ឆេះ​កប៉ាល់​ដឹក​រថយន្ត 3,000 គ្រឿង នៅលើ​សមុទ្រ​ហូ​ឡង់

កប៉ាល់​ដឹក​រថយន្ត 3,000 គ្រឿង បាន​ឆាបឆេះ​នៅលើ​ផ្ទៃសមុទ្រ បណ្ដាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ច្រើន​នាក់​ត្រូវ​បង្ខំចិត្ត​លោត​ចូល​សមុទ្រ។

កាលពី​ថ្ងៃទី 26 កក្កដា កប៉ាល់ Fremantle Highway ដែលមាន​បណ្ដោយ 199 ម៉ែត្រ កើតមាន​អគ្គិភ័យ​ពេល ស្ថិតក្នុង​តំបន់​ដែលមាន​ចម្ងាយ​ប្រហែល 27 គីឡូម៉ែត្រ​ពី​កោះ Ameland របស់​ប្រទេស​ហូ​ឡង់ គ្រា​ដែល​កំពុងធ្វើដំណើរ​ពី​ប្រទេស​អាល្លឺម៉ង់ ឆ្ពោះទៅកាន់​ប្រទេស​អេ​ហ្ស៊ី​ប។

ប៉ូលិស​ល្បាត​សមុទ្រ​របស់​ហូ​ឡង់ បានឱ្យដឹងថា ក្រុម​កប៉ាល់​សង្គ្រោះបាន​បាញ់​ទឹក​ទៅកាន់​កប៉ាល់ Fremantle Highway ដើម្បី​ពន្លត់ភ្លើង ប៉ុន្តែ​មិនអាច​ប្រើប្រាស់​ទឹក​ច្រើន ព្រោះ​អាចធ្វើឱ្យ​កប៉ាល់​លិច។ កប៉ាល់​នេះ​ត្រូវបាន​ទាញ​ចេញពី​ផ្លូវទឹក​ដែលមាន​ចរាចរណ៍​មមាញឹក។

នៅលើ​កប៉ាល់​ដឹក​ឡាន 3,000 គ្រឿង​នេះ មាន​នាវិក 23 នាក់ ក្នុងនោះ​មាន​ម្នាក់​បាន​ស្លាប់ និង 7 នាក់​ត្រូវ​លោត​ចូល​សមុទ្រ ខណៈដែល​នាវិក​ក្រៅពីនេះ​ត្រូវបាន​សង្គ្រោះ​ដោយ​ឧទ្ធម្ភាគចក្រ។

ក្រុមហ៊ុន​ជប៉ុន Shoei Kisen ដែលជា​អ្នកគ្រប់គ្រង​កប៉ាល់​ខាងលើ បានឱ្យដឹងថា ពួកគេ​កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​ហូ​ឡង់ ទាក់ទិន​នឹង​ហេតុការណ៍​អគ្គិភ័យ​នេះ។

ប៉ូលិស​ហូ​ឡង់​និយាយថា មូលហេតុ​នៃ​អគ្គិភ័យ​មិនទាន់​ត្រូវបាន​រកឃើញ​នៅឡើយ។ ក៏ប៉ុន្តែ អ្នកនាំពាក្យ​ម្នាក់​របស់​កងកម្លាំង​នេះ មុន​នោះបាន​បង្ហើប​ឱ្យដឹងថា អណ្ដាតភ្លើង​បានចាប់ផ្ដើម​ពី​ទីតាំង​មួយ​នៅក្បែរ​រថយន្ត​អគ្គិសនី។

Advertisement