លិច​កប៉ាល់​នៅ​ហ្វ៊ី​លី​ពី​ន មនុស្ស​យ៉ាងតិច 26 នាក់​បានបាត់បង់​ជីវិត

ប៉ូលិស​ល្បាត​សមុទ្រ​ហ្វ៊ី​លី​ពី​ន (PCG) បានឱ្យដឹងថា កប៉ាល់​មួយគ្រឿង​បាន​ប្រ​ឡាប់​នៅក្បែរ​រដ្ឋធានី​ម៉ា​នីល ដោយសារ​តែមាន​ខ្យល់​ខ្លាំង បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 26 នាក់ត្រូវ​​បាត់​បង់ជីវិត។

យោងតាម​សមត្ថកិច្ច​ប្រទេស​ហ្វ៊ី​លី​ពី​ន ខ្យល់​បក់បោក​ខ្លាំង​បណ្ដាលឱ្យ​កប៉ាល់​មួយគ្រឿង​លិច​នៅវេលា​ម៉ោង​ប្រហែល 13 ថ្ងៃទី 27 កក្កដា ពេល​ស្ថិតនៅ​តំបន់​ដែលមាន​ចម្ងាយ​ប្រហែល 45 គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​របស់​ទីរួមស្រុក Binangonan នៃ​ខេត្ត Rizal។ ហេតុការណ៍​នេះ​កើតឡើង​បន្ទាប់ពី​ព្យុះ Doksuri បោកបក់​ឆ្លងកាត់​ភាគ​ខាងជើង​ប្រទេសហ្វ៊ីលីពីន។

«អ្នកដំណើរ​មានការ​ភ័យខ្លាច​នៅពេល​កប៉ាល់​ជួបនឹង​ខ្យល់​ខ្លាំង។ ពួកគេ​រត់​ទៅកាន់​ចំហៀង​ខាងឆ្វេង ធ្វើឱ្យ​កប៉ាល់​ក្រឡាប់» ឧត្ដមនាវីទោ Armando Balilo នៃ PCG ឱ្យដឹង​ដូច្នេះ។

យោងតាម​សមត្ថកិច្ច​ទទួលបន្ទុក​ការសង្គ្រោះ កប៉ាល់​នេះ​ជួប​គ្រោះថ្នាក់​នៅពេល​ដឹក​អ្នកដំណើរ​ពី​ទីរួមស្រុក Binangonan ទៅកាន់​កោះ Talim។ លោក​បន្ថែមថា កម្លាំង​សង្គ្រោះបាន​ស្រង់​សាកសព​ចំនួន 23 នាក់ និង​សង្គ្រោះបាន 40 នាក់ ប៉ុន្តែ​នៅមាន​អ្នកដំណើរ 6 នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន។

គិត​មក​ដល់​ពេល​នេះ តួលេខ​ខាង​លើបាន​កើន​ឡើង​មួយ​កម្រិត​ទៀត​ ក្នុង​នោះ​តួលេខ​អ្នក​​ស្លាប់​បាន​កើន​ដល់ 26 នាក់។

Advertisement