សហរដ្ឋ​អាម៉េរិក​ប្រកាស​កញ្ចប់​ជំនួយ​ជា​អាវុធ​សម្រាប់​តៃវ៉ាន់

កងទ័ពចិនដីកោះ (តៃវ៉ាន់)

ប្រធានាធិបតី​អាម៉េរិក ប្រកាស​អំពី​កញ្ចប់​ជំនួយ​យោធា​តម្លៃ 345 លាន​ដុល្លារ សម្រាប់​កោះ​តៃវ៉ាន់ ប៉ុន្តែ​មិនទាន់​បង្ហើប​ឱ្យដឹង​សេចក្ដីលំអិត។

នៅក្នុង​ប្រកាស​កាលពី​ថ្ងៃទី 28 កក្កដា របស់​សេត​វិមាន ប្រធានាធិបតី ចូ បៃ​ដិ​ន ឱ្យដឹងថា បានផ្ដល់​សិទ្ធិ​ឱ្យ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ចាត់ចែង​ប្រាក់ 345 លាន​ដុល្លារ​ដែល​បាន​ពី​ក្រសួងការពារជាតិ​អាម៉េរិក សម្រាប់​ជា​កញ្ចប់​ជំនួយ​យោធា​សម្រាប់​កោះ​តៃវ៉ាន់។

John Kirby អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អាម៉េរិក ក្នុង​ថ្ងៃ​ដដែល​បាន​និយាយថា ប្រទេស​នេះ​កំពុងតែ​អនុវត្ត​កាតព្វកិច្ច​ជាមួយនឹង​តៃវ៉ាន់ និង​ជួយ​ពួកគេ​ក្នុងការ​លើកកម្ពស់​សម​ត្ថ​ភាព​ការពារជាតិ»។

ប្រទេស​ចិន​មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទង​នឹង​រឿងនេះ។ ប៉ុន្តែ​កន្លងមក អាជ្ញាធរ​ចិន​តែងតែ​ជំទាស់​ទៅនឹង​ការផ្គត់ផ្គង់​អាវុធ​ទៅឱ្យ​កោះ​តៃវ៉ាន់ ពី​សំណាក់​សហរដ្ឋ​អាម៉េរិក។

នេះ​គឺជា​លើកដំបូង​ហើយ​ដែល​រដ្ឋាភិបាល​អាម៉េរិក ដក​អាវុធ សម្ភារៈ​យោធា និង​ថវិកា​ពី​មន្ទីរ​បញ្ច​កោណ​ដោយផ្ទាល់ ដើម្បី​ផ្ដល់ឱ្យ​តៃវ៉ាន់ ទៅតាម​សិទ្ធិ​ចាត់ចែង​ធនធាន​របស់​ប្រធានាធិបតី (PDA)។ មុន​នោះ សភា​អាម៉េរិក​បានផ្ដល់​សិទ្ធិ​ឱ្យ​រដ្ឋាភិបាល​ប្រើប្រាស់​យន្តការ PDA ដើម្បី​ផ្ដល់ជំនួយ​ផ្នែក​យោធា​ដល់​តៃវ៉ាន់ ក្នុង​ទំហំ​គិត​ជា​ទឹកប្រាក់​ឡើងដល់​មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក។

ចិនដីគោក​តែងតែ​ចាត់ទុកថា កោះ​តៃវ៉ាន់​គឺជា​ខេត្ត​មួយ​របស់ខ្លួន​ដែល​រង់ចាំតែ​ការបង្រួបបង្រួម ហើយ​ថា នឹង​ប្រើប្រាស់​កម្លាំងបាយ បើសិនជា​ចាំបាច់។

សហរដ្ឋ​អាម៉េរិក​មិនមាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយនឹង​តៃវ៉ាន់ ប៉ុន្តែ​គឺជា​អ្នកផ្គត់ផ្គង់​អាវុធ​ធំជាងគេ​របស់​កោះ​នេះ។ អាម៉េរិក​កំពុង​ជំរុញ​កិច្ច​ការធ្វើ​ទំនើបកម្ម​យោធា​របស់​ចិន​ដី​កោះ (តៃវ៉ាន់) ដើម្បី​រារាំង​ការវាយប្រហារ​ពី​ចិនដីគោក៕

Advertisement