Tag: ប្រទេស

  • ទួ​រ​ប៊ី​ន​ខ្យល់​ធ្វើ​ពី​ឈើ​ដែល​ខ្ពស់​ជាងគេ​លើ​ពិភពលោក

    ទួ​រ​ប៊ី​ន​ខ្យល់​ធ្វើ​ពី​ឈើ​ដែល​ខ្ពស់​ជាងគេ​លើ​ពិភពលោក

    ក្រុម​អ្នកជំនាញ​របស់​ក្រុមហ៊ុន Modvion នៅ​ប្រទេស​ស៊ុយអែត កំពុងតែ​ប្រើប្រាស់​ភាព​ធន់​របស់​ឈើ ដើម្បី​បង្កើត​​​កង្ហារ​​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់។

    ទួ​រ​ប៊ី​ន​ខ្យល់​ធ្វើ​ពី​ឈើ​ខ្ពស់​ជាងគេ​លើ​ពិភពលោក​របស់ Modvion ត្រូវបាន​ផលិតឡើង​ទៅតាម​ការបញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ថាមពល Varberg Energi នៅ​ប្រទេស​ស៊ុយអែត។ កង្ហារ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​​នេះ​មាន​កម្ពស់ 150 ម៉ែត្រ បើ​គិត​ទាំង​ប្រវែង​របស់​ស្លាប​កង្ហារ។  ទួ​រ​ប៊ី​ន​នេះ​ត្រូវបាន​ផលិត​ជា​ម៉ូឌុល និង​អាច​ដំ​ឡើងជា​រូបរាង​ចុងក្រោយ​ដោយ​ប្រើប្រាស់​កាវ​ពិសេស ជំនួស​ឱ្យ​ខ្ចៅ។

    តាម​គម្រោង កង្ហារ​ផលិត​អគ្គិសនី​ពី​ថាមពល​​ខ្យល់​ដែលមាន​កម្លាំង 2 ម៉េ​ហ្គា​វ៉ា​ត់​នេះ នឹងត្រូវ​បាន​ដឹក​ទៅកាន់ Skara នៃ​ប្រទេស​ស៊ុយអែត​ នៅក្នុង​ឆ្នាំនេះ។

    បន្ទាប់ពី​ឈប់​ដំណើរការ ទួរប៊ីនខ្យល់​​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​ឡើងវិញ​នៅក្នុង​គម្រោង​ដទៃ។ កន្លង​មក ក្រុមហ៊ុន Modvion ក៏បាន​ដំឡើង​ទួ​រ​ប៊ី​ន​ឈើ​គំរូ​មួយ​ដែល​ផលិត​កាលពី​ឆ្នាំ 2020 នៅលើ​កោះ Bjorko របស់​ប្រទេស​ស៊ុយអែត៕

  • ក្រុមរដ្ឋប្រហារនេហ្សេត្រូវអាហ្វ្រិកខាងលិចដាក់ទណ្ឌកម្ម ខណៈស្ថានទូតបារាំងរងការវាយប្រហារ

    ក្រុមរដ្ឋប្រហារនេហ្សេត្រូវអាហ្វ្រិកខាងលិចដាក់ទណ្ឌកម្ម ខណៈស្ថានទូតបារាំងរងការវាយប្រហារ

    កាលពី​ថ្ងៃទី 30 កក្កដា បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ខាងលិច បានចាប់ផ្ដើម​ដាក់ទណ្ឌកម្ម និង​គំរាមថា​នឹង​ប្រើប្រាស់​កម្លាំងបាយ បើសិន​ក្រុម​យោធា​ដែល​ធ្វើ​រដ្ឋប្រហារ​នៅ​ប្រទេស​នី​ហ្សេ មិន​ប្រគល់​អំណាច​ត្រលប់មក​ប្រធានាធិបតី Mohammed Bazoum ក្នុង​រង្វង់​មួយ​សប្ដាហ៍ ស្រប​ពេលដែល​ក្រុម​អ្នកគាំទ្រ​អាជ្ញាធរ​យោធា វាយប្រហារ​លើ​ស្ថានទូត​បារាំង​នៅ​រដ្ឋធានី​នីញ៉ា​ម៉េ។

    ក្រុម ECOWAS ដែលមាន 15 ប្រទេស បានធ្វើ​ប្រតិកម្ម​ទៅនឹង​អំពើ​រដ្ឋប្រហារ​លើក​ទី 7 នៅ​តំបន់ Sahel នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បន្ទាប់ពី​ហ្វូងមនុស្ស​នៅ​នីញ៉ា​ម៉េ​របស់​ប្រទេស​នី​ហ្សេ ដុត​ទង់ជាតិ​បារាំង និង​គប់​ដុំថ្ម​លើ​ក្បួន​រថយន្ត​អ្នកការទូត​របស់​បារាំង នាំឱ្យ​ប៉ូលិស​ប្រើប្រាស់​ផ្សែង​បង្ហូរទឹកភ្នែក​ដើម្បី​ទប់ទល់។

    រូបភាព​នានា​បង្ហាញថា ជញ្ជាំង​របស់​ស្ថានទូត​បារាំង​ត្រូវគេ​ដុត ហើយ​មនុស្ស​ជាច្រើន​ត្រូវបាន​លើកដាក់​លើ​រថយន្ត​សង្គ្រោះ នៅពេល​ពួកគេ​រងរបួស។

    ឧត្ដមសេនីយ Abdourahamane Tiani

    នៅក្នុង​កិច្ចប្រជុំ​កំពូល​បន្ទាន់​មួយ​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា ដែល​ពិភាក្សា​អំពី​រដ្ឋប្រហារ ក្រុម​មេដឹកនាំ​នៃ​សហគមន៍​សេដ្ឋកិច្ច​របស់​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ខាងលិច បាន​អំពាវនាវ​សូមឱ្យ​ស្ដារ​ធម្មនុញ្ញភាព និង​បាន​ព្រមាន​ថា នឹងមាន​វិធាន​ការតបត បើសិន​ប្រការនេះ​មិន​ត្រូវបាន​អនុវត្ត។

    ECOWAS និង​សម្ព័ន្ធភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អាហ្វ្រិក​ខាងលិច ដែលមាន​សមាជិក​ចំនួន 8 បានឱ្យដឹងថា ព្រំដែន​របស់​នី​ហ្សេ​នឹងត្រូវ​បិទ​ជាបន្ទាន់ ជើងហោះហើរ​ពាណិជ្ជកម្ម​ត្រូវបាន​ហាមឃាត់ ការដោះដូរ​ហិរញ្ញវត្ថុ​ត្រូវបាន​ផ្អាក ខណៈដែល​ទ្រព្យសម្បត្តិ​ជាតិ​ត្រូវបាន​បង្កក និង​ជំនួយ​នានា​ក៏​ត្រូវបាន​កាត់ផ្ដាច់។

    ចំណែក​ក្រុមមន្ត្រី​យោធា​ដែល​ជាប់​ទាក់ទិន​នឹង​អំពើ​រដ្ឋប្រហារ នឹង​ត្រូវបាន​ហាមឃាត់​ការដើរ​ហើរ ស្រប​ពេលដែល​ទ្រព្យ​របស់​ពួកគេ​ក៏ត្រូវ​បង្កក។

    ផែនទី​របស់​ប្រទេស​នីហ្សេ

    អំពើ​រដ្ឋប្រហារ​នៅ​នី​ហ្សេ​នេះ ត្រូវបាន​បណ្ដា​ប្រទេស​ក្បែរ​ខាង និង​ដៃគូ​អន្តរជាតិ ដែលមាន​អាម៉េរិក អង្គការសហប្រជាជាតិ សហភាព​អាហ្វ្រិក សហភាព​អឺរ៉ុប និង​បារាំង​ជាដើម ថ្កោលទោស​យ៉ាងខ្លាំង​ក្លា។ ពួកគេ​សុទ្ធតែ​ប្រកាស​មិន​ទទួលស្គាល់​ក្រុម​មេដឹកនាំ​ថ្មី​នៅ​នី​ហ្សេ ដែល​នាំមុខ​ដោយ​មេ​រដ្ឋប្រហារ ឧត្ដមសេនីយ Abdourahamane Tiani។

    ចំណែក​មេបញ្ជាការ​កំពូល​របស់​ក្រុមហ៊ុន​យោធា​ឯកជន​រុស្ស៊ី Wagner លោក Yevgeny Prigozhin បាន​លើក​ជា​សំណើ​ថា ការងារ​ស្ដារ​ស្ថិរភាព​នៅ​នី​ហ្សេ ទុកឱ្យ​ខ្មាន់កាំភ្លើង​របស់លោក​ជា​អ្នកចាត់ចែង៕

  • យន្តហោះ​ខូច​ម៉ាស៊ីន ពី​ឡុ​ត​ក៏បញ្ជា​ឱ្យ​​ចុះចត​លើ​សមុទ្រ

    យន្តហោះ​ខូច​ម៉ាស៊ីន ពី​ឡុ​ត​ក៏បញ្ជា​ឱ្យ​​ចុះចត​លើ​សមុទ្រ

    (បារាំង) – អ្នកបើកបរ​បាន​បញ្ជា​ឱ្យ​យន្តហោះ​ទេសចរណ៍​ចុះចត​លើ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ បន្ទាប់ពី​ម៉ាស៊ីន​របស់​វា​ខូច ​អ្នក​នៅលើ​យន្តហោះ​ក៏បាន​រួច​ពី​ការស្លាប់។

    យន្តហោះធុន​តូច Cessna 177 ចុះចត​លើ​សមុទ្រ​ដែលមាន​ចម្ងាយ​ពី​តំបន់​លំហែកាយ Frejus ខេត្ត Var នៅ​ភាគ​អាគ្នេយ៍​ប្រទេស​បារាំង ប្រហែល 600 ម៉ែត្រ កាលពី​ព្រឹក​ថ្ងៃទី 30 កក្កដា។ កម្លាំង​សង្គ្រោះ​ឱ្យដឹងថា ពី​ឡុ​ត​ជ្រើសរើស​ទីតាំង​ចុះចត​លើទឹក ដើម្បី​ចៀសវាង​ឆ្នេរ​ដែល​កំពុងមាន​ទេសចរ​ច្រើន​នៅ​លេង​កម្សាន្ត។

    «ដើម្បី​ធ្វើបាន​បែបនេះ អ្នកត្រូវការ​ជំនាញ និង​សំណាង» អ្នកនាំពាក្យ​របស់​កម្លាំង​សង្គ្រោះ​ក្នុង​តំបន់ និយាយ​ដូច្នេះ។

     

    បុរស​អ្នកបើកបរ និង​ភ្ញៀវ​ពីរ​នាក់ ក្នុងនោះ​មាន​ម្នាក់​ជា​ស្ត្រី ត្រូវបាន​ជួយសង្គ្រោះ​ពី​យន្តហោះ។ ពួកគេ​មិនមាន​របួស ប៉ុន្តែ​បាន​ប៉ះពាល់​អារម្មណ៍។

    ចំណែក​យន្តហោះ​វិញ បាន​លិច​ចូល​សមុទ្រ បន្ទាប់ពី​ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​យកចេញ បើ​ទោះ​ក្រុម​សង្គ្រោះ​ប្រឹងប្រែង​ជួយ​បណ្ដែត៕

  • រុស្ស៊ី​នឹង​ប្រើប្រាស់​អាវុធ​នុយ​ក្លេ​អែរ បើសិន​អ៊ុយ​ក្រែ​ន​ឈ្នះ​សង្គ្រាម

    រុស្ស៊ី​នឹង​ប្រើប្រាស់​អាវុធ​នុយ​ក្លេ​អែរ បើសិន​អ៊ុយ​ក្រែ​ន​ឈ្នះ​សង្គ្រាម

    អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ី Dmitry Medvedev ព្រមាន​ថា មូ​ស្គូ «មិនមាន​ជម្រើស​ផ្សេង» ក្រៅតែពី​អាវុធ​នុយ​ក្លេ​អែរ បើសិន​ការ​វាយបក​របស់​អ៊ុយ​ក្រែ​ន ទទួលបាន​ជោគជ័យ។

    «កងកម្លាំងប្រដាប់អាវុធ​របស់​រុស្ស៊ី បាន​រុញច្រាន​ការ​វាយបក​របស់​សត្រូវ ការពារ​ពលរដ្ឋ និង​ទឹកដី​រុស្ស៊ី។ … បើ​សិន​…យុទ្ធនាការ​វាយបក​របស់​អ៊ុយ​ក្រែ​ន ដែល​គាំទ្រ​ដោយ​ណា​តូ ទទួលបាន​ជោគជ័យ និង​គ្រប់គ្រង​ទឹកដី​មួយផ្នែក​របស់​រុស្ស៊ី ពេលនោះ​យើងខ្ញុំ​នឹងត្រូវ​បង្ខំចិត្ត​ប្រើប្រាស់​អាវុធ​នុយ​ក្លេ​អែរ ទៅតាម​គោលការណ៍​នានា​នៃ​បទបញ្ជា​របស់​ប្រធានាធិបតី​រុស្ស៊ី» អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ី Dmitry Medvedev ​បានឱ្យដឹង​​នៅលើ​ទំព័រ Telegram ដូច្នេះ កាលពី​ថ្ងៃទី 30 កក្កដា 2023។

    លោក Medvedev ក៏​បាន​សង្កត់ធ្ងន់ដែរ​ថា «ជាធម្មតា​ទេ នោះ​ក៏​ព្រោះតែ​មិនមាន​ជម្រើស​ផ្សេង»។

    លោក Medvedev ត្រូវបាន​គេ​យល់ថា កំពុងនិយាយ​ដល់​គោលការណ៍​មួយផ្នែក​ស្ដីពី​នុយ​ក្លេ​អែរ​របស់​រុស្ស៊ី ដែល​ក្នុងនោះ​មានការ​ចែងថា អាវុធ​នុយ​ក្លេ​អែរ​អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​បង្កហេតុ​ដែល​ប្រឆាំងនឹង​រុស្ស៊ី។

    អ៊ុយ​ក្រែ​ន​កំពុងតែ​ប្រឹងប្រែង​រំដោះទឹកដី​ដែល​រុស្ស៊ី​បាន​វាយយក​ទៅកាន់​កាប់នា​ពេល​កន្លង​ តាមរយៈ​ការ​វាយបក​ដែល​បានចាប់ផ្ដើម​ពី​ខែមិថុនា 2023។ អ៊ុយ​ក្រែ​ន​ឱ្យដឹងថា កងទ័ព​ប្រទេស​នេះ​កំពុងតែ​សម្រេចបាន​ជោគ​ជ័យ​មួយចំនួន​នៅក្នុង​យុទ្ធនាការ​វាយបក បើ​ទោះ​មាន​ភាពយឺត​យ៉ាវ។

    សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន នៅតែ​បន្ត​កើតមាន ហើយ​ក៏​មិនទាន់​មើលឃើញ​​សញ្ញា​នៃ​ទីបញ្ចប់ ដោយសារតែ​​ភាគី​ទាំងពីរ​នៅតែ​វាយ​រុញច្រាន​គ្នា​ជា​បន្តបន្ទាប់៕

  • ភ្នំភ្លើង​ធំជាងគេ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ធ្លាប់ជា​កោះ​នៅ​កណ្ដាល​សមុទ្រ

    ភ្នំភ្លើង​ធំជាងគេ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ធ្លាប់ជា​កោះ​នៅ​កណ្ដាល​សមុទ្រ

    ភ្នំភ្លើង Olympus Mons ដែលមាន​កម្ពស់ 25 គីឡូម៉ែត្រ នៅលើ​ផ្ទៃ​ភព​អង្គារ ទំនងជា​ធ្លាប់​ស្ថិតនៅ​កណ្ដាល​មហាសាគរ។

    ពេល​ភព​អង្គារ​នៅ​ក្មេង និង​ពេញ​ដោយ​ទឹក​កាលពី​រាប់ពាន់​លាន​ឆ្នាំមុន ភ្នំភ្លើង​ខ្នាត​ធំ Olympus Mons ទំនង​ជាមាន​រូបរាង​ដូច​ទៅនឹង​ភ្នំភ្លើង Stromboli ឬ Savai’l នៅលើ​ផែនដី ប៉ុន្តែ​ធំ​ជាង​ឆ្ងាយ។ ការវិភាគ​ថ្មី​ត្រូវបាន​ប្រកាស​លើ​ទស្សនាវដ្ដី Earth and Planetary Science Letters ដែល​បង្ហាញ​អំពី​ចំណុច​ប្រហាក់ប្រហែលគ្នា​រវាង​ភ្នំភ្លើង Olympus Mons និង​បណ្ដា​កោះ​ភ្នំភ្លើង​សកម្ម​នៅលើ​ផែនដី ផ្ដល់​អំណះអំណាង​ថ្មី​ស្ដីពី​អតីតកាល​ដែល​ពេញ​ដោយ​ទឹក​រាវ​របស់​ភព​អង្គារ។ នេះ​បើតាម Science Alert ចុះផ្សាយ​កាលពី​ថ្ងៃទី 27 កក្កដា 2023។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ Paris-Saclay នៅ​ប្រទេស​បារាំង បានឱ្យដឹងថា ផ្នែក​ខាងលើ​នៃ​ចង្កេះភ្នំ​ដែលមាន​កម្ពស់ 6 គីឡូម៉ែត្រ ព័ទ្ធជុំវិញ​ភ្នំភ្លើង Olympus Mons ទំនងជា​បានកើត​ឡើង​ដោយសារ​កំ​អែ​ភ្នំភ្លើង​ហូរ​ចូលទៅក្នុង​ទឹក​រាវ នៅពេល​រចនាសម្ព័ន្ធ​នេះ​គឺជា​កោះ​ភ្នំភ្លើង​ដែល​ធ្វើ​សកម្មភាព​អំឡុងពេល​ប្រហែល​នៅ​ចុង​យុគសម័យ Noachian និង​ដើម​យុគសម័យ Hesperian។

    Olympus Mons គឺជា​ភ្នំភ្លើង​ដែលមាន​រូបរាង​ដូច​ខែល​បុរាណ កម្ពស់ 25 គីឡូម៉ែត្រ និង​លាតសន្ធឹង​លើ​ផ្ទៃដី​ដែល​ធំ​ប៉ុន​ប្រទេស​ប៉ូឡូញ។ នេះ​មិន​ត្រឹមតែ​ជា​ភ្នំភ្លើង​ធំ​បំផុត ប៉ុន្តែ​ក៏​ជា​ភ្នំភ្លើង​ខ្ពស់បំផុត​ផងដែរ នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។ ជើងភ្នំ​ភ្លើង​នេះ​មិន​ដូច​ទៅនឹង​ជើងភ្នំ​ធម្មតា​នៅលើ​ដីគោក ព្រោះថា នៅក្នុង​រយៈកម្ពស់​ប្រហែល 6 គីឡូម៉ែត្រ មាន​ជញ្ជាំង​ថ្ម​ឈរ​ត្រង់ ព័ទ្ធ​ស្ទើរតែ​ជុំ​ភ្នំ និង​ចាក់​ចុះ​ត្រង់​ទៅ​ក្រោម។ ប្រភព​នៃ​ជញ្ជាំង​ថ្មភ្នំ​ចាក់​ចុះ​ត្រង់នេះ នៅតែ​ជា​រឿង​អាថ៌កំបាំង​នៅឡើយ។

    បច្ចុប្បន្ន ភព​អង្គារ​គឺជា​ទីឋាន​ដ៏​សែន​សោះកក្រោះ គ្មាន​ទឹក និង​ពេញ​ដោយ​ខ្សាច់ ធូលី។ ទឹក​នៅលើ​ផ្ទៃ​របស់​ភព​នេះ នៅមាន​ខ្លះ​ដែរ តែ​នៅក្នុង​ទម្រង់​ទឹកកក។ ក៏ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ បាន​រកឃើញ​ភ័ស្ដុតាង​ជា​បន្តបន្ទាប់​ដែល​បង្ហាញថា ទឹក​រាវ​ធ្លាប់​គ្របដណ្ដប់​ពាសពេញ​ផ្ទៃ​ភព​អង្គារ៕

     

  • សហរដ្ឋ​អាម៉េរិក​ប្រកាស​កញ្ចប់​ជំនួយ​ជា​អាវុធ​សម្រាប់​តៃវ៉ាន់

    សហរដ្ឋ​អាម៉េរិក​ប្រកាស​កញ្ចប់​ជំនួយ​ជា​អាវុធ​សម្រាប់​តៃវ៉ាន់

    ប្រធានាធិបតី​អាម៉េរិក ប្រកាស​អំពី​កញ្ចប់​ជំនួយ​យោធា​តម្លៃ 345 លាន​ដុល្លារ សម្រាប់​កោះ​តៃវ៉ាន់ ប៉ុន្តែ​មិនទាន់​បង្ហើប​ឱ្យដឹង​សេចក្ដីលំអិត។

    នៅក្នុង​ប្រកាស​កាលពី​ថ្ងៃទី 28 កក្កដា របស់​សេត​វិមាន ប្រធានាធិបតី ចូ បៃ​ដិ​ន ឱ្យដឹងថា បានផ្ដល់​សិទ្ធិ​ឱ្យ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ចាត់ចែង​ប្រាក់ 345 លាន​ដុល្លារ​ដែល​បាន​ពី​ក្រសួងការពារជាតិ​អាម៉េរិក សម្រាប់​ជា​កញ្ចប់​ជំនួយ​យោធា​សម្រាប់​កោះ​តៃវ៉ាន់។

    John Kirby អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អាម៉េរិក ក្នុង​ថ្ងៃ​ដដែល​បាន​និយាយថា ប្រទេស​នេះ​កំពុងតែ​អនុវត្ត​កាតព្វកិច្ច​ជាមួយនឹង​តៃវ៉ាន់ និង​ជួយ​ពួកគេ​ក្នុងការ​លើកកម្ពស់​សម​ត្ថ​ភាព​ការពារជាតិ»។

    ប្រទេស​ចិន​មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទង​នឹង​រឿងនេះ។ ប៉ុន្តែ​កន្លងមក អាជ្ញាធរ​ចិន​តែងតែ​ជំទាស់​ទៅនឹង​ការផ្គត់ផ្គង់​អាវុធ​ទៅឱ្យ​កោះ​តៃវ៉ាន់ ពី​សំណាក់​សហរដ្ឋ​អាម៉េរិក។

    នេះ​គឺជា​លើកដំបូង​ហើយ​ដែល​រដ្ឋាភិបាល​អាម៉េរិក ដក​អាវុធ សម្ភារៈ​យោធា និង​ថវិកា​ពី​មន្ទីរ​បញ្ច​កោណ​ដោយផ្ទាល់ ដើម្បី​ផ្ដល់ឱ្យ​តៃវ៉ាន់ ទៅតាម​សិទ្ធិ​ចាត់ចែង​ធនធាន​របស់​ប្រធានាធិបតី (PDA)។ មុន​នោះ សភា​អាម៉េរិក​បានផ្ដល់​សិទ្ធិ​ឱ្យ​រដ្ឋាភិបាល​ប្រើប្រាស់​យន្តការ PDA ដើម្បី​ផ្ដល់ជំនួយ​ផ្នែក​យោធា​ដល់​តៃវ៉ាន់ ក្នុង​ទំហំ​គិត​ជា​ទឹកប្រាក់​ឡើងដល់​មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ចិនដីគោក​តែងតែ​ចាត់ទុកថា កោះ​តៃវ៉ាន់​គឺជា​ខេត្ត​មួយ​របស់ខ្លួន​ដែល​រង់ចាំតែ​ការបង្រួបបង្រួម ហើយ​ថា នឹង​ប្រើប្រាស់​កម្លាំងបាយ បើសិនជា​ចាំបាច់។

    សហរដ្ឋ​អាម៉េរិក​មិនមាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយនឹង​តៃវ៉ាន់ ប៉ុន្តែ​គឺជា​អ្នកផ្គត់ផ្គង់​អាវុធ​ធំជាងគេ​របស់​កោះ​នេះ។ អាម៉េរិក​កំពុង​ជំរុញ​កិច្ច​ការធ្វើ​ទំនើបកម្ម​យោធា​របស់​ចិន​ដី​កោះ (តៃវ៉ាន់) ដើម្បី​រារាំង​ការវាយប្រហារ​ពី​ចិនដីគោក៕

  • ចិន​ចាប់​ផ្ដើម​​បង្ហោះ​ផ្កាយរណប​​អ៊ីនធើណិត​បំពាក់​ផ្ទាំង​សូឡា ដើម្បី​ប្រជែង​នឹង​អាម៉េរិក

    ចិន​ចាប់​ផ្ដើម​​បង្ហោះ​ផ្កាយរណប​​អ៊ីនធើណិត​បំពាក់​ផ្ទាំង​សូឡា ដើម្បី​ប្រជែង​នឹង​អាម៉េរិក

    ថ្មីៗនេះ ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​ផ្កាយរណប Lingxi-03 ដែលមាន​ស្លាប​បំពាក់​ផ្ទាំង​សូ​ឡា​មហា​ស្ដើង និង​ស្ថិតក្នុង​គម្រោង​អភិវឌ្ឍ​ផ្កាយរណប 13,000 គ្រឿង ដើម្បី​ប្រកួតប្រជែង​នឹង SpaceX របស់​អាម៉េរិក។

    ផ្កាយរណប​​ Lingxi-03 ​ដែល​​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន GalaxySpace នៅ​ទីក្រុង​ប៉េកាំង ត្រូវបាន​បាញ់​បង្ហោះ​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Taiyuan ក្នុង​ខេត្ត Shanxi ភាគ​កណ្ដាល​ប្រទេស​ចិន ដោយ​រ៉ុក្កែត Long March 2D កាលពី​ព្រឹក​ថ្ងៃទី 23 កក្កដា។

    ផ្ទាំង​សូ​ឡា​ដែល​ត្រូវបាន​បំពាក់​លើ​ស្លាប​ផ្កាយរណប អាច​កាច់​កោង ​កម្រាស់​ប្រហែល 1 មិល្លីម៉ែត្រ ដែល​ស្មើនឹង 5% នៃ​កម្រាស់​របស់​ផ្ទាំង​សូ​ឡា​ធម្មតា។ ផ្ទាំង​សូ​ឡា​របស់​ផ្កាយរណប​នេះ​មាន​ប្រវែង 9 ម៉ែត្រ និង​ទទឹង 2.5 ម៉ែត្រ នៅពេល​លាតសន្ធឹង។

    GalaxySPace គឺជា​ក្រុមហ៊ុន​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2018 និង​ជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​ប្រទេស​ចិន ដែល​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត​ពី​ផ្កាយរណប។ តាម​ផែនការ ក្រុមហ៊ុន​នេះ​នឹង​បាញ់​បង្ហោះ​ផ្កាយរណប​អ៊ី​ន​ធើ​ណិ​ត​ជា​បន្តបន្ទាប់ចំនួន​ 13,000 គ្រឿង ដើម្បី​អាច​ប្រកួតប្រជែង​នឹង​ក្រុមហ៊ុន​អាម៉េរិក SpaceX ដែលបច្ចុប្បន្ន​​មាន​ ផ្កាយ​រណប​ Starlink ជាង​ 4,500 គ្រឿង​ កំពុង​ដំណើរ​ការ​នៅ​លើ​មេឃ។

    នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ ផែនដី​នឹងមាន​ផ្កាយរណប​ច្រើនជាង 60,000 គ្រឿង ហោះហើរ​លើ​គន្លង​តារាវិថី ដែល​ភាគច្រើន​គឺជា​ផ្កាយរណប​របស់​អាម៉េរិក ពិសេស​គឺ Starlink របស់ SpaceX៕

  • ជន្លេន​បុរាណ​ «ដេកលក់» 46,000 ឆ្នាំ​ ពេល​នេះ​បាន​ភ្ញាក់​ដឹង​ខ្លួន​​ឡើងវិញ

    ជន្លេន​បុរាណ​ «ដេកលក់» 46,000 ឆ្នាំ​ ពេល​នេះ​បាន​ភ្ញាក់​ដឹង​ខ្លួន​​ឡើងវិញ

    (រុស្ស៊ី) – ជន្លេនបុរាណ​មួយ​ប្រភេទ​​បាន​ងើប​ពី​ដំណេក​បន្ទាប់​ពី​ដេក​កក​អស់​រយៈ​ពេល​រាប់​ម៉ឺន​ឆ្នាំ​នៅ​ក្នុងហ្វូស៊ីល​​រូង​កំប្រុក​​​តាំង​ពី​យុគ​សម័យ​ទឹក​កក​ចុង​ក្រោយ​បង្អស់​។

    ជន្លេន​ខ្នាត​តូច​មួយ​ប្រភេទ​នៅ​មាន​ជីវិត បន្ទាប់​ពីបាន​​ដេក​ក្នុង​ស្រទាប់​ទឹក​កក​ក្នុង​ដី​ដែលមាន​អាយុ​កាល​​​រាប់​ម៉ឺន​ឆ្នាំ​នៅ​ស៊ីបេរី យូរ​ជាង​រាប់​ម៉ឺន​ឆ្នាំ​ បើ​ធៀប​នឹង​ប្រភេទ​ជន្លេន​ដែល​ត្រូវ​បាន​ធ្វើ​ឱ្យ​រស់​ឡើងវិញ​មុននោះ​។ ជន្លេន​នេះ​ស្ថិត​ក្នុង​ប្រភេទ​ Panagrolaimus kolymaensis។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​រកឃើញវាកំពុង​​ដេក​ជារង្វង់​មូល​នៅ​ក្នុងហ្វូស៊ីល​​រូង​របស់​សត្វ​កំប្រុក​​ដែល​យក​ពី​ដី​ដែល​កក​រាប់​ម៉ឺន​ឆ្នាំ​ ក្បែរ​ទន្លេ​ Kolyma នៅ​ភាគ​ឦសាន​នៃ​បូល​ខាង​ជើង​ កាល​ពី​ឆ្នាំ 2002​។

    អ្នក​វិទ្យា​សាស្ត្រ​មួយ​ក្រុម​ក៏​ធ្លាប់​បាន​ជួយ​ឱ្យ​ជន្លេន​ដែល​កក​រស់​ឡើង​វិញ​ម្ដង​ហើយ​កាល​ពី​ឆ្នាំ 2018 ប៉ុន្តែ​មិន​បាន​ដឹង​អំពី​អាយុ​កាល​ និង​ប្រភេទ​របស់​វា​។

    «នៅ​ទី​នេះ យើង​បាន​បញ្ជាក់​ថា ​ជន្លេន​រាង​មូល​រស់​នៅ​ក្នុង​ដី ប្រភេទ Panagrolaimus kolymaensis បាន​ផ្អាក​ដំណើរ​ការ​ក្នុង​រយៈ​ពេល 46,000 ឆ្នាំ​នៅ​ក្រោម​ដី​ដែល​កក​រាប់​ម៉ឺនលាន​​ឆ្នាំ​នៅ​ស៊ីបេរី» អ្នក​ស្រាវ​ជ្រាវ​មក​ពី​ប្រទេស​រុស្ស៊ី និង​អាល្លឺម៉ង់ ឱ្យ​ដឹង​ដូច្នេះ​។

    រាងកាយ​របស់​សត្វ​ជន្លេន​មូល និង​ខ្លាឃ្មុំ​ទឹក (Tardigrades) អាច​ស្ថិតនៅ​ស្ងៀម​មួយ​កន្លែង​ ដែល​ហៅ​ថា cryptobiosis (ដេកកក) ដើម្បី​ទប់​ទល់​នឹង​ស្ថានភាព​កក ឬ​បាត់​បង់​ជាតិ​ទឹក​ទាំង​ស្រុង​។ ក្នុងករណី​នេះ​ ពួក​វា​កាត់បន្ថយ​ការ​ប្រើ​ប្រាស់​អុកស៊ីសែន និង​កម្ដៅ​ដែល​កើត​ពី​​ដំណើរ​ការ​ស្រូប​យក​ជីវជាតិ​ពី​អាហារ​ ដល់​ថ្នាក់​មិន​អាច​ត្រូវ​បាន​គេ​ដឹង​។​

    ជន្លេន​ខាងលើ​បាន​ដេក​កក​ក្នុង​ដី​តាំង​ពី​ចុង​យុគ​សម័យ​ទឹក​កក​ចុង​ក្រោយ​ (ពី 2.6 លាន​ ដល់ 11,700 ឆ្នាំ​មុន​)​។ បណ្ដា​ប្រភេទ​ជន្លេន​បុរាណ​អាច​រស់​ឡើង​វិញ​ បើ​សិន​ពួក​វា​រួច​ផុត​ពី​ស្រទាប់​ទឹក​កក​ក្រោម​ដី​។

  • លិច​កប៉ាល់​នៅ​ហ្វ៊ី​លី​ពី​ន មនុស្ស​យ៉ាងតិច 26 នាក់​បានបាត់បង់​ជីវិត

    លិច​កប៉ាល់​នៅ​ហ្វ៊ី​លី​ពី​ន មនុស្ស​យ៉ាងតិច 26 នាក់​បានបាត់បង់​ជីវិត

    ប៉ូលិស​ល្បាត​សមុទ្រ​ហ្វ៊ី​លី​ពី​ន (PCG) បានឱ្យដឹងថា កប៉ាល់​មួយគ្រឿង​បាន​ប្រ​ឡាប់​នៅក្បែរ​រដ្ឋធានី​ម៉ា​នីល ដោយសារ​តែមាន​ខ្យល់​ខ្លាំង បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 26 នាក់ត្រូវ​​បាត់​បង់ជីវិត។

    យោងតាម​សមត្ថកិច្ច​ប្រទេស​ហ្វ៊ី​លី​ពី​ន ខ្យល់​បក់បោក​ខ្លាំង​បណ្ដាលឱ្យ​កប៉ាល់​មួយគ្រឿង​លិច​នៅវេលា​ម៉ោង​ប្រហែល 13 ថ្ងៃទី 27 កក្កដា ពេល​ស្ថិតនៅ​តំបន់​ដែលមាន​ចម្ងាយ​ប្រហែល 45 គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​របស់​ទីរួមស្រុក Binangonan នៃ​ខេត្ត Rizal។ ហេតុការណ៍​នេះ​កើតឡើង​បន្ទាប់ពី​ព្យុះ Doksuri បោកបក់​ឆ្លងកាត់​ភាគ​ខាងជើង​ប្រទេសហ្វ៊ីលីពីន។

    «អ្នកដំណើរ​មានការ​ភ័យខ្លាច​នៅពេល​កប៉ាល់​ជួបនឹង​ខ្យល់​ខ្លាំង។ ពួកគេ​រត់​ទៅកាន់​ចំហៀង​ខាងឆ្វេង ធ្វើឱ្យ​កប៉ាល់​ក្រឡាប់» ឧត្ដមនាវីទោ Armando Balilo នៃ PCG ឱ្យដឹង​ដូច្នេះ។

    យោងតាម​សមត្ថកិច្ច​ទទួលបន្ទុក​ការសង្គ្រោះ កប៉ាល់​នេះ​ជួប​គ្រោះថ្នាក់​នៅពេល​ដឹក​អ្នកដំណើរ​ពី​ទីរួមស្រុក Binangonan ទៅកាន់​កោះ Talim។ លោក​បន្ថែមថា កម្លាំង​សង្គ្រោះបាន​ស្រង់​សាកសព​ចំនួន 23 នាក់ និង​សង្គ្រោះបាន 40 នាក់ ប៉ុន្តែ​នៅមាន​អ្នកដំណើរ 6 នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន។

    គិត​មក​ដល់​ពេល​នេះ តួលេខ​ខាង​លើបាន​កើន​ឡើង​មួយ​កម្រិត​ទៀត​ ក្នុង​នោះ​តួលេខ​អ្នក​​ស្លាប់​បាន​កើន​ដល់ 26 នាក់។

  • ម៉ូតូ​អគ្គិសនី​របស់​ជប៉ុន​នឹង​វាយ​លុក​ទីផ្សារ​​អាស៊ីអាគ្នេយ៍ឆាប់ៗ​នេះ

    ម៉ូតូ​អគ្គិសនី​របស់​ជប៉ុន​នឹង​វាយ​លុក​ទីផ្សារ​​អាស៊ីអាគ្នេយ៍ឆាប់ៗ​នេះ

    Honda Motor នឹង​បង្ហាញ​ម៉ូ​ដែល​នានា​របស់​ម៉ូតូ​អគ្គិសនី​ដំបូង​របស់ខ្លួន​នៅ​ឥណ្ឌូណេស៊ី ព្រោះ​ចាត់ទុកថា អាស៊ីអាគ្នេយ៍​គឺជា​ទីផ្សារ​ដែលមាន​សក្ដា​នុព​ល​ខ្លាំង​សម្រាប់​ម៉ូតូ​អគ្គិសនី។

    ម៉ូតូ​អគ្គិសនី​ប្រភេទ scooter ដែលមាន​ឈ្មោះថា EM1 e: របស់​ Honda ដែល​គ្រោង​នឹងត្រូវ​បានដាក់​លក់​នៅ​ប្រទេស​ជប៉ុន​នៅ​ចុងខែ​សីហា​ខាងមុខ ក៏​ជា​ម៉ូតូ​អគ្គិសនី​ដំបូង​ដែល Honda ផលិតឡើង​សម្រាប់​ទីផ្សារ​ឥណ្ឌូណេស៊ី។ ម៉ូតូ​ដែល​អាចឱ្យ​ធ្វើដំណើរ​បាន 53 គីឡូម៉ែត្រ​នេះ នឹងមាន​តម្លៃ​ប្រហែល 300,000 យេន (2,100 ដុល្លារ​អាម៉េរិក) នៅ​ប្រទេស​ជប៉ុន។

    បើ​ទោះ​ព័ត៌មាន​លម្អិត​ស្ដីពី​លក្ខណៈ​បច្ចេកទេស​របស់ EM1 e: មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង ប៉ុន្តែ តំណាង​របស់ Honda បាន​ហៅ​ម៉ូតូ​អគ្គិសនី​នេះ​ថា​ ជា​ម៉ូ​ដែល​មហាជន​ដំបូង​របស់​ខ្លួន។

    ក្រុមហ៊ុន Honda មាន​គម្រោង​បញ្ចេញ​ម៉ូតូ​អគ្គិសនី​ចំនួន 7 ម៉ូ​ដែល និង​លក់​ឱ្យបាន 3.5 លាន​គ្រឿង ចាប់ពីពេលនេះ​ដល់​ឆ្នាំ 2030 ហើយ​គ្រោង​នឹង​ផលិត​តែ​ម៉ូតូ​អគ្គិសនី​សុទ្ធ​នៅ​ពាក់កណ្ដាល​ទសវត្សរ៍ឆ្នាំ 2040៕