​​​​​ឥណ្ឌា​នឹង​បង្ហោះ​យាន​អវកាសទៅ​​ស្រាវជ្រាវ​ព្រះ​អាទិត្យ​ឆាប់​ៗ​នេះ

បន្ទាប់​ពី​បាន​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ​ដោយ​ជោគ​ជ័យ ឥណ្ឌា​ក៏​បាន​កំណត់​កាល​បរិ​ច្ឆេទ​សម្រាប់​ការ​អនុវត្ត​បេសក​កម្ម​អវកាស​បន្ទាប់​ នោះ​គឺជា​ការ​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​។​

យោង​តាម​អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា (ISRO) យាន​អវកាស Aditya-L1 ដែលជា​ស្ថានីយ​សង្កេត​តារា​ជំនាញ​ខាង​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​ដំបូង​របស់​ឥណ្ឌា បាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ហោះ​ឡើង​ពី​ព្រលាន​យាន​អវកាសក្នុង​តំបន់ Sriharikota ​របស់​ប្រទេស​នេះ​។ «យើង​គ្រោង​បាញ់បង្ហោះ​នៅ​សប្ដាហ៍​ដំបូង​របស់​ខែ​កញ្ញា» Reuters កាល​ពី​ថ្ងៃទី 28 សីហា​បាន​ដកស្រង់​សម្ដី​របស់​ប្រធាន ISRO ឱ្យ​ដឹង​ដូច្នេះ​។

យាន Aditya-L1 មាន​ភារកិច្ច​ស្រាវ​ជ្រាវ​ខ្យល់ព្រះអាទិត្យ ជា​បាតុភូត​ដែល​អាច​ជះឥទ្ធិពល​ដល់​ផែនដី​ និង​តែង​តែ​ធ្វើ​ឱ្យ​មាន​ពន្លឺ​អូរ៉ូរ៉ា​នៅ​លើ​ផែនដី​។ ទិន្នន័យ​ពី​យាន​របស់​ឥណ្ឌានេះ​នឹងជួយ​ឱ្យ​អ្នក​វិទ្យា​សាស្ត្រ​យល់​ច្បាស់​បន្ថែម​ទៀត​អំពី​ឥទ្ធិពល​របស់​ព្រះ​អាទិត្យ​មក​លើ​​អាកាសធាតុ​របស់​ផែនដី​។

យាន Aditya-L1 បានត្រៀមខ្លួនរួចហើយ

រ៉ុក្កែត PSLV របស់​ឥណ្ឌា នឹង​នាំ​យាន Aditya-L1 ឡើង​ទៅ​កាន់​ទីអវកាស។ យាន​នេះ​នឹង​ហោះ​ហើរ​ 1.5 លាន​គីឡូម៉ែត្រ​ក្នុង​រយៈ​ពេល​ប្រហែល​បួន​ខែ​ មុន​នឹង​ទៅ​ដល់​គន្លង​គោចរ​ជុំវិញ​ចំណុច​ Lagrange 1 (L1) ជា​ទី​ដែល​វត្ថុ​ហោះ​ហើរ​នានា​មាន​ទំនោរ​នៅ​ស្ងៀម​ ដោយ​សារ​តែ​តុល្យភាព​ទំនាញ​។

កាលពី​ឆ្នាំ 2019 ឥណ្ឌា​បាន​អនុម័ត​ថវិកា​ប្រហាក់​ប្រហែល​នឹង 46 លាន​ដុល្លារ​អាម៉េរិក​សម្រាប់ Aditya-L1។ ប៉ុន្តែ បច្ចុប្បន្ន ISRO មិន​ទាន់​ឱ្យ​ដឹង​សេចក្ដី​លំអិត​អំពី​បច្ចុប្បន្ន​ភាព​នៃ​ថវិកា​​សម្រាប់​គម្រោង​នេះ​នៅ​ឡើយ​៕

Advertisement