងជា​រូបរាង​ចុងក្រោយ​ដោយ​ប្រើប្រាស់​កាវ​ពិសេស ជំនួស​ឱ្យ​ខ្ចៅ។

    តាម​គម្រោង កង្ហារ​ផលិត​អគ្គិសនី​ពី​ថាមពល​​ខ្យល់​ដែលមាន​កម្លាំង 2 ម៉េ​ហ្គា​វ៉ា​ត់​នេះ នឹងត្រូវ​បាន​ដឹក​ទៅកាន់ Skara នៃ​ប្រទេស​ស៊ុយអែត​ នៅក្នុង​ឆ្នាំនេះ។

    បន្ទាប់ពី​ឈប់​ដំណើរការ ទួរប៊ីនខ្យល់​​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​ឡើងវិញ​នៅក្នុង​គម្រោង​ដទៃ។ កន្លង​មក ក្រុមហ៊ុន Modvion ក៏បាន​ដំឡើង​ទួ​រ​ប៊ី​ន​ឈើ​គំរូ​មួយ​ដែល​ផលិត​កាលពី​ឆ្នាំ 2020 នៅលើ​កោះ Bjorko របស់​ប្រទេស​ស៊ុយអែត៕

  • ភ្នំភ្លើង​ធំជាងគេ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ធ្លាប់ជា​កោះ​នៅ​កណ្ដាល​សមុទ្រ

    ភ្នំភ្លើង​ធំជាងគេ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ធ្លាប់ជា​កោះ​នៅ​កណ្ដាល​សមុទ្រ

    ភ្នំភ្លើង Olympus Mons ដែលមាន​កម្ពស់ 25 គីឡូម៉ែត្រ នៅលើ​ផ្ទៃ​ភព​អង្គារ ទំនងជា​ធ្លាប់​ស្ថិតនៅ​កណ្ដាល​មហាសាគរ។

    ពេល​ភព​អង្គារ​នៅ​ក្មេង និង​ពេញ​ដោយ​ទឹក​កាលពី​រាប់ពាន់​លាន​ឆ្នាំមុន ភ្នំភ្លើង​ខ្នាត​ធំ Olympus Mons ទំនង​ជាមាន​រូបរាង​ដូច​ទៅនឹង​ភ្នំភ្លើង Stromboli ឬ Savai’l នៅលើ​ផែនដី ប៉ុន្តែ​ធំ​ជាង​ឆ្ងាយ។ ការវិភាគ​ថ្មី​ត្រូវបាន​ប្រកាស​លើ​ទស្សនាវដ្ដី Earth and Planetary Science Letters ដែល​បង្ហាញ​អំពី​ចំណុច​ប្រហាក់ប្រហែលគ្នា​រវាង​ភ្នំភ្លើង Olympus Mons និង​បណ្ដា​កោះ​ភ្នំភ្លើង​សកម្ម​នៅលើ​ផែនដី ផ្ដល់​អំណះអំណាង​ថ្មី​ស្ដីពី​អតីតកាល​ដែល​ពេញ​ដោយ​ទឹក​រាវ​របស់​ភព​អង្គារ។ នេះ​បើតាម Science Alert ចុះផ្សាយ​កាលពី​ថ្ងៃទី 27 កក្កដា 2023។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ Paris-Saclay នៅ​ប្រទេស​បារាំង បានឱ្យដឹងថា ផ្នែក​ខាងលើ​នៃ​ចង្កេះភ្នំ​ដែលមាន​កម្ពស់ 6 គីឡូម៉ែត្រ ព័ទ្ធជុំវិញ​ភ្នំភ្លើង Olympus Mons ទំនងជា​បានកើត​ឡើង​ដោយសារ​កំ​អែ​ភ្នំភ្លើង​ហូរ​ចូលទៅក្នុង​ទឹក​រាវ នៅពេល​រចនាសម្ព័ន្ធ​នេះ​គឺជា​កោះ​ភ្នំភ្លើង​ដែល​ធ្វើ​សកម្មភាព​អំឡុងពេល​ប្រហែល​នៅ​ចុង​យុគសម័យ Noachian និង​ដើម​យុគសម័យ Hesperian។

    Olympus Mons គឺជា​ភ្នំភ្លើង​ដែលមាន​រូបរាង​ដូច​ខែល​បុរាណ កម្ពស់ 25 គីឡូម៉ែត្រ និង​លាតសន្ធឹង​លើ​ផ្ទៃដី​ដែល​ធំ​ប៉ុន​ប្រទេស​ប៉ូឡូញ។ នេះ​មិន​ត្រឹមតែ​ជា​ភ្នំភ្លើង​ធំ​បំផុត ប៉ុន្តែ​ក៏​ជា​ភ្នំភ្លើង​ខ្ពស់បំផុត​ផងដែរ នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។ ជើងភ្នំ​ភ្លើង​នេះ​មិន​ដូច​ទៅនឹង​ជើងភ្នំ​ធម្មតា​នៅលើ​ដីគោក ព្រោះថា នៅក្នុង​រយៈកម្ពស់​ប្រហែល 6 គីឡូម៉ែត្រ មាន​ជញ្ជាំង​ថ្ម​ឈរ​ត្រង់ ព័ទ្ធ​ស្ទើរតែ​ជុំ​ភ្នំ និង​ចាក់​ចុះ​ត្រង់​ទៅ​ក្រោម។ ប្រភព​នៃ​ជញ្ជាំង​ថ្មភ្នំ​ចាក់​ចុះ​ត្រង់នេះ នៅតែ​ជា​រឿង​អាថ៌កំបាំង​នៅឡើយ។

    បច្ចុប្បន្ន ភព​អង្គារ​គឺជា​ទីឋាន​ដ៏​សែន​សោះកក្រោះ គ្មាន​ទឹក និង​ពេញ​ដោយ​ខ្សាច់ ធូលី។ ទឹក​នៅលើ​ផ្ទៃ​របស់​ភព​នេះ នៅមាន​ខ្លះ​ដែរ តែ​នៅក្នុង​ទម្រង់​ទឹកកក។ ក៏ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ បាន​រកឃើញ​ភ័ស្ដុតាង​ជា​បន្តបន្ទាប់​ដែល​បង្ហាញថា ទឹក​រាវ​ធ្លាប់​គ្របដណ្ដប់​ពាសពេញ​ផ្ទៃ​ភព​អង្គារ៕

     

  • សហរដ្ឋ​អាម៉េរិក​ប្រកាស​កញ្ចប់​ជំនួយ​ជា​អាវុធ​សម្រាប់​តៃវ៉ាន់

    សហរដ្ឋ​អាម៉េរិក​ប្រកាស​កញ្ចប់​ជំនួយ​ជា​អាវុធ​សម្រាប់​តៃវ៉ាន់

    ប្រធានាធិបតី​អាម៉េរិក ប្រកាស​អំពី​កញ្ចប់​ជំនួយ​យោធា​តម្លៃ 345 លាន​ដុល្លារ សម្រាប់​កោះ​តៃវ៉ាន់ ប៉ុន្តែ​មិនទាន់​បង្ហើប​ឱ្យដឹង​សេចក្ដីលំអិត។

    នៅក្នុង​ប្រកាស​កាលពី​ថ្ងៃទី 28 កក្កដា របស់​សេត​វិមាន ប្រធានាធិបតី ចូ បៃ​ដិ​ន ឱ្យដឹងថា បានផ្ដល់​សិទ្ធិ​ឱ្យ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ចាត់ចែង​ប្រាក់ 345 លាន​ដុល្លារ​ដែល​បាន​ពី​ក្រសួងការពារជាតិ​អាម៉េរិក សម្រាប់​ជា​កញ្ចប់​ជំនួយ​យោធា​សម្រាប់​កោះ​តៃវ៉ាន់។

    John Kirby អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អាម៉េរិក ក្នុង​ថ្ងៃ​ដដែល​បាន​និយាយថា ប្រទេស​នេះ​កំពុងតែ​អនុវត្ត​កាតព្វកិច្ច​ជាមួយនឹង​តៃវ៉ាន់ និង​ជួយ​ពួកគេ​ក្នុងការ​លើកកម្ពស់​សម​ត្ថ​ភាព​ការពារជាតិ»។

    ប្រទេស​ចិន​មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទង​នឹង​រឿងនេះ។ ប៉ុន្តែ​កន្លងមក អាជ្ញាធរ​ចិន​តែងតែ​ជំទាស់​ទៅនឹង​ការផ្គត់ផ្គង់​អាវុធ​ទៅឱ្យ​កោះ​តៃវ៉ាន់ ពី​សំណាក់​សហរដ្ឋ​អាម៉េរិក។

    នេះ​គឺជា​លើកដំបូង​ហើយ​ដែល​រដ្ឋាភិបាល​អាម៉េរិក ដក​អាវុធ សម្ភារៈ​យោធា និង​ថវិកា​ពី​មន្ទីរ​បញ្ច​កោណ​ដោយផ្ទាល់ ដើម្បី​ផ្ដល់ឱ្យ​តៃវ៉ាន់ ទៅតាម​សិទ្ធិ​ចាត់ចែង​ធនធាន​របស់​ប្រធានាធិបតី (PDA)។ មុន​នោះ សភា​អាម៉េរិក​បានផ្ដល់​សិទ្ធិ​ឱ្យ​រដ្ឋាភិបាល​ប្រើប្រាស់​យន្តការ PDA ដើម្បី​ផ្ដល់ជំនួយ​ផ្នែក​យោធា​ដល់​តៃវ៉ាន់ ក្នុង​ទំហំ​គិត​ជា​ទឹកប្រាក់​ឡើងដល់​មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ចិនដីគោក​តែងតែ​ចាត់ទុកថា កោះ​តៃវ៉ាន់​គឺជា​ខេត្ត​មួយ​របស់ខ្លួន​ដែល​រង់ចាំតែ​ការបង្រួបបង្រួម ហើយ​ថា នឹង​ប្រើប្រាស់​កម្លាំងបាយ បើសិនជា​ចាំបាច់។

    សហរដ្ឋ​អាម៉េរិក​មិនមាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយនឹង​តៃវ៉ាន់ ប៉ុន្តែ​គឺជា​អ្នកផ្គត់ផ្គង់​អាវុធ​ធំជាងគេ​របស់​កោះ​នេះ។ អាម៉េរិក​កំពុង​ជំរុញ​កិច្ច​ការធ្វើ​ទំនើបកម្ម​យោធា​របស់​ចិន​ដី​កោះ (តៃវ៉ាន់) ដើម្បី​រារាំង​ការវាយប្រហារ​ពី​ចិនដីគោក៕

  • លិច​កប៉ាល់​នៅ​ហ្វ៊ី​លី​ពី​ន មនុស្ស​យ៉ាងតិច 26 នាក់​បានបាត់បង់​ជីវិត

    លិច​កប៉ាល់​នៅ​ហ្វ៊ី​លី​ពី​ន មនុស្ស​យ៉ាងតិច 26 នាក់​បានបាត់បង់​ជីវិត

    ប៉ូលិស​ល្បាត​សមុទ្រ​ហ្វ៊ី​លី​ពី​ន (PCG) បានឱ្យដឹងថា កប៉ាល់​មួយគ្រឿង​បាន​ប្រ​ឡាប់​នៅក្បែរ​រដ្ឋធានី​ម៉ា​នីល ដោយសារ​តែមាន​ខ្យល់​ខ្លាំង បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 26 នាក់ត្រូវ​​បាត់​បង់ជីវិត។

    យោងតាម​សមត្ថកិច្ច​ប្រទេស​ហ្វ៊ី​លី​ពី​ន ខ្យល់​បក់បោក​ខ្លាំង​បណ្ដាលឱ្យ​កប៉ាល់​មួយគ្រឿង​លិច​នៅវេលា​ម៉ោង​ប្រហែល 13 ថ្ងៃទី 27 កក្កដា ពេល​ស្ថិតនៅ​តំបន់​ដែលមាន​ចម្ងាយ​ប្រហែល 45 គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​របស់​ទីរួមស្រុក Binangonan នៃ​ខេត្ត Rizal។ ហេតុការណ៍​នេះ​កើតឡើង​បន្ទាប់ពី​ព្យុះ Doksuri បោកបក់​ឆ្លងកាត់​ភាគ​ខាងជើង​ប្រទេសហ្វ៊ីលីពីន។

    «អ្នកដំណើរ​មានការ​ភ័យខ្លាច​នៅពេល​កប៉ាល់​ជួបនឹង​ខ្យល់​ខ្លាំង។ ពួកគេ​រត់​ទៅកាន់​ចំហៀង​ខាងឆ្វេង ធ្វើឱ្យ​កប៉ាល់​ក្រឡាប់» ឧត្ដមនាវីទោ Armando Balilo នៃ PCG ឱ្យដឹង​ដូច្នេះ។

    យោងតាម​សមត្ថកិច្ច​ទទួលបន្ទុក​ការសង្គ្រោះ កប៉ាល់​នេះ​ជួប​គ្រោះថ្នាក់​នៅពេល​ដឹក​អ្នកដំណើរ​ពី​ទីរួមស្រុក Binangonan ទៅកាន់​កោះ Talim។ លោក​បន្ថែមថា កម្លាំង​សង្គ្រោះបាន​ស្រង់​សាកសព​ចំនួន 23 នាក់ និង​សង្គ្រោះបាន 40 នាក់ ប៉ុន្តែ​នៅមាន​អ្នកដំណើរ 6 នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន។

    គិត​មក​ដល់​ពេល​នេះ តួលេខ​ខាង​លើបាន​កើន​ឡើង​មួយ​កម្រិត​ទៀត​ ក្នុង​នោះ​តួលេខ​អ្នក​​ស្លាប់​បាន​កើន​ដល់ 26 នាក់។

  • ស្ពាន​​វែង​ជាង​គេ​លើពិភពលោក​ ​ កប៉ាល់​ទម្ងន់​ 300,000 តោន​ បុក​មិន​បាក់​

    ស្ពាន​​វែង​ជាង​គេ​លើពិភពលោក​ ​ កប៉ាល់​ទម្ងន់​ 300,000 តោន​ បុក​មិន​បាក់​

    ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ (Hong Kong-Zhuhai-Macao Bridge) ទទួលបាន​ការសរសើ​រ​ពី​សារព័ត៌មាន​អង់គ្លេស Guardian ថា​ជាមួយ​ក្នុងចំណោម «បេតិកភណ្ឌ​ទាំង 7 របស់​ពិភពលោក​សម័យ​ទំនើប» ស្រប​ពេលដែល​ទំព័រ CGTN បាន​ហៅ​ស្ពាន​នេះ​ថា «កំពូលភ្នំ Everest» នៅក្នុង​វិស័យ​សាងសង់​ស្ពាន ដែលជា​មហា​គម្រោង​មួយ​ដែល​បាន​ឆ្លងកាត់​ឧបសគ្គ​ច្រើន​បំផុត​លើ​ពិភពលោក។

    ដោយមាន​បណ្ដោយ​ប្រវែង 55 គីឡូម៉ែត្រ វែង​ជាង 20 ដង បើ​ធៀប​នឹង​ស្ពាន Golden Gate របស់​សហរដ្ឋ​អាម៉េរិក ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ គឺជា​ស្ពាន​ដែល​វែង​ជាងគេ​លើ​ពិភពលោក។

    យោងតាម​សារព័ត៌មាន People’s Daily របស់​ចិន ការស្ថាបនា​ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ មានការ​ប្រើប្រាស់​បច្ចេក​ទេស​ទំនើប​អាច​ស៊ូទ្រាំ​ជាមួយនឹង​ការប៉ះទង្គិច​ពី​​ទម្ងន់ 3,000 តោន ជួយ​ឱ្យ​វា​អាច​ទប់​ទល់នឹង​ខ្យល់ព្យុះ​ដែលមាន​ល្បឿន​ប្រមាណ 201 គីឡូម៉ែត្រ/ម៉ោង និង​គ្រោះ​រញ្ជួយ​ដី​កម្លាំង 8 រិច​ទ័​រ ឬ​ការបុក​ពី​កប៉ាល់​ដែលមាន​ទម្ងន់ 300,000 តោន។

    ស្ពាន កោះ និង​ផ្លូវ​ក្រោម​ដី ក៏មាន​នៅក្នុង​មហា​គម្រោង​ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ

    មហា​គម្រោង​សំណង់​ដែល​វែង​ជាងគេ​លើ​ពិភពលោក​នេះ​រួមមាន ស្ពានដែក​មួយ​ខ្សែ​​ប្រវែង 22.9 គីឡូម៉ែត្រ កោះ​សិប្បនិម្មិត​ចំនួន​ពីរ​ដែលមាន​ទំហំ 200,000 ម៉ែត្រការ៉េ ផ្លូវ​ក្រោម​ដី​ដែល​ស្ថិតក្រោម​ទឹក​មួយ​ខ្សែ​ប្រវែង 6.7 គីឡូម៉ែត្រ និង​ជម្រៅ 40 ម៉ែត្រ រួម​នឹង​បណ្ដា​ស្ពាន​ដែល​ត​ភ្ជាប់​នឹង​ទីក្រុង​នានា។

    ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ ប្រើ​ប្រាស់​គំនិត​ច្នៃ​ប្រឌិត និង​បច្ចេក​វិទ្យា​​ក្នុង​ស្រុក

    យោងតាម​ទំព័រ CGTN ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ ប្រើប្រាស់​បច្ចេកវិទ្យា និង​បច្ចេកទេស​ក្នុងស្រុក ព្រោះថា ពុំមាន​រូបមន្ត​ពី​បរទេស​ដែល​ពួកគេ​អាចយក​មក​​ពិនិត្យមើល ឬ​ធ្វើតាម​នោះទេ។

    ស្ពាន​នេះ​ផ្ដល់​ផលប្រយោជន៍​ធំធេង​ដល់​វិស័យ​ដឹក​ជញ្ជូន​

    ចំណែក​ទំព័រ CCTV វិញ និយាយថា ស្ពាន​ត​ភ្ជាប់​តំបន់​ចំនួន​បី​នៅ​ភាគខាងត្បូង​របស់​ប្រទេស​ចិន​​មួយ​នេះ ជួយ​កែលំអ​ប្រសិទ្ធភាព​ចរាចរណ៍ កាត់បន្ថយ​ពេលវេលា​នៃ​ការធ្វើដំណើរ​ពីជូ​ហៃ​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង ​ពី​ប្រហែល 4 ម៉ោង ចុះមក​នៅត្រឹម 45 នាទី។

    ស្ពាន​នេះ​ក៏​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ទំនាក់​ទំនង​រវាង​មនុស្ស និង​មនុស្ស ក៏ដូច​ជា​ផល​ប្រយោជន៍​​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​ក្នុង​តំបន់​ឈូង​សមុទ្រ​ធំ (Greater Bay Are) ផងដែរ៕

  • ឆេះ​កប៉ាល់​ដឹក​រថយន្ត 3,000 គ្រឿង នៅលើ​សមុទ្រ​ហូ​ឡង់

    ឆេះ​កប៉ាល់​ដឹក​រថយន្ត 3,000 គ្រឿង នៅលើ​សមុទ្រ​ហូ​ឡង់

    កប៉ាល់​ដឹក​រថយន្ត 3,000 គ្រឿង បាន​ឆាបឆេះ​នៅលើ​ផ្ទៃសមុទ្រ បណ្ដាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ច្រើន​នាក់​ត្រូវ​បង្ខំចិត្ត​លោត​ចូល​សមុទ្រ។

    កាលពី​ថ្ងៃទី 26 កក្កដា កប៉ាល់ Fremantle Highway ដែលមាន​បណ្ដោយ 199 ម៉ែត្រ កើតមាន​អគ្គិភ័យ​ពេល ស្ថិតក្នុង​តំបន់​ដែលមាន​ចម្ងាយ​ប្រហែល 27 គីឡូម៉ែត្រ​ពី​កោះ Ameland របស់​ប្រទេស​ហូ​ឡង់ គ្រា​ដែល​កំពុងធ្វើដំណើរ​ពី​ប្រទេស​អាល្លឺម៉ង់ ឆ្ពោះទៅកាន់​ប្រទេស​អេ​ហ្ស៊ី​ប។

    ប៉ូលិស​ល្បាត​សមុទ្រ​របស់​ហូ​ឡង់ បានឱ្យដឹងថា ក្រុម​កប៉ាល់​សង្គ្រោះបាន​បាញ់​ទឹក​ទៅកាន់​កប៉ាល់ Fremantle Highway ដើម្បី​ពន្លត់ភ្លើង ប៉ុន្តែ​មិនអាច​ប្រើប្រាស់​ទឹក​ច្រើន ព្រោះ​អាចធ្វើឱ្យ​កប៉ាល់​លិច។ កប៉ាល់​នេះ​ត្រូវបាន​ទាញ​ចេញពី​ផ្លូវទឹក​ដែលមាន​ចរាចរណ៍​មមាញឹក។

    នៅលើ​កប៉ាល់​ដឹក​ឡាន 3,000 គ្រឿង​នេះ មាន​នាវិក 23 នាក់ ក្នុងនោះ​មាន​ម្នាក់​បាន​ស្លាប់ និង 7 នាក់​ត្រូវ​លោត​ចូល​សមុទ្រ ខណៈដែល​នាវិក​ក្រៅពីនេះ​ត្រូវបាន​សង្គ្រោះ​ដោយ​ឧទ្ធម្ភាគចក្រ។

    ក្រុមហ៊ុន​ជប៉ុន Shoei Kisen ដែលជា​អ្នកគ្រប់គ្រង​កប៉ាល់​ខាងលើ បានឱ្យដឹងថា ពួកគេ​កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​ហូ​ឡង់ ទាក់ទិន​នឹង​ហេតុការណ៍​អគ្គិភ័យ​នេះ។

    ប៉ូលិស​ហូ​ឡង់​និយាយថា មូលហេតុ​នៃ​អគ្គិភ័យ​មិនទាន់​ត្រូវបាន​រកឃើញ​នៅឡើយ។ ក៏ប៉ុន្តែ អ្នកនាំពាក្យ​ម្នាក់​របស់​កងកម្លាំង​នេះ មុន​នោះបាន​បង្ហើប​ឱ្យដឹងថា អណ្ដាតភ្លើង​បានចាប់ផ្ដើម​ពី​ទីតាំង​មួយ​នៅក្បែរ​រថយន្ត​អគ្គិសនី។