បេសកកម្ម​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​ដំបូង​របស់​ឥណ្ឌា​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ស្អែក

បេសកកម្ម​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យត្រូវ​បាន​ធ្វើ​ឡើង​ភ្លាម​ៗ​បន្ទាប់​ពី​ជើង​ហោះ​ហើរ​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ឥណ្ឌា​បាន​ទទួល​ជោគ​ជ័យ​។ ស្ថានីយ​សង្កេត​ Aditya-L1 ត្រូវ​បាន​ដឹក​ទៅ​ដល់​ទីតាំង​បាញ់​បង្ហោះ​​លើ​កោះ Sriharikota នៅ​លើ​ឆ្នេរសមុទ្រ​ភាគ​ខាង​កើត​នៃ​ប្រទេស​ឥណ្ឌា​ ហើយ​នឹង​បាញ់​បង្ហោះ​នៅ​ថ្ងៃទី 02 ខែ​កញ្ញា​ ឆ្នាំ 2023​។

អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា (ISRO) បាន​ប្រកាស​អំពី​ថ្ងៃ​បាញ់​បង្ហោះ​ខាងលើ​​នៅ​លើ​ Twitter ក្រោយ​ពី​បាន​ចែក​រំលែក​រូប​ថត​មួយ​ចំនួន​ស្ដី​ពី​​យាន​អវកាស​ Aditya-L1 (Aditya ក្នុង​ភាសា​សំស្ក្រឹត​មាន​ន័យ​ថា ព្រះ​អាទិត្យ) ​កាល​ពី​ថ្ងៃទី 13 សីហា​។

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ដឹង​តិចតួច​អំពី​អ្វី​ដែល​បាន និង​កំពុង​កើត​ឡើង​នៅ​លើ​ព្រះ​អាទិត្យ​ មុន​ពេល​វា​បញ្ចេញ​ពន្លឺ​ និង​ពពក​ប្លាស្មា​ដ៏មហិមា​ទៅ​កាន់​ទី​អវកាស​។ល។ សហគមន៍​អ្នក​ស្រាវ​ជ្រាវ​​សង្ឃឹម​ថា Aditya-L1 នឹង​ផ្ដល់​តម្រុយ​អំពី​អាថ៌កំបាំង​នានា​នៅ​លើ​ព្រះ​អាទិត្យ​។

យាន​ Aditya-L1 គ្រោង​នឹង​ហោះ​ឡើង​ជាមួយ​នឹង​រ៉ុក្កែត​មួយ​គ្រឿង​ដែល​នឹង​នាំ​វា​ទៅ​កាន់​គន្លង​គោចរ​ស្ថិរភាព​នៅ​ជុំវិញ​ផែនដី មុន​នឹង​ហោះសំដៅ​ទីតាំង​ក្នុង​អវកាស​ដែល​មាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 1.5 លាន​គីឡូម៉ែត្រ​ ជា​ទី​ដែល​ពុំ​មាន​ឧបសគ្គ​សម្រាប់​ចក្ខុវិស័យ​របស់​យាន​ពេល​សង្កេត​មើល​ព្រះ​អាទិត្យ​។ តំបន់​នេះ​ត្រូវ​បាន​ហៅ​ថា ចំណុច​ Lagrange ផែនដី​-ព្រះ​អាទិត្យ​ 1 ឬ L1 ហើយ​វា​ក៏​ជា​កន្លែង​ដែល​មាន​យាន​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​របស់​អាម៉េរិក-​អឺរ៉ុប ដែល​បាន​ដំណើរ​ការ​តាំង​ពី​ឆ្នាំ 1996​ ផងដែរ​។

ស្ថានីយ​ Aditya-L1

ស្ថានីយ​ Aditya-L1 មាន​តម្លៃ​ 45 លាន​ដុល្លារ​អាម៉េរិក និង​ត្រូវ​បាន​អភិវឌ្ឍ​ក្នុង​រយៈ​ពេល 15​ ឆ្នាំ​។ Aditya-L1 គឺជា​គម្រោង​បាញ់​បង្ហោះ​សំខាន់​ទីពីរ​របស់​ឥណ្ឌា​នៅ​ក្នុង​ឆ្នាំ 2023 នេះ​។ មុន​នោះ យាន​អវកាស Chandrayaan-3 បាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគ​ជ័យ​កាល​ពី​ថ្ងៃទី 23 សីហា 2023​ នាំ​ឱ្យ​ឥណ្ឌា​បាន​ក្លាយ​ជា​ប្រទេស​​ដំបូង​គេ​ដែល​មាន​យាន​ចុះ​ចត​នៅ​ប៉ូល​ខាង​ត្បូង​របស់​ឋាន​រណប​មួយ​នេះ​៕

Advertisement